នៅក្នុងពិធី“សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានាព្រឹកថ្ងៃទី២ ខែឧសភា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានមហិច្ឆតាប្រែក្លាយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលផលិត និងចែកគ្រឿងបង្គុំយានយន្ត និងបរិក្ខាអគ្គិសនី ដ៏ធំមួយនៅក្នុងតំបន់អាស៊ាននាពេលអនាគត។ ដើម្បីឈានទៅសម្រេចគោលដៅដ៏ធំមហិមានេះកម្ពុជាបានកំណត់ជាអាទិភាពការងារតាមផ្នែកចំនួន៥ រួមមានយុទ្ធសាស្រ្ត និងការសម្របសម្រួលអន្តរស្ថាប័ន ធនធានមនុស្ស និងនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច និងការវិនិយោគ។
ទន្ទឹមនឹងក្រុមហ៊ុនតូយ៉ូតាសម្ពោធបើករោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកតូយ៉ូតានៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន តូយ៉ូតា សិក្សាលើសក្ដានុពល និងពង្រីកលទ្ធភាពក្នុងការប្រើប្រាស់ផលិតផលវត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុក តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន និងសិប្បកម្មនានា ព្រោះកិច្ចការនេះនឹងជួយដល់ការលើកកម្ពស់ដល់វិស័យសហគ្រាសធុនតូច និងធម្យម។
យ៉ាងណាមិញសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា តាមរយៈវត្តមានរបស់រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា ដែលជាក្រុមហ៊ុនដ៏ធំមួយនៅលើពិភពលោកវានឹងជួយស្រូបទាញវិនិយោគិនបរទេសឱ្យមកសិក្សាសក្តានុពល និងបោះទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លើសពីនេះវត្តមានរោងចក្រនេះ ក៏ជាសញ្ញាវិជ្ជមានបង្ហាញពីការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា និងជាសក្ខីភាពបង្ហាញពីជឿទុកចិត្តរបស់វិនិយោគិនមកលើសក្ដានុពលវិនិយោគ និងស្ថិរភាពនយោបាយនៅកម្ពុជាផងដែរ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ