ដូច្នេះហើយ កម្ពុជានំាចូលបន្លែប្រមាណជាង ៥០ភាគរយពីក្រៅប្រទេស ភាគច្រើនមកពីប្រទេសវៀតណាម ថៃ និងមួយផ្នែកទៀតនាំចូលមកពីប្រទេសចិន ដើម្បីបម្រើឲ្យសេចក្តីត្រូវការចាំបាច់ក្នុងទីផ្សារកម្ពុជា។
នេះបើយោងតាមរបាយការណ៍អង្គការស្បៀងអាហារនិងកសិកម្ម (FAO) ដែលលោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើហ្វេកប៊ុករបស់លោក។
របាយការណ៍ដដែលបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាមានចំនួនប្រមាណ ១៥,៨លាននាក់ ក្នុងម្នាក់ៗបរិភោគបន្លែប្រមាណ ៧៣គីឡូក្រាមក្នុងមួយឆ្នាំ។
បើយោងតាមការអង្កេតពីគម្រោងជំរុញផលិតកម្មស្បៀង កម្ពុជាបាននាំចូលបន្លែពីប្រទេសជិតខាងដែលមានតម្លៃ ១៥០លានដុលា្លរអាមេរិកក្នុងមួយឆ្នាំ ដែលមានបរិមាណបន្លែ ២០០តោន ក្នុងមួយថ្ងៃ។ ប៉ុន្តែ លោក ហ៊ាន វណ្ណហន បានលើកឡើងថា បរិមាណនេះមានការថយចុះនៅពេលដែលបន្លែផលិតបានច្រើនក្នុងស្រុក ពិសេសនៅរដូវរំហើយ។
យោងតាមការស្ទាបស្ទង់បានបង្ហាញថា នៅពេលដែលផលិតផលមានបរិមាណច្រើននៅក្នុងស្រុក ឈ្មួញនំាចូលតែងតែអុកឡុកទម្លាក់តម្លៃ ធ្វើឲ្យផលិតផលកសិករខ្មែរជនជោរនៅលើផ្សារ ដាក់គំនាបលើកសិករដោយដាក់តម្លៃទាប។ កសិករក៏ដូចជាអាជីវករខ្មែរ ជារឿយៗ ទទូចស្នើសុំដល់រដ្ឋាភិបាលឲ្យមានការរឹតបន្តឹងការនំាចូលបន្លែពីប្រទេសជិតខាង ដោយតម្រូវឲ្យមានការត្រួតពិនិត្យត្រឹមត្រូវលើគុណភាព ដែលបន្លែនាំចូលភាគច្រើនប្រើប្រាស់សារធាតុគីមី។
លោក ហ៊ាន វណ្ណហន បានបញ្ជាក់ថា បន្លែភាគច្រើនដែលនាំចូលមកពីប្រទេសវៀតណាម ថៃ និង ចិន មានដូចជា ដំឡូងបារំាង ការ៉ុត មើមខ្ទឹមបារំាង ខ្ទឹមស ប៉េងបោះ ស្ពៃក្តោប ជាដើម។ បន្លែទំាងអស់នេះ ភាគច្រើនមិនសមស្របនឹងអាកាសធាតុនៅកម្ពុជា ហើយចំណាយដើមទុនផលិតខ្ពស់។
បន្លែនំាចូលពីប្រទេសក្រៅទាំងអស់នេះ នាំចូលច្រើនចាប់ពីខែមេសា ដល់ខែតុលា ហើយភាគច្រើនសំដៅមកទីក្រុងភ្នំពេញ ពិសេសផ្សារដើមគរ ផ្សារនាគមាស និង ចែកចាយបន្តនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងបន្តទៅតាមបណ្តាខេត្តផ្សេងៗទៀត។
ដោយឡែកកម្ពុជាវិញ ខេត្តដែលដាំបន្លែផ្គត់ផ្គង់ក្នុងស្រុកជាងច្រើនគេ មានដូចជា ខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង សៀមរាប កំពត កំពង់ស្ពឺ ស្វាយរៀង និង តាកែវ ដែលមានផ្ទៃដីដាំដុះបន្លែប្រមាណ ៥៧ភាគរយ នៃផ្ទៃដីសរុបទូទំាងប្រទេសកម្ពុជា។
តើមូលហេតុអ្វីបានជាប្រទេសកសិកម្មមួយនេះ នាំចូលបន្លែផ្លែឈើ ពីប្រទេសជិតខាងច្រើនសន្ធឹកសន្ធាប់យ៉ាងដូច្នេះ? ពលរដ្ឋខ្មែរខ្ជិលមែនទេ? តើដំាមិនបានផលមែនឬទេ? ដំាហើយគ្មានទីផ្សារមែនឬទេ? រដ្ឋាភិបាលគ្មានការគាំទ្រផ្នែកបច្ចេកទេសស្វែងរកទីផ្សារមែនឬទេ?
សំណួរទាំងអស់នេះ សារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស នឹងធ្វើការសាកសួរអ្នកជំនាញក្នុងវិស័យកសិកម្ម និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចុះផ្សាយជាបន្តបន្ទាប់ពេលក្រោយទៀត៕