កម្ពុជា នៅតែបន្តមានឱនភាពពាណិជ្ជកម្មខ្ពស់ជាមួយអ្នកក្បែរខាងថៃ នៅក្នុងឆ្នាំ២០២៤ នេះ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជានៅតែមានតម្រូវការខ្ពស់ក្នុងការនាំចូលទំនិញពីប្រទេសថៃ។ ជុំវិញបញ្ហានេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការលម្អៀងលើការនាំចូល ឬនាំចេញក្នុងរង្វង់ដៃគូពាណិជ្ជកម្ម វាជារឿងធម្មតាសម្រាប់ការធ្វើពាណិជ្ជកម្មនៅលើពិភពលោក។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យកម្ពុជា មានឱនភាពពាណិជ្ជកម្មខ្ពស់ជាមួយថៃ ក៏ដោយសារកម្ពុជា មានតម្រូវការវត្ថុធាតុដើមខ្ពស់ពីប្រទេសនេះ សម្រាប់យកមកកែច្នៃ ដើម្បីនាំចេញ។
ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ឱនភាពពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសថៃនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ផលិតផលថៃ នៅតែមានឥទ្ធិពលមកលើទីផ្សារកម្ពុជា ដោយសារពលរដ្ឋកម្ពុជា មានតម្រូវការខ្ពស់លើផលិតផលថៃ។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ កំណើនហូរចូលទំនិញថៃ មកកាន់ទីផ្សារកម្ពុជានេះមិនមែនទើបនឹងកើតឡើងនោះទេ ពោលគឺវាបានកើតឡើងក្រោយពីសង្រ្គាមនៅកម្ពុជា ត្រូវបានបញ្ចប់មកម្ល៉េះ។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ កម្ពុជាគួរតែដាក់ចេញនូវផែនការណាមួយ ដើម្បីធ្វើយ៉ាងណាឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសក្បែរខាងនេះ កាន់តែមានតុល្យភាពបន្ថែមទៀត។
ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជាត្រូវពង្រឹងការផលិតនៅក្នុងវិស័យ SME ឱ្យកាន់តែមានគុណភាព និងតម្លៃសមរម្យ ហើយពលរដ្ឋត្រូវចូលរួមជួយគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងជាការលើកទឹកចិត្តដល់ផលិតករកម្ពុជា។ លើសពីនេះ កម្ពុជា ក៏ត្រូវគ្រប់គ្រងឱ្យបានល្អចំពោះទំនិញនាំចូលរួចពន្ធ បើពុំដូច្នេះទេ ផលិតផលរបស់កម្ពុជានឹងពុំអាចប្រកួតប្រជែងលើទីផ្សារបាននោះឡើយ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៤ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជានិងថៃ មានទំហំសរុបជាង៣ពាន់៩រយលានដុល្លារ កើនឡើងប្រមាណ១៥% ក្នុងនោះកម្ពុជានាំចូលពីថៃមានទំហំរហូតដល់ជាង៣ពាន់១រយលានដុល្លារកើនឡើង១៨% ខណៈកម្ពុជានាំចេញទៅថៃមានទំហំជាង៧៧៩លានដុល្លារតែប៉ុណ្ណោះ កើនឡើងជាង៣%។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា