កំពង់ផែទេសចរណ៍

ថ្នាក់ដឹកនាំខេត្តកោះកុងរំពឹងកំពង់ផែដងទង់តម្លៃជាង៣លានដុល្លារ ជួយជំរុញកំណើនភ្ញៀវទេសចរ និងសេដ្ឋកិច្ច


លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងមានសុទិដ្ឋិនិយមខ្ពស់ចំពោះកំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រឹកមិញ ក្នុងការជួយធ្វើឲ្យប្រសើរឡើងនូវវិស័យទេសចរណ៍ សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរវាងខេត្តកោះកុងជាមួយប្រទេសថៃ។
កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់តម្លៃជាង៣លានដុល្លារត្រូវបានដាក់ឲ្យដំណើរការ

កំពង់ផែ ដែលមានតម្លៃវិនិយោគជិត១៣ពាន់លានរៀល ឬជាង៣លានដុល្លារនេះមានជម្រៅ៨ម៉ែត្រ ដែលអនុញ្ញាតឲ្យនាវាផ្ទុកទំនិញទម្ងន់២ពាន់តោនអាចចចូលចតបាន។ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកកំពង់ផែនេះ គឺជាចំណែកមួយសម្រាប់តភ្ជាប់ និងធ្វើឲ្យកាន់តែមានភាពសម្បូរបែបនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រក្នុងជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា។ កំពង់ផែនេះ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការដឹកជញ្ជូនទំនិញ ការដឹកអ្នកដំណើរ និងភ្ញៀវទេសចរនៅតាមតំបន់ឆ្នេរសមុទ្រប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់។

កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ ដែលមានតម្លៃវិនិយោគជិត១៣ពាន់លានរៀល ឬស្មើនឹងជាង៣លានដុល្លារ ដែលជាថវិការបស់រាជរដ្ឋាភិបាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងថ្នាក់ដឹកនាំខេត្តកោះកុង។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងរំពឹងថា កំពង់ផែនេះនឹងរួមចំណែកជួយធ្វើឲ្យវិស័យទេសចរណ៍ សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ខេត្តកុងឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដ្បិតកំពង់ផែនេះមានការតភ្ជាប់ជាមួយខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា និងប្រទេសថៃ។ លោកជំទាវជឿជាក់ថា កំពង់ផែនេះក្លាយជាមេដែកក្នុងការជួយស្រូបទាញភ្ញៀវទេសជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅខេត្តកោះកុងកាន់តែច្រើនបន្ថែមទៀត។

ពាក់ព័ន្ធនឹងស្ថានភាពវិស័យទេសចរណ៍លោកក្នុងខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អះអាងថា ស្ថានភាពវិស័យទេសចរណ៍នៅខេត្តកោះកុងមកទល់ពេលនេះមានភាពល្អប្រសើរឡើងវិញហើយ ហើយចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅខេត្តជាប់មាត់សមុទ្រនៅភាគនិរតីមួយនេះ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ បន្ទាប់ពីកម្ពុជាបានបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ ក្រោយស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយ។ ក្រៅពីតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់តាតៃ ព្រៃកោងកាង និងតំបន់ទេសចរណ៍ឆ្នេរសមុទ្រ ខេត្តនេះក៏មានតំបន់ទេសចរណ៍តាមកោះផងដែរ។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ គឺជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រនៅក្នុងខេត្តតំបន់ឆ្នេរទាំង៤របស់កម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គរួមមានកម្ពុជា ថៃ និងវៀតណាម។ លើសពីនេះកំពង់ផែនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ដឹកអ្នកដំណើរ និងភ្ញៀវទេសចរនៅតាមតំបន់ឆ្នេរសមុទ្រ ហើយវាក៏ជាផ្នែកមួយក្នុងការជួយទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរឲ្យមកកម្សាន្តនៅខេត្តនេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ក្រៅពីកំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ ខេត្តកោះកុងក៏នឹងទទួលបានហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ពីរខ្សែទៀតផងដែរ រួមមានផ្លូវជាតិលេខ៤៨ និងផ្លូវជាតិ១០ ដែលកំពុងសម្រុកការសាងសង់។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ មកទល់ពេលនេះផ្លូវជាតិលេខ៤៨ ដែលមានប្រវែង១៤៨គីឡូម៉ែត្រតភ្ជាប់រវាងក្រុមខេមរភូមិន្ទខេត្តកោះកុងទៅផ្លូវជាតិលេខ៤បានសម្រេចការសាងសង់បានប្រមាណ៣១% ហើយ។ ចំណែកផ្លូវជាតិលេខ១០ មានប្រវែងជាង១៩៨ គីឡូម៉ែត្រ ដែលតភ្ជាប់ពីខេត្តកោះកុងទៅកាន់ខេត្តពោធិ៍សាត់ និងបន្តដល់ស្រុកសំឡូតខេត្តបាត់ដំបងបានសម្រេចការសាងសង់ប្រមាណ៦០% ដែលគ្រោងបញ្ចប់ក្នុងពេលឆាប់ខាងមុខនេះ។

បើតាមរបាយការណ៍ដែលអានដោយឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់មានបណ្តោយប្រវែង១១៥ម៉ែត្រ ទទឹង១៦,៥ម៉ែត្រ និងមានជម្រៅ៨ម៉ែត្រ ដែលអាចអនុញ្ញាតឲ្យនាវាផ្ទុកទំនិញទម្ងន់២ពាន់តោនអាចចូលចតបាន។ កំពង់ផែដែលស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនេះ ត្រូវបានសាងសង់ជាពីរដំណាក់កាលជាមួយទុនវិនិយោគជាតិជិត១៣ពាន់លានរៀល ឬស្មើនឹងជាង៣លានដុល្លារ៕




អត្ថបទបន្ទាប់


ក្រុម ហ៊ុនបច្ចេកវិទ្យា អាមេរិក មីក្រុង ដែលចិនហាមឃាត់ នឹងវិនិយោគ ៨២៥ លាន ដុល្លារ ផលិត បន្ទះ ឈីប នៅ ឥណ្ឌា

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក មីក្រុង (Micron) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួននឹងវិនិយោគទុន ចំនួន ៨២៥ លានដុល្លារ នៅក្នុងប្…

ជប៉ុនស្នើឱ្យក្រុមហ៊ុនជាប់កិច្ចសន្យាជាមួយរដ្ឋាភិបាលគោរពច្បាប់សន្តិសុខអ៊ិនធឺណិត របស់អាមេរិក

ព័ត៌មាន
សារ ព័ត៌ មាន ជប៉ុន នីកេអេស៊ា រាយ ការណ៍ ថា ប្រទេសជប៉ុននឹងតម្រូវឱ្យក្រុម ហ៊ុន ជាប់ កិច្ច សន្យា ជាមួយរដ្ឋាភិបាល ទាំង អស់ បំពេញតាមគោលកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ