គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ

តើគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ មានការវិវត្តន៍ដល់ណាហើយ?


គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េពី ចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រ ដែលបានចុះហត្ថលេខាផ្តល់ និងទទួលហិរញ្ញប្បទានរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ តាំងពីឆ្នាំ២០២២ កន្លងទៅ ត្រូវបានមន្រ្តីអះអាងថា នៅតែបន្តដំណើរការទៅមុខ និងកំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ ពាក់ព័ន្ធគម្រោងនេះត្រូវបានគេរំពឹងថា នឹងក្លាយជារបៀបវារៈក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំកម្ពុជាជាមួយថ្នាក់ដឹកនាំកូរ៉េ ក្នុងអំឡុងពេលសម្តេចធិបតីបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ។
គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ
ដោយ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចាក់ប្រាប់ខេមបូណូមីសថា បច្ចុប្បន្នគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ កំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដែលបានជាប់ក្នុងដំណាក់កាលជម្រុះកាលពីពេលកន្លងទៅ។ បើតាមអ្នកនាំពាក្យរូបនេះ ផលប៉ះពាល់នៅក្នុងគម្រោងនេះត្រូវបានសិក្សា និងមានរបាយការណ៍សិក្សាបឋមរួចហើយ ដោយស្ថិតក្នុងគម្រោងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយផលប៉ះពាល់ទាំងអស់នោះរដ្ឋនឹងដោះស្រាយតាមយន្តការការងាររបស់រាជរដ្ឋាភិបាល។ តែយ៉ាងណាអ្នកនាំពាក្យរូបនេះបានគូសបញ្ចាក់ថា មកទល់ពេលនេះដំណើរការបើកការដ្ឋានសាងសង់មិនទាន់អាចបញ្ជាក់បាននៅឡើយទេ។

យ៉ាងណាក៏ដោយនៅក្នុងជំនួបជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលកន្លងទៅ លោក ផាក ជុងវ៉ុក (H.E. Mr. Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាបានលើកឡើងថា គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ ត្រូវបានរំពឹងថា អាចនឹងបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២៥ ខាងមុខនេះ។

គម្រោងជាប្រវត្តិសាស្ត្រនេះត្រូវបានគេរំពឹងថា អាចនឹងក្លាយជារបៀបវារៈមួយនៃជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយថ្នាក់ដឹកនាំកូរ៉េខាងត្បូង ក្នុងអំឡុងពេលសម្តេចបំពេញទស្សនកិច្ចនៅប្រទេសនេះ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងនេះ វានឹងជួយពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត ហើយក៏នឹងជួយទាក់ទាញអ្នកវិនិយោគកូរ៉េមកកម្ពុជាបន្ថែមទៀតផងដែរ។

​សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ សភាពាណិជ្ជកម្មកម្ពុជានឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ និងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះដែរ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន សាមស៊ុង និងទៅមើលរោងចក្រចម្រាញ់ប្រេងពីគ្រាប់ស្វាយចន្ទី និងការចូលរួមសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ដែលធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូងផងដែរ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ឥឡូវនេះ Vietjet ហោះហើរទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា៖ ជម្រើសថ្មីរបស់អ្នកដំណើរកម្ពុជា ដើម្បីទៅទស្សនាទីក្រុងដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន

ភ្នំពេញ ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការបើកដំណើរការផ្លូវហោះហើរត្រង់តភ្ជាប់ទី…

សម្តេច ហ៊ុន ម៉ាណែត ចាត់ឱ្យមេធាវីរាជរដ្ឋាភិបាល ការពារប្រយោជន៍ដល់ពលរដ្ឋរងគ្រោះជុំវិញសំណុំរឿងឆ.បោ.ករបស់បុគ្គល ឡេង ចាន់ណា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកគម្រោងអភិវឌ្ឍន៍អលចនទ្រព្យរបស់ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់បុគ្គល ឡេង ចាន់ណា គឺ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ