
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជា មិនគួរបើកច្រកព្រំដែនជាមួយថៃ តាមការស្នើរបស់ជប៉ុន នោះទេ ដោយសារមកដល់ពេលនេះ ភាគីថៃ មិនទាន់បង្ហាញសញ្ញាច្បាស់លាស់ក្នុងការគោរពបទឈប់បាញ់នៅឡើយទេ ដោយភាគីថៃ នៅតែគឃ្លើន។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា មិនគួរជឿទុកចិត្តលើភាគីថៃ នោះទេ ដោយសារតែភាគីថៃ ជាអ្នកបង្កហេតុរហូតផ្ទុះសង្រ្គាម និងចាប់កងទ័ពកម្ពុជា និងរាយបន្លាលួសព័ទ្ធយកផ្ទះពលរដ្ឋខ្មែរ ក្រោយមានបទឈប់បាញ់។ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា កម្ពុជា អាចពិចារណាបើកច្រកព្រំដែនជាមួយថៃបាន លុះណាតែថៃ បង្ហាញភាពប្រាកដប្រជាក្នុងការអនុវត្តបទឈប់បាញ់ និងទទួលយកអ្នកអង្កេតការពេញលេញរបស់អាស៊ាន ក៏ដូចជាបញ្ជូនកងទ័ពកម្ពុជា ទាំង១៨នាក់ ដែលថៃ ចាប់បង្ខាំងដោយខុសច្បាប់ឱ្យវិលត្រលប់មកកម្ពុជាវិញ។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា កម្ពុជា និងថៃ មិនអាចកាត់ផ្ដាច់ទំនាក់ទំនងការទូត និងការធ្វើពាណិជ្ជកម្មជាមួយគ្នាជារៀងរហូតបាននោះទេ ដែលទាមទារឱ្យភាគីទាំងពីរត្រូវស្វែងរកដំណោះស្រាយតាមយន្តការនានា ដោយសន្តិវិធី។ សម្រាប់អ្នកជំនាញរូបនេះ ការបើកច្រកព្រំដែនរវាងប្រទេសទាំងពីរក្នុងកម្រិតណាមួយ វានឹងក្លាយជាសញ្ញាមួយក្នុងការឈានទៅរកការស្តារទំនាក់ទំនងពាណិជ្ជកម្ម និងការទូតឱ្យវិលមករកប្រក្រតីភាពឡើងវិញ ហើយការហូរចូលទំនិញរបស់ថៃ មកទីផ្សារកម្ពុជា ក្នុងចំនួនតិច ឬច្រើន វាអាស្រ័យលើការតាំងចិត្តធ្វើពហិការរបស់ពលរដ្ឋខ្មែរ និងការផលិតទំនិញឱ្យមានគុណភាពរបស់ក្រុមអ្នកក្នុងស្រុកប៉ុណ្ណោះ។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ប្រសិនបើមានការបើកច្រកទ្វារព្រំដែនឡើងវិញមែន នោះភាពតានតឹងរវាងកម្ពុជា និងថៃ អាចនឹងមានភាពធូរស្រាលមួយកម្រិត។ បើតាមអ្នកជំនាញរូបនេះ កម្ពុជា ត្រូវមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យគុណភាពលើទំនិញរបស់ថៃ ឱ្យបានតឹងរ៉ឹង ដូចដែលប្រទេសជិតខាងធ្លាប់បានធ្វើមកលើទំនិញរបស់កម្ពុជា នាពេលកន្លងមកដែរ។ បន្ថែមលើនេះ រាល់ទំនិញណាដែលបង្កផលប៉ះពាល់ដល់ទំនិញក្នុងស្រុក រដ្ឋាភិបាលគួរមានវិធានការការពារតាមរយៈយន្តការច្បាប់។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានពិភាក្សាអំពីការបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញតាមសំណើរបស់ភាគីជប៉ុន ដើម្បីដឹកជញ្ជូនទំនិញចាំបាច់មួយចំនួន ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។ គួររំលឹកថា កងទ័ពថៃ បានបិទច្រកទ្វារព្រំដែនគោកទាំងស្រុងជាមួយកម្ពុជា ជាឯកតោភាគី កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជុំវិញការបិទច្រកព្រំដែននេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរថា កម្ពុជានឹងបើកច្រកព្រំដែនឡើងវិញក្នុងរយៈពេលយ៉ាងយូរ៥ម៉ោង ប្រសិនបើថៃ បើកច្រកព្រំដែនឱ្យដូចដើមវិញ៕
អត្ថបទ៖ បូ ដូឡា