ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំបានមានប្រសាសន៍ថា ការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំមានគោលដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការបង្កើនប្រាក់ចំណូល, ការបង្កើតការងារ និងមុខរបរថ្មីបន្ថែមទៀត ជូនប្រជាពលរដ្ឋខេត្តកំពង់ធំ និងធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ចខេត្តកំពង់ធំ ក្រៅពីវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។
ដោយសារខេត្តកំពង់ធំស្ថិតនៅចំចំណុចកណ្ដាលនៃប្រទេសកម្ពុជា និងមានសក្ដានុពលទាក់ទាញខ្ពស់ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប ដូច្នេះ ឯកឧត្តម វង្សី វិស្សុត យល់ឃើញថា ការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់ខេត្តនេះ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីបង្កើនតម្លៃបន្ថែម និងបន្ថែមសក្ដានុពលនៃការទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក។ កត្តានេះវានឹងជួយធ្វើឱ្យខេត្តកំពង់ធំលែងគ្រាន់តែជាកន្លែងភ្ញៀវឆ្លងកាត់ ឬទៅហួសមកហួសដូចមុន ពោលគឺខេត្តនេះនឹងក្លាយជាគោលដៅកម្សាន្តអន្តរខេត្តទី១ មុននឹងទេសចរទៅដល់ខេត្តសៀមរាប ឬខេត្តព្រះវិហារ ឬក៏ដល់ភ្នំពេញ ឬជាខ្សែច្រវាក់គោលដៅទេសចរណ៍មួយតាមទិសពីភ្នំពេញទៅសៀមរាប-អង្គរ ឬពីសៀមរាប-ភ្នំពេញ ឬក៏ភ្ជាប់ទៅគោលដៅទេសចរណ៍ផ្សេងៗទៀត។
ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានចង្អុលទិសដៅអាទិភាពមួយពាក់ព័ន្ធនឹងការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំសម្រាប់អនុវត្តក្នុងរយៈពេល៣ ឬ៤ឆ្នាំ និងបានណែនាំឱ្យបង្កើតក្រុមការងារចំនួន២ ដោយក្រុមការងារទី១ ត្រូវសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់សំបូរព្រៃគុក ដែលមានសក្តានុពលខ្ពស់ខាងផ្នែកវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដោយត្រូវថ្ពក់ជាមួយសហគមន៍ និងតំបន់សក្តានុពលទេសចរណ៍ជុំវិញផ្សេងទៀត ឱ្យក្លាយជាផែនការអភិវឌ្ឍន៍ពហុទេសចរណ៍។ ចំណែកក្រុមការងារទី២ ត្រូវសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់ក្នុងក្រុងស្ទឹងសែនឱ្យមានលក្ខណៈរស់រវើក និងកាន់តែទាក់ទាញបន្ថែមតាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតដូចជាផ្សាររាត្រី និងការជិះទូកគយគន់ទេសភាពជាដើម។ បន្ថែមលើនេះ ឯកឧត្តម វង្សី វិស្សុត ជំរុញឱ្យសិក្សា និងរៀបចំឡើងវិញនូវរមណីយដ្ឋាន និងតំបន់ទេសចរណ៍ផ្សេងៗទៀតជាបន្តបន្ទាប់តាមក្រោយដូចជាការរៀបចំអភិវឌ្ឍន៍តំបន់ភ្នំសន្ទុកឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញខាងផ្នែកសាសនា, តំបន់ព្រៃប្រស់, សួនទឹកបឹងសំរិទ្ធ, តំបន់ព្រៃលិចទឹកបឹងទន្លេសាប និងតំបន់សហគមន៍ស្វាយចន្ទី ព្រមទាំងសកម្មភាពទាក់ទាញមួយចំនួនទៀត ដូចជាការរៀបចំវត្តគំរូ, មជ្ឈមណ្ឌលវិបស្សនា និងការដាំដើមឈើជាដើម។
ជាកិច្ចការបន្ទាន់ចំពោះមុខឯកឧត្តម វង្សី វិស្សុត ជំរុញឱ្យក្រុមការងារ និងអាជ្ញាធរខេត្តត្រូវគិតគូររៀបចំមុខម្ហូប ដែលមានរសជាតិឆ្ងាញ់ និងមុខទំនិញដែលប្លែក (ក្រៅពីស្វាយចន្ទី) តែជាលក្ខណៈសម្គាល់ពិសេសសម្រាប់ខេត្តកំពង់ធំ សម្រាប់បម្រើ និងលក់ជូនភ្ញៀវទេសចរ និងអ្នកដំណើរទូទៅដែលឆ្លងកាត់ខេត្តនេះផងដែរ។ ប៉ុន្តែត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាតម្លៃ, ភាពស្អាត, គុណភាព និងអនាម័យ ព្រមទាំងសេវា និងការបណ្តុះបណ្តាលផងដែរ៕
អត្ថបទ ខេមបូណូមីស, រូបភាពឯកសារ