ជប៉ុន និងបារាំង

ជប៉ុន និងបារាំង ឈានដល់ការចុះកិច្ចព្រមព្រៀងភាពជាដៃគូនុយក្លេអ៊ែរ


ក្រសួងថាមពលបារាំងបានឱ្យដឹងនៅថ្ងៃពុធថា ប្រទេសបារាំង និងប្រទេសជប៉ុន បានព្រមព្រៀងគ្នានៅឯទីក្រុងប៉ារីស ក្នុងការធ្វើសហប្រតិបត្តិការក្នុងវិស័យនុយក្លេអ៊ែរ។ សេចក្ដីប្រកាសរួមអំពីកិច្ចព្រមព្រៀងនេះប្ដេជ្ញាធ្វើឱ្យស៊ីជម្រៅ ក៏ដូចជាលើកកម្ពស់ទំនាក់ទំណងរវាងប្រទេសទាំងពីរក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍវិស័យនុយក្លេអ៊ែរជំនាន់ក្រោយ ដូចជាម៉ាស៊ីនរ៉េអាក់ទើឬម៉ាស៊ីនបំប្លែងរហ័សប្រើសូដ្យូមត្រជាក់សម្រាប់ស្អំជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ជប៉ុន និងបារាំងចុះកិច្ចព្រមព្រៀងភាពជាដៃគូនុយក្លេអ៊ែរ

ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូលើវិស័យនុយក្លេអ៊ែររវាងបារាំងនិងជប៉ុន ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងប៉ារីស ការងារនឹងបន្តលើការពន្យាអាយុម៉ាស៊ីនបំប្លែងនុយក្លេអ៊ែរដែលមានស្រាប់ឱ្យមានសុវត្តិភាព លើការការរំសាយរោងចក្រនុយក្លេអ៊ែរនានា រួមទាំងម៉ាស៊ីនរ៉េអាក់ទ័រហ្វូគូស៊ីម៉ា ដៃឈី (Fukushima Daiichi) របស់ជប៉ុនផង លើការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរស៊ីវិលនៅក្នុងប្រទេសណាដែលចាប់អារម្មណ៍ និងលើការលើកកម្ពស់ការកែច្នៃឡើងវិញនូវឥន្ធនៈនុយក្លេអ៊ែរដែលបានប្រើរួច ដើម្បីកាត់បន្ថយតម្រូវការប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូម។

រដ្ឋមន្ត្រីថាមពលបារាំង អាងញ៉ែស ប៉ានីញ៉េ រូណាស្សេ (Agnes Pannier-Runacher) បានជួបជាមួយលោក យ៉ូសូតូស៊ី នីស៊ីម៉ូរ៉ា (Yasutoshi Nishimura) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សេដ្ឋកិច្ច និងឧស្សាហកម្មរបស់ប្រទេសជប៉ុន និងបានពិភាក្សាគ្នាអំពីការពន្លឿនកិច្ចសហប្រតិបត្តិការបច្ចេកទេសលើវដ្តនៃឥន្ធនៈនុយក្លេអ៊ែរ និងអំពីកាធ្វើការងារដើម្បីកសាងប្រព័ន្ធផ្គត់ផ្គង់សម្រាប់តែប្រទេសដែលមាន«គុណតម្លៃរួម»ប៉ុណ្ណោះ។ នេះជាការផាត់ចោលតួនាទីដ៏ធំធេងរបស់ប្រទេសរុស្ស៊ីនៅក្នុងវិស័យនេះ។

សេចក្តីប្រកាសអំពីកិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សានៅខាងក្រៅកិច្ចប្រជុំអំពីអាកាសធាតុនិងថាមពលនៃក្រុមប្រទេសទាំងឧស្សាហកម្មជឿនលឿនទាំងប្រាំពីរ នៅទីក្រុងសាំពូរ៉ូ (Sapporo) កាលពីខែមុន។ កាលនោះ រដ្ឋមន្ត្រីនានាបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យដំណើរការថាមពលនុយក្លេអ៊ែរឡើងវិញនៅក្នុងប្រទេសជប៉ុន ដែលជាមធ្យោបាយមួយសម្រាប់បំពេញតម្រូវការផ្នែកថាមពលដែលកំពុងកើនឡើង ដោយពុំធ្វើឱ្យមានកំណើននៃការបំភាយឧស្ម័នផ្ទះកញ្ចក់។

លោក នីស៊ីម៉ូរ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទង់ថ្មីនៃភាពជាដៃគូទ្វេភាគីបារាំង-ជប៉ុននេះ នឹងរួមចំណែកយ៉ាងខ្លាំងឆ្ពោះទៅយុគសម័យបំបាត់ការសាយភាយឧស្ម័នកាបូនិក និងឆ្ពោះទៅរកការផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាព»។

កាសែត សានកេ របស់ប្រទេសជប៉ុនបានរាយការណ៍កាលពីថ្ងៃពុធថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គឺស៊ីដា (Fumio Kishida) បានបញ្ចេញថវិកាចំនួន ៣៣៧ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៣ ឆ្នាំ ដោយចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៤ តទៅ ដើម្បីជួយអភិវឌ្ឍម៉ាស៊ីនបំប្លែងលឿនប្រើទឹកសូដ្យូមត្រជាក់។

សេចក្តីប្រកាសរួមរវាងបារាំងនិងជប៉ុនក៏បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីតុលាការឧទ្ធរណ៍ទីក្រុងប៉ារីសបានអនុញ្ញាតឱ្យរដ្ឋាភិបាលបារាំងបន្តការទិញយកក្រុមហ៊ុនផលិតថាមពលនុយក្លេអ៊ែរដ៏ធំ អឺដេអែហ្វ (EDF) ដែលជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ខ្លួន ក្នុងការស្តារវិស័យនុយក្លេអ៊ែរឡើងវិញ និងសាងសង់រ៉េអាក់ទ័រថ្មីរហូតដល់ ១៤ គ្រឿងគិតត្រឹមឆ្នាំ២០៥០៕




អត្ថបទបន្ទាប់


ចិនបាននាំចូលប្រេងឆៅ និងឧស្ម័នពីរុស្ស៊ីកាន់តែច្រើន ថ្វីបើមានទណ្ឌកម្មអន្តរជាតិយ៉ាងណាក្ដី

ព័ត៌មាន
ក្នុងខែមីនា ឆ្នាំ ២០២៣ ប្រទេសចិនបាននាំចូលប្រេងឆៅមកពីប្រទេសរុស្ស៊ីច្រើនជាងមុនជិត ២ ដង ខណៈដែលការនាំចូលឧស្ម័នវិញបានកើនឡើងជាងទ្វេដង បើធៀប…

អ៊ុយក្រែន និងសហភាពអឺរ៉ុប ព្រមព្រៀងគ្នាបន្តរបបពាណិជ្ជកម្មបែបអនុគ្រោះរយៈពេលមួយឆ្នាំទៀត

ព័ត៌មាន
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដិន្នីស ស្មីហាល់ (Denys Shmyhal) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប បានយល់ព្រមបន្តកិច្ចព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ