អាមេរិកព្រមានក្រុមហ៊ុនចិនកុំឲ្យជួយរុស្សី

វិបត្តិនៅអ៊ុយក្រែន៖ អាមេរិកព្រមានចាត់វិធានការលើក្រុមហ៊ុនរកស៊ីជាមួយរុស្សី


សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ទី ០៣កុម្ភៈ បានព្រមានចាត់វិធានការក្តៅទៅលើក្រុមហ៊ុនចិនដែលហ៊ានរំលោភបំពានលើទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន ពោលគឺហ៊ានរកស៊ីនាំចេញនាំចូល ទំនិញ និងព្រមទាំងជួយជ្រោមជ្រែងដល់ប្រទេសរុស្សីអំឡុងពេលមានភាពតានតឹងនៅព្រំដែនអ៊ុយក្រែន។ នេះបើតាមការថ្លែងដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ។
អាមេរិកព្រមានក្រុមហ៊ុនចិនកុំឲ្យជួយរុស្សី
ដោយ

លោក Ned Price បាននិយាយថា អាមេរិកមានវិធានការជាច្រើន ដែលអាចដាក់ចេញ ទុកជាការឆ្លើយតប ប្រសិនបើដឹងថាក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុននៅក្នុងប្រទេសចិនកំពុងព្យាយាមរំលោភលើទណ្ឌកម្មដែលអាមេរិកកំពុងរៀបចំ ដាក់លើប្រទេសរុស្សីជុំវិញការនាំចេញទំនិញ ក្រោយពីមានវិបត្តិដ៏តានតឹងនៅអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ បានធ្វើការកត់សម្គាល់ដូច្នេះ បន្ទាប់ពីក្រសួងការបរទេសចិនបានថ្លែងជាសាធារណៈថា ចិន និងរុស្ស៊ីបានសម្របសម្រួលជំហររបស់ពួកគេជារួមមួយ លើវិបត្តិនៅអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរនៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

សេចក្តីថ្លែងការណ៍ក្រោយជំនួបរវាងភាគីរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នឹងសមភាគីរុស្ស៊ីលោក ស៊ែររឺហ្កី ឡាវរ៉ូវ (Sergei Lavrov) បានឲ្យដឹងថា ប្រទេសចិនយល់យ៉ាងច្បាស់ ព្រមទាំងគាំទ្រ ចំពោះគោលជំហររបស់រុស្ស៊ីស្តីពីបញ្ហាសន្តិសុខ ជុំវិញទំនាក់ទំនងរបស់រុស្ស៊ីជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ ក្នុងសំណុំរឿងនៅអ៊ុយក្រែន។

នេះជាគោលជំហររបស់ប្រទេសចិនទៅលើរុស្សី ប៉ុន្តែបស្ចិមលោកមិនបានគិតដូចនេះឡើយ។ បណ្តាប្រទេសលោកខាងលិចនិយាយថា រុស្សីមានបំណងឈ្លានពានអ៊ុយក្រែន តាមរយៈការចល័តទ័ពរាប់ម៉ឺននាក់មកកាន់ព្រំដែន។ ប្រទេសលោកខាងលិចធ្លាប់បានព្រមានថា ការឈ្លានពានណាមួយមកលើអ៊ុយក្រែនេពីសំណាក់ភាគីរុស្ស៊ីនឹងនាំមកនូវការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាលើទីក្រុងមូស្គូ ពិសេសអាមេរិកបាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ក៏ដូចជាវិធានការត្រួតពិនិត្យការនាំចេញផងដែរ។

គួរជម្រាបថា មន្ត្រីសន្តិសុខជាតិសេតវិមានលោក Peter Harrell បានគូសបញ្ជាក់កាលពីថ្ងៃពុធ សប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការ លើវិធានការត្រួតពិនិត្យការនាំចេញរបស់រុស្សី ជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ី រួមមានប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ ដើម្បីត្រៀមទុកជាទណ្ឌកម្មទៅលើក្រុងម៉ូស្កូ ករណីដែលអ៊ុយក្រែនត្រូវបានគេវាយប្រហារមែននោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាជិកសភាអាមេរិកស្នើបង្កើតច្បាប់កែប្រែឈ្មោះការិយាល័យតំណាងកោះតៃវ៉ាន់នៅអាមេរិក

ព័ត៌មាន
សមាជិកសភាអាមេរិកចំនួនពីរក្រុម នៅថ្ងៃព្រហស្បតិ៍បានដាក់លិខិតស្នើទៅព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក ដើម្បីធ្វើការត្រួតពិនិត្យលើលទ្ធភាពបង្កើតច្បាប់…

កូរ៉េខាងជើងលើកសរសើរកីឡាអូឡាំពិកនៅចិនថា ជាជោគជ័យដ៏អស្ចារ្យ

ព័ត៌មាន
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារទៅកាន់ប្រធានាធិបតីចិន ស៊ី ជីនពីង ដោយបានអបអរសាទរលោកក្នុងឱកាសព្រឹត្តិការណ៍កីឡាអូឡាំពិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ