លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានវាយតម្លៃថា ទីផ្សារទិញលក់ក្នុងវិស័យអចលនទ្រព្យនៅក្នុងរយៈពេល១០ខែឆ្នាំនេះ ហាក់មានកំណើនវិជ្ជមានឡើងវិញបន្តិចហើយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែតម្លៃអចលនទ្រព្យនៅក្នុងឆ្នាំ២០២៤នេះ ហាក់មានតម្លៃទាបជាងឆ្នាំមុន ពោលគឺបានធ្លាក់ចុះប្រមាណ២០%ឯណោះ។ តាមរយៈស្ថានភាពនេះ ប្រធានសមាគមរូបនេះវាយតម្លៃថា វិស័យអចលនទ្រព្យកម្ពុជា នឹងអាចចំណាយពេលប្រមាណ៤ឆ្នាំបន្ថែមទៀតក្នុងការស្តារវិស័យនេះឱ្យមានភាពល្អប្រសើរឡើងវិញ។
បើតាមលោក សន សៀប ទីផ្សារអចលនទ្រព្យដែលនៅមានសញ្ញាណល្អប្រសើរនាពេលបច្ចុប្បន្ននេះ គឺ ទីផ្សារខុនដូរ ដែលបានសាងសង់រួច ដ្បិតទីផ្សារប្រភេទនេះទទួលបានការទាក់ទាញច្រើនពីវិនិយោគិនបរទេស។ ម្យ៉ាងទៀត សម្រាប់អចលនទ្រព្យដែលបម្រើដល់វិស័យឧស្សាហកម្ម និងកសិកម្ម ក៏មានសញ្ញាណវិជ្ជមានផងដែរ នៅក្នុងឆ្នាំ២០២៤នេះ។ យ៉ាងណាមិញសម្រាប់អចលនទ្រព្យដែលនៅបន្តរងផលលំបាកច្រើននោះមានដូចជាប្រភេទបុរីលំនៅឋាន អគារការិយាល័យ និងផ្សារទំនើបជាដើម។
ជាមួយគ្នានេះលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានគូសបញ្ជាក់ថា ក្រោយគ្រឹះស្ថានធនាគារបានបន្ធូរបន្ថយចំពោះការផ្តល់កម្ចីក្នុងវិស័យអចលនទ្រព្យនៅមួយរយៈពេលចុងក្រោយនេះ បានជំរុញឱ្យចរន្តទិញលក់ក្នុងវិស័យនេះហាក់មានសម្ទុះកើនឡើងមកវិញគួរឱ្យកត់សម្គាល់ ពិសេសសម្រាប់អ្នកដែលយល់ច្បាស់អំពីតម្លៃលក់ក្នុងទីផ្សារអចលនទ្រព្យបច្ចុប្បន្នតែម្តង។
បើតាមការបញ្ជាក់របស់លោកឧកញ៉ា ចេង ខេង ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យកម្ពុជា អាចងើបឡើងវិញបានលឿននោះ ទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវគោរពច្បាប់ទាំងអស់គ្នា ដ្បិតថា កាលណាមានការគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួននោះ អតិថិជន និងអ្នកវិនិយោគកាន់តែមានទំនុកចិត្ត និងភាពជឿជាក់លើការវិនិយោគ ដែលនឹងជំរុញឱ្យវិស័យនេះមានការរីកចម្រើនឡើងវិញ៕