ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ប្រាប់ ខេមបូណូមីសថា គិតចាប់ពីខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន ក្រសួងបរិស្ថានបានទទួលប្រាក់ចំណូលពីការលក់ឥណទានកាបូនពីគម្រោងចំនួន៣នៅក្នុងវិស័យព្រៃឈើសរុបចំនួន៦លាន៤សែនដុល្លារ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ គម្រោងដែលកំពុងអនុវត្តរួមមាន គម្រោងរេដបូកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា លើផ្ទៃដីព្រៃឈើជាង២៩ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្រ្តនៃខេត្តមណ្ឌលគិរី និងខេត្តក្រចះ និងគម្រោងរេដបូកក្រវាញខាងត្បូងស្ថិតក្នុងតំបន់ការពារធម្មជាតិក្រវាញខាងត្បូង និងតាតៃ លើផ្ទៃដីព្រៃឈើជាង៥៥ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តពោធិ៍សាត់ ព្រមទាំងគម្រោងរេដបូកព្រៃឡង់ ស្ថិតក្នុងតំបន់ ការពារធម្មជាតិព្រៃឡង់មានផ្ទៃដីព្រៃឈើជាង៤៣ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ។ ជាមួយគ្នានេះ កម្ពុជាបានធ្វើសវនកម្មគម្រោងរេដបូក និងបានពិនិត្យឃើញថា ព្រៃឈើក្នុងគម្រោងរេដបូកត្រូវបានការពារបានយ៉ាងល្អប្រសើរ ហើយគម្រោងនេះ កំពុងទទួលបានការគាំទ្រ និងរៀបចំគម្រោងឥណទានកាបូនព្រៃឈើនៅជាង១០កន្លែងផ្សេងទៀតនៅទូទាំងប្រទេស។
ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រាក់ចំណូលបានពីការលក់ឥណទានកាបូន អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបានគូសបញ្ជាក់ថា ត្រូវបានយកទៅជួយដល់ការងារអាទិភាពចំនួន២ ដូចជាការការពារព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍។ បើតាមការអះអាងរបស់ឯកឧត្តម ខ្វៃ អាទិត្យា ក្រសួងបរិស្ថានកំពុងធ្វើសុក្រឹត្យកម្ម បរិស្ថានកិច្ច និងពង្រីកវិសាលភាពនៃគម្រោងឥណទានកាបូននៅក្រៅវិស័យព្រៃឈើបន្ថែមទៀត ខណៈគម្រោងឥណទានកាបូននៅកម្ពុជាមិនត្រឹមតែបង្កើតប្រាក់ចំណូល ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចសហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់គុណភាពបរិស្ថានជាតិ ឆ្ពោះទៅកាន់អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ និងចូលរួមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកលផងដែរ៕
អត្ថបទ៖ បូ ដូឡា