
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកសមិទ្ធផលថ្មីនេះ គឺស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់អាទិភាពសម្រាប់ជំរុញកំណើនប្រសិទ្ធភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពការងារដ្ឋបាលតាមរយៈការប្រើប្រាស់សក្តានុពលបច្ចេកវិទ្យាឌីជីថល។
នាពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបអូឡាំព្យា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា តាមរយៈចក្ខុវិស័យទី១ ដែលផ្តោតលើការលើកកម្ពស់សេវាដឹកជញ្ជូនគ្រប់ប្រភេទរបស់ក្រសួងសាធារណការ និងដឹកជញ្ជួន ក្រសួងបាននិងកំពុងខិតខំធ្វើយ៉ាងណាពង្រឹងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ បង្កើតជម្រើសសេវាថ្មីៗបន្ថែម និងបង្កើតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងស្នើសុំសេវាសាធារណៈតាមប្រព័ន្ធឌីជីថល។
បើតាមឯកឧត្តម ប៉េង ពោធិ៍នា ចាប់តាំងពីពេលចាប់ផ្ដើមបើកឱ្យដំណើរការជាផ្លូវការនូវការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនៅឆ្នាំ២០២០កន្លងមក ប្រព័ន្ធចុះបញ្ជីលេងពិសេសម្គាល់ខ្លួនសម្រាប់រថយន្តមានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ដោយសារភាពជោគជ័យនេះ គួបផ្សំនឹងសំណូមពរជាច្រើនពីសំណាក់ប្រជាពលដ្ឋក្នុងការបង្កើតឱ្យមានលេខពិសេសសម្រាប់ម៉ូតូ និងដោយទទួលបានការគាំទ្រ ក៏ដូចជាគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល គណៈកម្មការក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីយានជំនិះ បានសិក្សា និងរៀបចំប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួននេះឡើង។
ឯកឧត្តម ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ការបើកឱ្យប្រើប្រាស់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើបអូឡាំព្យានាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួង ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់អាទិភាពសម្រាប់ជំរុញកំណើនប្រសិទ្ធភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពការងារដ្ឋបាល តាមរយៈការប្រើប្រាស់សក្តានុពលបច្ចេកវិទ្យា ឌីជីថល។
ឯកឧត្តមបានបន្ថែមថា ការបើកឱ្យប្រើប្រាស់មណ្ឌលផ្ដល់សាសាធរណៈនៅផ្សារទំនើបអូឡាំព្យានេះ គឺដើម្បីបង្ខិតសេវាសារណៈរបស់ក្រសួងឱ្យកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការ និងបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងជូនដល់ប្រជាពលរដ្ឋ ហើយស្របពេលជាមួយគ្នានេះ ការបើកឱ្យប្រើប្រាស់ប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន គឺដើម្បីផ្ដល់ជម្រើសបន្ថែមដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសលេខតាមចំណងចំណូលចិត្ត។ ជាក់ស្ដែង ការប្រើប្រាស់ប្រព័ន្ធថ្មីនេះ នឹងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការចុះបញ្ជីទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួនតាមប្រព័ន្ធឌីជីថល ដោយពួកគេអាចទិញលេខ និងចុះបញ្ជីតាមប្រព័ន្ធដោយខ្លួនឯងនៅកន្លែងណាក៏បានឱ្យតែមានសេវាអ៊ីនធឺណិត៕