
នាវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកវត្តមានរបស់បណ្តាវិនិយោគិនក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ជាការបង្ហាញពីចក្ខុវិស័យរួមគ្នាលើអនាគតនៃវិស័យទេសចរណ៍កម្ពុជា និងជាការរួមចំណែកជួយជំរុញកំណើនវិនិយោគក្នុងវិស័យទេសចរណ៍ និងសណ្ឋាគារ ក៏ដូចជាជួយទាក់ទាញភ្ញៀវទេសចរចិន ឱ្យចូលមកកម្សាន្តនៅកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយគាំទ្រ និងសម្របសម្រួលដំណើរការវិនិយោគទាំងអស់ឱ្យបានរលូន និងជោគជ័យ ដ្បិតថា សមាគមទេសចរណ៍កម្ពុជាជាស្ពានចម្លងមួយរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកវេទិកាធុរកិច្ច និងវិនិយោគចិន-កម្ពុជា ជាលទ្ធផលផ្លែផ្កាមួយកើតចេញពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីន នៅប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ។
ឯកឧត្តម បានចាត់ទុក វេទិកាដ៏សំខាន់នេះមិនត្រឹមតែផ្តល់ឱកាសដល់វិនិយោគិនចិន និងកម្ពុជា បានសិក្សាស្វែងយល់ពីគោលនយោបាយ សេដ្ឋកិច្ច និងឱកាសនៃការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបើកឱកាសឱ្យកម្ពុជា បានបង្ហាញ និងផ្សព្វផ្សាយកាន់តែទលំទូលាយដល់បណ្តាវិនិយោគិន និងភ្ញៀវទេសចរនៅបណ្តាប្រទេសនានាថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព បរិយាកាសអំណោយផល និងមានសក្តានុពលខ្ពស់ក្នុងការវិនិយោគ។

ជាមួយគ្នានេះ លោកស្រី YIling Li តំណាងអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិការធុរកិច្ច និងវិនិយោគកម្ពុជា-ចិន នេះ ក្នុងការបង្កើតឱ្យមានការផ្លាស់ប្តូរ និងពិភាក្សាគ្នាអំពីសក្តានុពលនៃវិស័យទេសចរណ៍ និងវិនិយោគនៅកម្ពុជា ដ្បិតថា ពិភពលោកចបច្ចុប្បន្នស្ថិតក្នុងចរន្តនៃអន្តរកាលនៃការសម្របសម្រួល និងការវិនិយោគរួមគ្នា។ លោកស្រី បានគូសបញ្ជាក់ដែរថា តាមរយៈវេទិកានេះ ក៏បានផ្តល់ឱកាសដល់លោកស្រីក្នុងការសិក្សាស្វែងយល់បន្ថែម ដើម្បីយកទៅផ្សារភ្ជាប់ និងរួមបញ្ចូលគ្នា ដើម្បីធ្វើយ៉ាងណាជួយជំរុញកំណើនវិនិយោគក្នុងវិស័យទេសចរនៅកម្ពុជា ពីចំណាក់វិនិយោគិនចិន និងវិនិយោគិននៅសហរដ្ឋអាម៉េរិក ផងដែរ។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង១លាន៨សែននាក់ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទេសចរជនជាតិចិន មានចំនួនជាង២៨ម៉ឺននាក់ កើនឡើងជាង៥០%។ ក្រសួងទេសចរណ៍ បានព្យាករថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ចន្លោះពី៧,២លាននាក់ ទៅដល់ប្រមាណ៧,៥លាននាក់ នៅក្នុងឆ្នាំ២០២៥នេះ ក្នុងនោះទេសចរចិន រំពឹងទទួលបានប្រមាណ១,១លាននាក់។

គួរជម្រាបថា នៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅកម្ពុជា ពីថ្ងៃទី១៧-១៨ ខែមេសាកន្លងទៅនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គស្ថានីយវិទ្យុមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន លើការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ក្នុងគោលបំណងរួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរឱ្យបានកាន់តែទូលំទូលាយ សំដៅទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងថែមទៀត៕
