កម្ពុជា​នឹងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត

កម្ពុជា​នឹងសង់ផ្លូវល្បឿនលឿនទី២ តម្លៃជាង១ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២៣


នៅទីបំផុតភាគីកម្ពុជា បានចុះហត្ថលេខាដើម្បីឈានទៅរកការចរចាបញ្ចប់កិច្ចព្រមព្រៀងសម្បទានលើគម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ជាមួយភាគីចិនហើយ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធាណៈរការនិងដឹកជញ្ជូន និងលោក Chen Zhong អគ្គនាយករងនៃក្រុមហ៊ុន China Communications Construction Group Co., Ltd. (CCCG)។តាមការរំពឹងទុករបស់ក្រសួងសាធារណការ គម្រោងផ្លូវល្បឿនលឿននេះ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៣។
កម្ពុជានឹងសង់ផ្លូវល្បឿនលឿនទី២ តម្លៃជាង១ពាន់លានដុល្លារ

ការចុះហត្ថលេខានេះ គឺធ្វើឡើងស្របពេលគ្នា នៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង មកកម្ពុជា កាលពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អាចនឹងចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ អំឡុងដំណើរទស្សនៈកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន។

ថ្លែងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធាណៈរការនិងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត មានចម្ងាយ ១៣៨គីឡូម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតទន្លេមេគង្គ ឆ្លងកាត់ខេត្តព្រៃវែង ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានតម្លៃសរុប ជាង១ពាន់៦រយលានដុល្លារអាមេរិក។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល គម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត គ្រោងនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបង្ហើបឲ្យដឹងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងជំរុញឲ្យបញ្ចប់ការសាងសង់ដំណាលគ្នាទៅនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿនក្រុងហូជីមីញ-បាវិត ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់រវាងកម្ពុជា-វៀតណាម ខណៈភាគីវៀតណាម បានបញ្ជាក់ថា ផ្លូវល្បឿនលឿនរបស់ខ្លួននេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿនទី២របស់កម្ពុជានេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់សេដ្ឋកិច្ច ពីបណ្ដាប្រទេសនានា ក្នុងតំបន់ ដូចជា ប្រទេសចិន តភ្ជាប់មកកាន់ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសកម្ពុជា និងវៀតណាម ជាដើម។

បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ក្រោយការសាងសង់ផ្លូវល្បឿនលឿនទី២នេះ បានបញ្ចប់ដោយរួចរាល់ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបង្ហាញក្ដីរំពឹងថា ចរន្តសេដ្ឋកិច្ចកម្ពុជា នឹងកាន់តែរីកចម្រើន និងអភិវឌ្ឍថែមមួយកម្រិតទៀត ពិសេសនៅតំបន់ត្រើយខាងកើតរាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ជាដើម។ សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ភ្នំពេញ-ព្រះសីហនុ ដែលទើបដាក់ឲ្យប្រើប្រាស់សាកល្បងកាលពីពេលថ្មីៗនេះ គឺជាច្រកសេដ្ឋកិច្ចដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញ ទៅមកខេត្តព្រះសីហនុ ដែលមានប្រវែង ១៨៧គីឡូម៉ែត្រ និងប្រើប្រាស់ថវិកាសាងសង់អស់ប្រមាណ ២ពាន់លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


តើនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង មកទស្សនកិច្ចកម្ពុជា បាននាំមកនូវជំនួយ និងការសន្សាអ្វីខ្លះ?

នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បាននិងកំពុងបំពេញដំណើរទស្សនកិច្ច៦ថ្ងៃនៅកម្ពុជា នៅអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើ…

តើទីម័រលេស្ដ នឹងអាចសម្រេចគោលដៅក្លាយជាសមាជិកទី១១ របស់អាស៊ានដែរ ឬយ៉ាងណា?

អស់ពេល១១ឆ្នាំមកហើយដែលទីម័រខាងកើត ឬទីម័រលេស្ដ បានដាក់សំណើជាផ្លូវការចូលជាសមាជិករបស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ កិច្ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ