វិស័យអប់រំ

អ្នកជំនាញចាត់ទុកសញ្ញាបត្រក្លែងក្លាយជាឃាតករលាក់មុខសម្លាប់ទឹកចិត្តសិស្ស-និស្សិត និងប្រព័ន្ធអប់រំ


សញ្ញាបត្រមានតែឈ្មោះ តែគ្មានចំណេះដឹងពិតប្រាកដ ឬសញ្ញាបត្រក្លែងក្លាយ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក​ដែលធ្វើឱ្យមហាជនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះវាជាមេរោគដង្កូវស៊ីរូងផ្ទៃក្នុងដែលអាចលូនចូលទៅបំផ្លាញទាំងវិស័យរដ្ឋ និងឯកជន។ ក្រុមអ្នកតាមដានស្ថានការណ៍សង្គម បានព្រមានថា ការទិញ-លក់សញ្ញាបត្រក្លែងក្លាយនេះមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែវាជាជំងឺរ៉ាំរ៉ៃ ដែលជះឥទ្ធិពលអាក្រក់បំផុតដល់តម្លៃ នៃការអប់រំ និងប្រសិទ្ធភាពការងារក្នុងសង្គម។
វិស័យអប់រំ
ដោយ

ស្របពេលដែលការក្លែងបន្លំកាន់តែមានល្បិចកលខ្ពស់ អ្នកជំនាញបានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡាចាប់ដៃគ្នាជាបន្ទាន់ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីធ្វើបដិវត្តឌីជីថល ចងក្រងប្រព័ន្ធផ្ទុកទិន្នន័យសញ្ញាបត្រជាតិ ឱ្យមានតម្លាភាព។ តើក្រសួងគួរមានវិធានការត្រួតពិនិត្យយ៉ាងណាខ្លះ ដើម្បីបង្កើនប្រសិទ្ធិភាព?

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមបានគូសបញ្ជាក់ថា ការបញ្ជាទិញសញ្ញាបត្រក្លែងក្លាយនឹងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃ និងគុណភាពនៃការអប់រំ។ ហេតុផលសាមញ្ញបំផុត គឺអ្នកដែលទិញសញ្ញាបត្រទាំងនោះ មិនដែលបានឆ្លងកាត់ការបណ្តុះបណ្តាល ឬខំប្រឹងស្រាវជ្រាវពិតប្រាកដឡើយ ហើយប្រសិនបើមនុស្សជំពូកនេះចូលទៅបម្រើការងារក្នុងស្ថាប័នរដ្ឋ ឬក្រុមហ៊ុនឯកជន ពួកគេនឹងក្លាយជាបន្ទុកសង្គម ដែលគ្មានប្រសិទ្ធភាពការងារ និងអាចដឹកនាំស្ថាប័នឱ្យជួបមហន្តរាយទៀតផង។ អ្នកជំនាញរូបនេះបានព្រមានថា ប្រព័ន្ធអប់រំរបស់កម្ពុជា នឹងត្រូវរងភាពអាប់ឱន និងបាត់បង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ប្រសិនបើនៅតែបណ្តែតបណ្តោយឱ្យមានករណីនេះបន្តកើតមាន។ អ្វីដែលត្រូវធ្វើចំពោះមុខ គឺការវែករកមុខមេខ្លោងបង្កើតសញ្ញាបត្រក្លែងក្លាយ ហើយរដ្ឋាភិបាលត្រូវតែធ្វើកំណែទម្រង់ដោយបង្កើតប្រព័ន្ធផ្ទុកទិន្នន័យសញ្ញាបត្រជាតិ។

ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ក៏បានសង្កេតឃើញដែរថា ការលួចបន្លំសញ្ញាបត្រនេះធ្លាប់មានឫសគល់តាំងពីយូរមកហើយ ដើម្បីបម្រើផលប្រយោជន៍បុគ្គល និងភាពមានបានផ្ទាល់ខ្លួន។ លោកបានវាយតម្លៃថា សកលវិទ្យាល័យនីមួយៗមិនអាចចេញសញ្ញាបត្រក្លែងក្លាយនេះបាននោះទេ បើគ្មានការគប់គិត បើកដៃ ឬកេងប្រវ័ញ្ចស្វែងរកផលចំណេញពីសំណាក់បុគ្គលពុករលួយមួយចំនួន ដែលជ្រកក្រោមស្លាកអ្នកអប់រំនោះ។

ដើម្បីលុបបំបាត់ការសូកប៉ាន់ និងអំពើពុករលួយនេះលោក សេក សុជាតិ យល់ថា ក្រសួងអប់រំត្រូវតែសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា QR Code មិនអាចកែបន្លំបាន ឬប្រព័ន្ធ Blockchain មកគ្រប់គ្រងសញ្ញាបត្រ ដែលនេះជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងទប់ស្កាត់ការក្លែងបន្លំពីខាងក្រៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬដែលមហាជនស្គាល់ថា សាលាតិចណូ (ITC) បានចេញលិខិតបដិសេធជាផ្លូវការមួយបន្ទាប់ពីបានរកឃើញករណីក្លែងបន្លំសញ្ញាបត្រកម្រិតធ្ងន់ធ្ងរមួយ។ នៅក្នុងលិខិតនោះ សាលាតិចណូបានប្រកាសថា សញ្ញាបត្រដែលមានអត្តសញ្ញាណឈ្មោះ ណន សីហា ភេទប្រុសកើតថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៩៣ គឺជាសញ្ញាបត្រក្លែងក្លាយទាំងស្រុង ដែលមិនមែនចេញដោយវិទ្យាស្ថានឡើយ។ វិទ្យាស្ថាន ក៏បានអំពាវនាវ និងស្នើសុំយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះករណីនេះ។

ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បានបញ្ជាក់ថា ការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ត្រូវបានផ្ទៀងផ្ទាត់លើសញ្ញាបត្រវិស្វកម្ម ដែលមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។ ករណីឈ្មោះ ណន សីហា ដែលបានអនុម័តនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយផ្អែកលើសញ្ញាបត្រវិស្វកម្ម ដែលមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។ ក្រោយពីទទួលបានលិខិតបដិសេធរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នឹងរៀបចំនីតិវិធីច្បាប់ក្នុងការចេញសេចក្ដីសម្រេចលុបឈ្មោះ ណន សីហា ចេញពីបញ្ជីឈ្មោះវិស្វកររបស់គណៈវិស្វករកម្ពុជា។ សរុបមកបញ្ហាសញ្ញាបត្រក្លែងក្លាយ មិនមែនត្រឹមតែជាបទល្មើសព្រហ្មទណ្ឌធម្មតានោះទេ ប៉ុន្តែវាជាឃាតករលាក់មុខ ដែលកំពុងសម្លាប់ទឹកចិត្តសិស្ស-និស្សិត ដែលខំប្រឹងរៀនសូត្រពិតប្រាកដ និងបំផ្លាញទំនុកចិត្តលើប្រព័ន្ធអប់រំទាំងមូល៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជា នាំចេញទុរេនទៅចិន ប្រមាណ១,១០០តោន ដោយរកចំណូលបានជាង៣លានដុល្លារ

ផ្លែទុរេនស្រស់របស់កម្ពុជា ប្រមាណ១,១០០តោន ស្ថិតក្នុងកញ្ចប់គម្រោងបញ្ជាទិញសរុបប្រមាណ២ម៉ឺនតោន ត្រូវបានដឹកជញ្ជូនទៅដល់ទីផ្សារប្រទេសចិនហើយ។ បើតាម…

អ្នកជំនាញសង្កេតឃើញថា អាជ្ញាធរមួយចំនួនបានប្រើលេសបង្ក្រាប Scam Online និងទំនិញរត់ពន្ធពីថៃ ធ្វើហួសដែនសមត្ថកិច្ច ដែលគំរាមកំហែងដល់ពលរដ្ឋស្លូតត្រង់

ការអនុវត្តច្បាប់ត្រូវតែមានតម្លាភាព មិនមែនជាការឆ្លៀតឱកាសកេងចំណេញនោះទេ។ ក្រុមអ្នកជំនាញ និងមហាជនទូទៅបានសម្តែងការគាំទ្រ និងសាទរយ៉ាងខ្លាំងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ