សម្រាប់អ្នកជំនាញសេដ្ឋកិច្ច ការធ្លាក់ចុះទំហំកិច្ចពាណិជ្ជកម្មកម្ពុជា-អន្តរជាតិនេះ មិនមែនជាបញ្ហាថ្មីនោះទេ ក្រោយពិភពលោកបានជួបនូវបញ្ហាប្រឈមជាបន្តបន្ទាប់ ជាពិសេសបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាសាកលផ្សេងៗទៀត។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាកម្ពុជាបានគូសបញ្ជាក់ថា បញ្ហាប្រឈមដែលធ្វើឲ្យការដោះដូរពាណិជ្ជកម្មកម្ពុជា-អន្តរជាតិនៅតែបន្តធ្លាក់ចុះ គឺដោយសារឥទ្ធិពលនៃវិបត្តិសកល ពិសេសបញ្ហាសង្រ្គាមនៅអ៊ុយក្រែននៅតែបន្តអូសបន្លាយ និងបញ្ហាអតិផរណា ដែលធ្វើឲ្យតម្រូវការបញ្ជាទិញទំនិញរបស់កម្ពុជាពីទីផ្សារគោលដៅមួយចំនួនមានការថយចុះ ជាពិសេសទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកតែម្ដង។
តែយ៉ាងណាអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ការដោះដូរពាណិជ្ជកម្មករវាងម្ពុជាជាមួយទីផ្សារចិនហាក់បានបង្ហាញកំណើនវិជ្ជមានឡើងវិញនៅប៉ុន្មានខែកន្លងមកនេះ។ កំណើនទំហំពាណិជ្ជកម្មកម្ពុជា-ចិនមានការកើនឡើងនេះ ត្រូវបានអ្នកឧកញ៉ា លឹម ហេង អះអាងថា ក៏ដោយសារតែកម្ពុជា-ចិនមានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាល្អ ពិសេសមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាមួយគ្នា។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាយល់ឃើញថា ការឡើងចុះទំហំដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗ វាជារឿងធម្មតាក្នុងការធ្វើពាណិជ្ជកម្ម។ សម្រាប់អ្នកជំនាញរូបនេះ ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិនៅ៧ខែឆ្នាំនេះ ក៏មិនមែនជាបញ្ហាថ្មីនោះដែរ បន្ទាប់ពីពិភពលោកបានជួបនូវបញ្ហាប្រឈមជាបន្តបន្ទាប់។ ប៉ុន្តែអ្នកជំនាញរូបនេះកត់សម្កាល់ឃើញថា ទោះបីការនាំចេញទំនិញកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងសហគមអឺរ៉ុបមានការធ្លាក់ចុះដោយសារតម្រូវការប្រើប្រាស់នៅទីនោះមានការថយថយក៏ពិតមែន ប៉ុន្តែការដោះដូរពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសក្នុងក្របខណ្ឌអាសិប (RCEP) មួយចំនួនហាក់មានស្ថានភាពល្អប្រសើរឡើងវិញ ជាក់ស្តែងដូចជាការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារសិង្ហបុរីនៅ៧ខែឆ្នាំនេះ គឺសុទ្ធតែមានការកើនឡើងត្រឡប់មកវិញ។
សូមជម្រាបថា នៅរយៈពេល៧ខែឆ្នាំនេះ ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណ៧ពាន់លានដុល្លារកើនឡើងជិត២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈសហរដ្ឋអាមេរិកស្ថិតក្នុងចំណាត់ថ្នាក់លេខ២បន្ទាប់ពីចិន មានទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារធ្លាក់ចុះប្រមាណ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែអាមេរិកជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។ ការដោះដូរពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ថៃ និងជប៉ុន គឺសុទ្ធតែមានការធ្លាក់ចុះដូចគ្នា។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕