ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា យល់ឃើញថា ការឡើង ឬចុះតម្លៃទីផ្សារភាគហ៊ុន គឺអាស្រ័យលើទំនាក់ទំនងអវិជ្ជមានរវាងអត្រាការប្រាក់ និងថ្លៃភាគហ៊ុននៅលើទីផ្សារមូលបត្រ។ ថ្នាក់ដឹកនាំរូបនេះអះអាងថា ក្រោយបណ្តាធនាគារកណ្តាលនានា ជាពិសេសអាម៉េរិក បានដំឡើងអត្រាការប្រាក់ មានវិនិយោគិនជាច្រើនបានដកប្រាក់ចេញពីផ្សារមូលបត្រយកទៅវិនិយោគលើមូលបត្របំណុលរបស់រដ្ឋ។
តែយ៉ាងណាថ្នាក់ដឹកនាំរូបនេះរំពឹងថា ក្រោយធនាគារកណ្ដាលនានា ជាពិសេសអាម៉េរិក បញ្ចុះអត្រាការប្រាក់ នោះវិនិយោគិននឹងងាកមកវិនិយោគលើការជួញដូរភាគហ៊ុនវិញ។ ឯកឧត្តម ហុង សុហួរ ជឿជាក់ថា នៅពេលមានការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក នោះស្ថានភាពសេដ្ឋកិច្ចនឹងមានភាពប្រសើរឡើង ព្រោះម្ចាស់អាជីវកម្មនឹងមានសាច់ប្រាក់ច្រើនជាងមុនសម្រាប់យកទៅប្រើប្រាស់លើការវិនិយោគ។
ដោយឡែកឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជឿជាក់ថា នៅពេលមានការបញ្ចុះអាត្រាការប្រាក់របស់បណ្តាធនាគារកណ្ដាលធំៗជាពិសេសអាម៉េរិក នាអំឡុងឆមាសទី២ ឆ្នាំ២០២៤ នេះ វានឹងជួយជំរុញឱ្យការបោះផ្សាយមូលបត្រ ឬសញ្ញាបណ្ណរបស់រដ្ឋនឹងមានល្បឿនកាន់តែលឿនបន្ថែមទៀត ខណៈរដ្ឋាភិបាលកម្ពុជា កំពុងកៀរគរធនធានជាអាទិភាពលើការបោះផ្សាយមូលបត្រ។
បើតាមការគូសបញ្ជាក់របស់អគ្គនាយកផ្សារមូលបត្រកម្ពុជា មកទល់ពេលនេះផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន២៣ ក្នុងនោះក្រុមហ៊ុនបោះផ្សាយភាគហ៊ុនចំនួន១១ និងក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណចំនួន១២ ដែលបានកៀរគរទុនពីទីផ្សារបានប្រមាណជិត៤០០លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា