របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅឆមាសទី១ឆ្នាំ២០២៤នេះ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា មានការកើនឡើងប្រមាណ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កំណើននាំចេញនេះត្រូវបានធនាគារជាតិនៃកម្ពុជា វាយតម្លៃថា ដោយសារការកើនឡើងតម្រូវការខាងក្រៅ ជាពិសេសកំណើនសេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដូចជាសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ដែលវាបានផ្តល់សុទិដ្ឋិនិយមខ្ពស់ដល់ការងើបឡើងវិញនៃវិស័យកាត់ដេររបស់កម្ពុជា ដែលរំពឹងថា នឹងមានកំណើន៨,៦% នៅឆមាសទី២ឆ្នាំនេះ។
ពាក់ព័ន្ធកំណើននាំចេញក្នុងវិស័យកាត់ដេរនេះ លោក ហ្វា សាលី ប្រធានសហព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា ដូចជាផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ កាបូប និងស្បែកជើងនៅឆមាសទី១ឆ្នាំនេះ គឺពិតជាមានការកើនឡើងគួរឱ្យកត់សម្គាល់មែន។ តួយ៉ាងបច្ចុប្បន្នស្ថានភាពនៃការបំពេញការងាររបស់កម្មករ កម្មការិនី នៅតាមរោងចក្រសហគ្រាស គឺសុទ្ធតែមានសកម្មភាពមមារញឹកខ្លាំង ដែលបង្ហាញឱ្យឃើញពីការឆ្លើយតបនៃតម្រូវការបញ្ជាទិញច្រើនសម្រាប់នាំចេញ។
ម្យ៉ាងទៀត តាមរយៈការគោរពបានយ៉ាងខ្ជាប់ខ្ជួននូវសេរីភាពសហជីព និងសិទ្ធមនុស្សរបស់កម្ពុជា ក៏ជាកត្តាជំរុញឱ្យកម្ពុជាទទួលបានការបញ្ជាទិញនៅក្នុងវិស័យនេះមានការកើនឡើងផងដែរ។ ទោះបីយ៉ាងនេះក្តី អ្នកជំនាញរូបនេះ អះអាងថា ឧស្សាហកម្មកាត់ដេររបស់កម្ពុជា ក៏មានជួបនូវបញ្ហាប្រឈមមួយចំនួនដែរ ដូចជាថ្លៃដើមផលិតខ្ពស់ តម្លៃអគ្គិសនី និងតម្លៃភស្តុភារកម្មជាដើម។
ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភា្យកម្ពុជា បានគូសបញ្ជាក់ថា ការកើនឡើងនៃការនាំចេញផលិតកាត់ដេររបស់កម្ពុជា នៅឆមាសទី១ឆ្នាំនេះ គឺដោយសារតម្រូវបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជា ពីទីផ្សារអាម៉េរិក និងអឺរ៉ុបមានការកើនឡើង ដ្បិតថា ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារទាំងនោះនៅតែរក្សាបានភាពល្អប្រសើរ ខណៈផលិតផលរបស់កម្ពុជា នៅតែធានាបាននូវគុណភាពល្អទៅតាមតម្រូវការរបស់អ្នកបញ្ជាទិញ។ តាមរយៈកំណើននាំចេញនៅឆមាសទី១នេះ អ្នកជំនាញរូបនេះជឿជាក់ថា នៅពេញមួយឆ្នាំ២០២៤នេះ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរកម្ពុជា នឹងមានកំណើនខ្ពស់បន្ថែមទៀត។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤នេះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ កើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន៕