ព្រំដែនទឹកកម្ពុជា-ថៃ

អ្នកជំនាញ៖ ការចរចាតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រជាមួយថៃ គឺជារឿងរសើប ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់


បើគ្មានការប្រែប្រួលទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការលើកដំបូងក្រោយការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទៅកាន់ប្រទេសថៃ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។
ព្រំដែនទឹកកម្ពុជា-ថៃ
ដោយ

សម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសថៃនេះ ក្រៅពិភាក្សាលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរកម្ពុជា-ថៃ ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាលើបញ្ហាតំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ អ្នកជំនាញភូមិសាស្ត្រនយោបាយយល់ឃើញថា ការចរចាណាមួយលើបញ្ហាតំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ គឺទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា គម្រោងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាទៅកាន់ប្រទេសថៃ គឺជាឥរិយាបទបរិការណ៍ការទូត និងជាការឆ្លើយតបតាមការអញ្ជើញរបស់រដ្ឋាភិបាលថៃ លោក សេដ្ឋា ថាវីស៊ីន ដែលទើបមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។ គម្រោងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនេះ ត្រូវបានអ្នកជំនាញរូបនេះ ជឿថា នឹងក្លាយជាឱកាសសម្រាប់ប្រទេសកម្ពុជា-ថៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងនូវកិច្ចសហប្រតិបត្តិការទាំងភូមិសាស្ត្រនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច។

ពាក់ព័ន្ធនឹងគម្រោងពិភាក្សាលើការប្រើប្រាស់ធនធានថាមពលនៅក្នុងតំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅតំបន់សមុទ្ររវាងប្រទេសទាំងពីរ ត្រូវបានលោកបណ្ឌិត គិន ភា ចាត់ទុកថា គឺជារឿងរសើប ដោយសារមានពាក់ព័ន្ធនឹងធនធានធម្មជាតិ និងបូរណភាពទឹកដី ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន និងត្រូវថ្លឹងថ្លែងឱ្យមានតុល្យភាពអំពីបូរណភាពទឹកដី និងផលប្រយោជន៍ជាតិ។

បើគ្មានការប្រែប្រួលទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅអំឡុងខែកុម្ភៈ ខាងមុខនេះ។ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ជុំវិញបញ្ហាធនធានថាមពលនៅតំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ ដែលកំពុងស្ថិតក្នុងភាពប្រទាញប្រទង់គ្នាមិនទាន់ច្បាស់លាស់នៅឡើយ។ នេះបើតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ប៉ានព្រី បាហិថានុការ៉ា (Parnpree Bahiddha-Nukara) រដ្ឋ មន្ត្រីក្រសួងការបរទេសថៃ ដែលត្រូវបានស្រង់សម្តីចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។

គួរបញ្ជាក់ថា ជុំវិញបញ្ហាតំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅឈូងសមុទ្រថៃនេះ ភាគីកម្ពុជា និងថៃ ធ្លាប់បានចរចាគ្នាជាច្រើនលើករួចមកហើយ តែនៅតែមិនអាចរកច្រកចេញបាន។ ភាគីទាំងពីរ បានចុះអនុស្សរណៈនៃការយោគយ​ល់គ្នា(MoU)មួយកាលពីឆ្នាំ២០០១ អំឡុងការកាន់អំណាចរបស់នាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីរួមគ្នាអភិវឌ្ឍន៍មួយផ្នែកនៃតំបន់រ៉ែប្រេងត្រួតស៊ីគ្នា(OCA) និងដើម្បីកំណត់ព្រំដែនសមុទ្រ​។

ស្ថិតក្រោមស្មារតីនៃ MoU ខាងលើនេះ ការកំណត់ព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នាត្រូវធ្វើឡើងជាកញ្ចប់តែមួយដាច់ខាត ហើយគណៈកម្មាធិការបច្ចេកទេសរួមកម្ពុជា-ថៃ ត្រូវបានបង្កើតឡើង ដើម្បីចរចាជុំវិញបញ្ហាទាំងនេះ។ ជាលទ្ធផល ការចរចាជាច្រើនលើកត្រូវបានធ្វើឡើងចាប់តាំងពីពេលនោះមក ប៉ុន្តែគ្មានវឌ្ឍនភាពជាដុំកំភួននោះទេ ដែលភាគច្រើនបណ្ដាលមកពីជម្លោះជុំវិញការកំណត់ព្រំដែនសមុទ្រ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រាក់លើថ្លៃបណ្ណបំណុលរបស់រដ្ឋាភិបាលជប៉ុន នឹងកើនដល់១០៣ពាន់លានដុល្លារនៅឆ្នាំ២០២៧

ព័ត៌មាន
ការប្រាក់លើថ្លៃសញ្ញាបណ្ណ ឬបណ្ណបំណុលរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានព្យាករថា នឹងកើនឡើងរហូតដល់ទៅ១០៣ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៧ ខាងម…

តើការអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះកោះរ៉ុងតម្លៃ៣០០លានដុល្លារ មានការវិវត្តយ៉ាងណាមកទល់ពេលនេះ?

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល បានឱ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ កោះរ៉ុងតម្លៃ៣០០លានដុល្លារអាម៉េរិក បានចាប់ផ្តើមដំណើរការជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ