អ្នកជំនាញរូបនេះជឿជាក់ថា វិស័យដឹកជញ្ជូន និងឡូជីស្ទីករបស់កម្ពុជានឹងកាន់តែមានការប្រកួតប្រជែង ប្រសិនបើកម្ពុជាអាចភ្ជាប់ការដឹកជញ្ជូនជាមួយផ្លូវរថភ្លើងល្បឿនលឿនរបស់ឡាវបានមែននោះ ដ្បិតការដឹកជញ្ជូនតាមរបៀបនេះចំណេញពេលច្រើន បើធៀបនឹងការដឹកជញ្ជូនតាមកប៉ាល់។
ក្រុមអ្នកជំនួញក្នុងវិស័យដឹកជញ្ជូនមកពី៣០ក្រុមហ៊ុន ដែលដឹកនាំដោយឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសឡាវកាលពីថ្ងៃទី២១ មិថុនា ដើម្បីទៅសិក្សានិងស្វែងរកឱកាសក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនជាមួយផ្លូវរថភ្លើងល្បឿនលឿនរបស់ឡាវ ដែលភ្ជាប់ជាមួយចិន ដើម្បីដឹកទំនិញចេញចូលរវាងកម្ពុជាជាមួយចិន ព្រោះការដឹកជញ្ជូនតាមរបៀបនេះប្រើពេលតិចជាងការដឹកជញ្ជូនតាមផ្លូវទឹក។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ការដឹកជញ្ជូនទំនិញពីកម្ពុជាទៅចិនដោយប្រើផ្លូវរថភ្លើងល្បឿនលឿនពីចិនមកឡាវអាចចំណាយពេលយ៉ាងយូរ៥ថ្ងៃ ខណៈតាមផ្លូវទឹកអាចចំណាយពី១០ទៅ១៥ថ្ងៃឯណោះ។
លោកឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ទៀតថា គោលបំណងសំខាន់មួយទៀតនៃដំណើរទស្សនកិច្ចទៅឡាវនេះ គឺដើម្បីសិក្សាពីផលចំណេញ និងតម្លៃជាក់លាក់នៃការដឹកជញ្ជូនទំនិញដោយប្រើផ្លូវរថភ្លើងរបស់ឡាវ និងការដឹកជញ្ជូនតាមផ្លូវទឹក។ ម្យ៉ាងទៀតការសិក្សាគម្រោងដឹកជញ្ជូនថ្មីនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យតម្លៃដឹកជញ្ជូនធូរថ្លៃជាងមុន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើឲ្យវិស័យដឹកជញ្ជូន និងឡូជីស្ទីករបស់កម្ពុជាកាន់តែល្អប្រសើរ និងមានភាពប្រកួតប្រជែងខ្ពស់ជាមួយប្រទេសជិតខាង។
ទន្ទឹមនឹងលើកឡើងពីភាពល្អប្រសើរនៃសកម្មភាពដឹកជញ្ជូន អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ ក៏បានបង្ហាញពីបញ្ហាប្រឈមដែលបង្កឡើងដោយតម្លៃប្រេងឥន្ធនៈកើនឡើងផងដែរ។ ជាក់ស្តែងការកើនឡើងតម្លៃប្រេងឥន្ធនៈយ៉ាងគំហុកនៅប៉ុន្មានខែកន្លងមកនេះបានជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនដំឡើងថ្លៃពី១០%ទៅ២០% ហើយតម្លៃដឹកជញ្ជូនជាសកលក៏បានហក់ឡើងខ្ពស់ផងដែរ។
គួររំលឹកផងដែរថា វិស័យដឹកជញ្ជូនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងនោះមានក្រុមហ៊ុនចំនួន៣០% ត្រូវបានផ្អាកដំណើរការបណ្តោះអាសន្ន ហើយ១០%ជួបបញ្ហាហិរញ្ញវត្ថុ និង៦០% ខិតខំបន្តដំណើរការយ៉ាងត្រដាបត្រដួស។ ប៉ុន្តែក្រោយរាជរដ្ឋាភិបាលប្រកាសបើកសកម្មភាពសង្គមនិងសេដ្ឋកិច្ចឡើងវិញ ក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ បច្ចុប្បន្នវិស័យដឹកជញ្ជូនហាក់មានសកម្មភាពល្អប្រសើរឡើងវិញហើយ បើទោះបីជា តម្លៃកំពុងកើនខ្ពស់ក្ដី៕