សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈសារសំឡេងពិសេសនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានសម្ដែងការសោកស្ដាយចំពោះមរណភាពរបស់និស្សិតខ្មែរម្នាក់លើទឹកដីអ៊ីស្រាអែល ដោយសារការប្រយុទ្ធគ្នារវាងអាជ្ញាធរអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ ភ្លាមៗក្រោយហេតុការណ៍អកុសលនេះកើតឡើង រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរនៃរដ្ឋាភិបាល អ៊ីស្រាអែល ដើម្បីជួយសម្របសម្រួលនាំនិស្សិត និងពលរដ្ឋខ្មែរ នៅតំបន់ប្រឈមមុខគ្នាទៅទីកន្លែងសុវត្ថិភាព។ ក្រោយមានការអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរអ៊ីស្រាអែល បានជួយសង្រ្គោះនិស្សិតខ្មែរបានចំនួន៣រូបក្នុងចំណោម៤រូប ដែលមានម្នាក់បានស្លាប់ ចេញពីតំបន់ក្រហម និងកំពុងស្នាក់នៅក្នុងកុងស៊ុលកិត្តិយសរបស់កម្ពុជា នាប្រទេសអ៊ីស្រាអែល ។
ទាក់ទងនឹងករណីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីផ្ដល់ការការពារសុវត្ថិភាពដល់និស្សិត និងពលរដ្ឋខ្មែរ ព្រមទាំងធ្វើទំនាក់ទំនង ដើម្បីដឹងពីសុខទុក្ខ និងឈានដល់កិច្ចសម្របសម្រួលក្នុងករណីចាំបាច់នានា។ ទន្ទឹមនឹងនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យនិស្សិត និងពលរដ្ឋខ្មែររស់នៅអ៊ីស្រាអែល បង្កើនការប្រុងប្រយ័ត្ន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ក្នុងកាលៈទេសៈកំពុងមានការប្រយុទ្ធគ្នានេះ។
ជុំវិញបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ក្នុងសារសំឡេងពិសេស ដោយអំពាវនាវដល់និស្សិត និងពលរដ្ឋ ដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេស អ៊ីស្រាអែល ត្រូវធ្វើយ៉ាងណាការពារសុវត្ថិភាពផ្ទាល់ខ្លួន និងស្ដាប់ការណែនាំរបស់អាជ្ញាធរនៅទីនោះ។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស ជាមួយអាជ្ញាធរអ៊ីស្រាអែល គឺជាការប្រយុទ្ធទ្រង់ទ្រាយធំ ដែលពុំធ្លាប់មានពីមុនមក។ ទោះបីជាបែបនេះក្តី អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់អាណាព្យាបាលរបស់ជនរងគ្រោះឱ្យស្ងប់ចិត្ត ដ្បិតរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយលើបញ្ហានេះ។
បើតាមការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បច្ចុប្បន្នមាននិស្សិត និងពលរដ្ឋខ្មែរកំពុងសិក្សា និងរស់នៅប្រទេសអ៊ីស្រាអែល ប្រមាណ៤០០នាក់ ហើយក្រសួងពាក់ព័ន្ធកំពុងតាមដានស្ថានការណ៍នេះដោយយកចិត្តទុកដាក់ជាប់ជាប្រចាំ៕
អត្ថបទ ៖ បូ ដូឡា