អាជីវកម្មថៃកំឡុងពេលកូវីដ

អាជីវកម្មនៅថៃដង្ហោយរកជំនួយហិរញ្ញវត្ថុពីរដ្ឋបន្ថែមទៀត ចំពេលកូវីដ-១៩បន្តរាតត្បាតកាន់តែខ្លាំងក្លា


ប្រតិបត្តិករអាជីវកម្មនៅក្នុងប្រទេសថៃកំពុងស្វែងរកវិធានការជំនួយហិរញ្ញវត្ថុបន្ថែមទៀតពីរដ្ឋ រួមទាំងការយោគយល់លើការដោះស្រាយបំណុលចាស់ និង ការផ្ដល់កម្ចីថ្មីដែលមានលក្ខខណ្ឌអនុគ្រោះ ដើម្បីជួយដល់សហគ្រាសធុនតូច និង មធ្យមនៅដំណាក់កាលកូវីដ-១៩កំពុងរាតត្បាតកាន់តែខ្លាំងក្លានេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
អាជីវកម្មនៅថៃដង្ហោយរកជំនួយហិរញ្ញវត្ថុពីរដ្ឋ កំឡុងពេលកូវីដ-១៩

សមាជិក​ក្រុម​អ្នក​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ​ត្រូវ​បាន​រំពឹង​ថា​នឹង​ពិចារណា នូវ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ការ​ផ្ដល់​ជូន​បន្ថែម​ទៀត សម្រាប់​ម្ចាស់ អាជីវកម្ម ដែល​ត្រូវ​រាំង​ខ្ទប់ ចំនួន​១៤​ថ្ងៃ ដោយសារ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩ ដែល​ទើប​ដាក់​ចេញ​ថ្មី​ៗ​នេះ​។ ក្នុង​នោះ​ដែរ ក៏​មានការ​រំពឹង​ថា​នឹង​មានការ​ផ្ដល់​សំណង​ហិរញ្ញវត្ថុ​សម្រាប់​ពលរដ្ឋ និង​អាជីវកម្ម ដែល​បាន​បាត់បង់​ប្រាក់​ចំណូល​នៅ​ក្នុងអំឡុងពេល​បិទ​ខ្ទប់​នេះ​ផង​ដែរ​។  ដ្បិតថា​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​បាន​រិះគន់​ថា ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ប្រាប់​ឲ្យ​បិទទ្វារ​អាជីវកម្ម​បណ្ដោះអាសន្ន ទាំង​ដែល​ពួក​គេ​មិន​ទាន់​ទទួល​បានការ​ជួយ​សង្គ្រោះ​ពី​វិធានការ​របស់​អាជ្ញាធរ​នៅឡើយ​ទេ​។

លោក​សា​ណា​ន អង់​កូប​បូល​កុ​ល  (Sanan Angubolkul) ប្រធាន​សភាពាណិជ្ជកម្ម​ថៃ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​បទ​ប្បញ្ញត្តិ​កម្ចីអនុគ្រោះ ដែល​អនុញ្ញាត​ស្ថាប័នហិរញ្ញវត្ថុ​ពិនិត្យ​កត្តា​ផ្សេង​ទៀត មិន​ត្រឹមតែ​មើល​លើ​ព័ត៌មាន​តែ​ឥណទាន​មួយ​មុខ ពី​ការិយាល័យ​ឥណទាន​ជាតិ​នោះ​ទេ​។

ក្រៅពី​ការ​ទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ​ងាយស្រួល​ជាង​មុន ម្ចាស់​អាជីវកម្ម​ក៏​ត្រូវការ​វិធានការ​ហិរញ្ញវត្ថុ​បន្ថែម​ទៀត សម្រាប់​ដោះស្រាយ​បំណុល ពិសេស​ក្នុង​ការ​ជួយ​លុប​ចោល​បន្ទុក​សងបំណុល​បច្ចុប្បន្ន​ជាដើម​។

ជាមួយនឹង​វិធានការ​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល​ប​ច្ចប្ប​ន្ន​នេះ សភាពាណិជ្ជកម្ម​ប្រទេស​ថៃ​គាំទ្រ​គំនិត​ក្នុង​ការ​ចាក់​បញ្ចូល​សាច់ប្រាក់​បន្ថែម​ទៀត​ទៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច សំដៅ​ជួយ​ពលរដ្ឋ ក៏​ដូច​ជា​អាជីវកម្ម​រង​គ្រោះ​អំឡុង​ពេល​បិទ​ខ្ទប់ និង​ជួយ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​។

នៅ​ដំណាក់កាល​ទី​បី​នេះ គម្រោង​ឧបត្ថម្ភ​សម្រាប់​ការ​ទូទាត់ រដ្ឋាភិបាល​គួរ​បង្កើន​នូវ​ការ​ឧបត្ថម្ភ​ធន​ក្នុង​ចំនួន​ទ្វេ​ដង​ឲ្យ​បាន​ដល់​ប្រមាណ​១៨៤​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់​។

ជាង​នេះ​ទៅ​ទៀត សភា​ពាណិជ​កម្ម​កម្ពុជា អំពាវនាវ​នូវ​ការ​បង្កើត កម្មវិធី​លិខិតឆ្លងដែន​បញ្ជាក់​ពី​ការ​បាន​វ៉ាក់សាំង​បែប​អេ​ឡិ​ត​ត្រូ​និ​ច ដែល​ជួយ​ដល់​គម្រោង​របស់​រដ្ឋាភិបាល ក្នុង​ការ​បើក​ប្រទេស​ឡើង​វិញ ដើម្បីរ​ទទួលភ្ញៀវ​ទេសចរណ៍​បរទេស​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​។

សូម​បញ្ជាក់​ថា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ប្រចាំ​ថ្ងៃ​នៅ​ប្រទេស​ថៃ​បាន​កញ្ជ្រោល​កើនឡើង​កាន់តែ​ខ្ពស់ ខណៈ​អ្នក​ស្លាប់​ក៏​មាន​កាន់តែ​ច្រើន​ដែរ ជាក់ស្ដែង តួលេខ​ប្រចាំ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ បង្ហាញ​ថា ថៃ​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ជាង​៨​ពាន់​៦​រយ​នាក់ និង ស្លាប់មាន​៨០​នាក់​។

ថ្មី​ៗ​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ ក៏​ទើបតែ​បាន​ប្រកាស​ថា នឹង​ធ្វើការ​ចាយ​វ៉ាក់សាំង​លាយ​គ្នា​ដោយ​អាច​ចាក់​ដូ​ស​ទី​១ វ៉ាក់សាំង​ប្រភេទ Sinovac របស់​ចិន ហើយ​ចាក់​ដូ​ស​ទី ២ ជា​វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស ដោយ​ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​នេះ ត្រូវ​បាន​គេ​ជឿ​ថា នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​វ៉ាក់សាំង​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩៕

អត្ថបទ៖ សុខ សិទ្ធិការ្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា នៅតែបង្កើនដើមទុនវិនិយោគរាប់លានដុល្លារនៅប្រទេសឡាវ ទោះបីកូវីដ-១៩មករំខាន

ព័ត៌មាន
ធនាគារអេស៊ីលីដា ថ្មីៗនេះ បានសម្រេចបង្កើនដើមទុនចុះបញ្ជីរបស់ធនាគារអេស៊ីលីដានៅប្រទេសឡាវ ប្រមាណជាង ៤លានដុល្លារបន្ថែមទៀត ទោះបីពិភពលោកក៏ដូ…

ភាគហ៊ុនក្រុមហ៊ុនចិននៅអាមេរិករង្គោះរង្គើ ក្រោយរដ្ឋចិនបង្ក្រាបក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Didi

ព័ត៌មាន
ភាគហ៊ុនក្រុមហ៊ុនចិននៅអាមេរិកដាំក្បាលចុះក្រោយការបង្ក្រាបដោយរដ្ឋចិន។ ចាប់តាំងពីមានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលចិន ទៅលើក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ