កម្ពុជាដាក់ឱ្យដំណើរការឧបករណ៍វាយតម្លៃកិច្ចការពារអតិថិជន

កម្ពុជាបន្តជំរុញសេវាធនាគារប្រកបដោយក្រមសីលធម៌ ជាមួយស្តង់ដាកិច្ចការពារអតិថិជន និងឧបករណ៍វាយតម្លៃ


សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្រោមការសហការជាមួយអង្គការអន្តរជាតិបានរៀបចំសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះ ដើម្បីកំណត់ស្តង់ដាថ្មីសម្រាប់កិច្ចការពារអតិថិជននៅក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា តាមរយៈការដាក់ឱ្យដំណើរការក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ និងឧបករណ៍វាយតម្លៃ នៃកិច្ចការពារអតិថិជន។
ម្ពុជាដាក់ឱ្យដំណើរការឧបករណ៍វាយតម្លៃកិច្ចការពារអតិថិជន

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានចាត់ទុកការដាក់ឱ្យដំណើរការឧបករណ៍វាយតម្លៃការអនុវត្តកិច្ចការពារអតិថិជនរបស់កម្ពុជានេះ គឺជាការបើកទំព័ប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការប្ដេជ្ញាចិត្តរបស់វិស័យហិរញ្ញវត្ថុក្នុងការលើកកម្ពស់កិច្ចការពារអតិថិជន។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា សិក្ខាសាលាខាងលើ រៀបចំឡើងក្នុងគោលបំណងដាក់ឱ្យដំណើរការនូវក្រមប្រតិបត្តិ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ និងឧបករណ៍វាយតម្លៃកិច្ចការពារអតិថិជន និងគម្រោងវាយតម្លៃដែលជាឧបករណ៍ដំបូងគេបង្អស់ ដែលរួមបញ្ចូលក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ជាមួយនឹងស្តង់ដាកិច្ចការពារអតិថិជនរបស់ Cerise+SPTF ។ តាមរយៈឧបករណ៍នេះ អនុញ្ញាតឱ្យក្រុមហ៊ុនវាយតម្លៃឯករាជ្យដែលជាភាគីទី៣ អាចវាយតម្លៃការអនុវត្តកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីកំណត់ភាពរឹងមាំ និងកែលម្អប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងអតិថិជន។ សម្រាប់ការវាយតម្លៃជុំទីមួយ នឹងចាប់ផ្តើមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុធំៗចំនួន៣០ របស់កម្ពុជា។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាបានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវឧបករណ៍សម្រាប់រវាស់វែង និងវាយតម្លៃនេះ គឺជាការរួមបញ្ចូលការត្រួតពិនិត្យ និងវាយតម្លៃអនុលោមភាពនៃក្រមប្រតិបត្តិ និងគោលការណ៍សកលស្តីពីកិច្ចការពារអតិថិជន។ ថ្នាក់ដឹកនាំរូបនេះ បានបន្ថែមថាដំណើរការត្រួតពិនិត្យ និងវាយតម្លៃអនុលោមភាពនៃក្រមប្រតិបត្តិ និងកិច្ចការពារអតិថិជនសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ គឺមិនមែនគ្រាន់តែបង្ហាញឱ្យឃើញនូវការអនុលោមតាមច្បាប់ និងស្វ័យបញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្ដែវាស្តែងចេញពីការប្ដេជ្ញាចិត្តរបស់សមាគម និងសមាជិករបស់ខ្លួនក្នុងការការពារស្ថិរភាពប្រព័ន្ធធនាគារ ការធ្វើធុរកិច្ចធនាគារប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងការធានាថាកិច្ចការពារអតិថិជន គឺជាអាទិភាពចម្បងនូវរាល់សកម្មភាពប្រកបការងារធុរកិច្ចក្នុងវិស័យធនាគារ។ លើសពីនេះកិច្ចការត្រួតពិនិត្យ និងវាយតម្លៃនេះ នឹងជួយកាត់បន្ថយហានិភ័យ កាត់បន្ថយការយល់ច្រលំ និងបង្កើតទំនុកចិត្តដែលផ្ដល់អត្ថប្រយោជន៍ទាំងអតិថិជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការឧបករណ៍វាយតម្លៃការអនុវត្តកិច្ចការពារអតិថិជនរបស់កម្ពុជានេះ គឺជាការបើកទំព័ប្រវត្តិសាស្ត្រថ្មីមួយទៀតនៃការប្ដេជ្ញាចិត្តរបស់សមាគមក្នុងកិច្ចការពារអតិថិជន។ បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំរូបនេះ ឧបករណ៍នេះមិនត្រឹមតែរួមបញ្ចូលក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវសូចនាករដែលអាចវាស់វែងបាន ដើម្បីធ្វើការវាយតម្លៃអនុលោមភាពផងដែរ។

គួរជម្រាបថា សិក្ខាសាលានេះ ក៏មានការលើកឡើងពីបញ្ហាប្រឈមសំខាន់ៗដែលកំពុងប្រឈមក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា រួមទាំងការគ្រប់គ្រងអត្រាឥណទានមិនដំណើរការ (NPLA) ការជំពាក់បំណុលច្រើនលើសលប់ និងការកើនឡើងយ៉ាងឆាប់រហ័សនៃការផ្តល់ប្រាក់កម្ចី។ ជាមួយគ្នានេះ ភាគីពាក់ព័ន្ធបានគូសបញ្ជាក់ពីការព្រួយបារម្ភអំពីការអនុវត្តមួយចំនួន ដូចជាវិធីសាស្ត្រលក់ និងហានិភ័យដែលទាក់ទងនឹងបំណុលរបស់អតិថិជន ដោយគូសបញ្ជាក់ពីតម្រូវការពង្រឹងនៃវិធានការការពារអតិថិជន។ យ៉ាងណាមិញ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជាក្នុងការអនុលោមតាមស្តង់ដាអន្តរជាតិ ការកកម្ពស់កំណើនប្រកបដោយនិរន្តរភាព ការទាក់ទាញការវិនិយោគ និងការការពារសុខុមាលភាពរបស់អតិថិជនផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


Defender ស៊េរីថ្មី ២០២៥ មកលើកនេះពិតជាអស្ចារ្យមិនធម្មតា‍

ភ្នំពេញថ្ងៃទី ២៦ វិច្ឆិកា ២០២៤៖‍ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Land Rover បានរៀបចំកម្មវិធីដ៏អស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ