ស្ថានភាពទីផ្សារផ្ទះល្វែង វីឡា និងខុនដូ

អ្នកជំនាញអចលនទ្រព្យពន្យល់ពី ស្ថានភាពទីផ្សារផ្ទះល្វែង វីឡា និងខុនដូ ក្នុងអំឡុងពេលកូវីដ-១៩


អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាមើលឃើញថា ទីផ្សារលក់ផ្ទះល្វែងនៅតែអាចរក្សាបាននូវភាពធន់ ទោះបីទីផ្សារអចលនទ្រព្យនៅកម្ពុជាត្រូវបានអុកឡុកដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ អូសបន្លាយយូរក៏ដោយ។ អ្នកជំនាញអចលនទ្រព្យបានអះអាងថា បើទោះបីជាការទិញលក់មានការថយចុះក៏ដោយ ប៉ុន្ដែ ចរន្ដនៃការទិញលក់ផ្ទះល្វែងនៅតែបន្តលក់ដាច់ជាហូរហែរ។
បុរីលំនៅដ្ឋាន​ក្នុង​រាជធានីភ្នំពេញ

ទោះ​យ៉ាងណា បើ​មើលទៅ​លើ​ទីផ្សារ​លក់​ផ្ទះ​វីឡា​ប្រណិត​ៗ ថ្លៃ​ៗ និង ខុន​ដូ​វិញ គឺ​នៅ​តែ​បន្ដ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ដដែល បើ​ធៀប​នឹង​ប្រភេទ​អចលនទ្រព្យ​ផ្សេង​ៗ​ទៀត ដ្បិត​អតិថិជន​ក្នុង​ទីផ្សារ​ផ្ទះ​វីឡារ និង ខុន​ដូ ទំនើប​ៗ នេះ មាន​ចំនួន​តិច និង ទីផ្សារ​ខុន​ដូរ​ភាគច្រើន​ជា​ជនបរទេស​។

លោក ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល និង ជា​អគ្គនាយក​ក្រុមហ៊ុន CPL ដែល​ជា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​អចលនទ្រព្យ​ដ៏​ធំ​ជាងគេ​មួយ​អស់​រយៈពេល​ជាង ២០​ឆ្នាំ​កន្លង​មកនេះ បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស ថា បើ​ទោះបីជា​ជំងឺ​កូ​វី​ដ​១៩ បាន​នឹង​កំពុង​បន្ត​អូស​បន្លាយ​រីក​រាលដាល​ឆ្លង​អស់​រយៈពេល ជិត​២​ឆ្នាំ​ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ និង សំណង់​រង​ប៉ះពាល់​យ៉ាងណា​ក្តី ប៉ុន្តែ​វិស័យ​នេះ​នូវ​តែ​មាន​ភាព​ធន់​ដដែល​។ ឧកញ៉ា ចេ​ង ខេ​ង កត់សម្គាល់​ឃើញ​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​តែ​មាន​សកម្មភាព​ទិញ​លក់​ជា​ធម្មតា​ទោះបីជា​សកម្មភាព​ទិញ​លក់​មានការ​ថប​ថយ​បន្តិច ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ អូស​បន្លាយ​ក៏​ដោយ​។ ឧកញ៉ា ចេ​ង ខេ​ង បន្ត​ថា បើ​និយាយ​ពី​ទីផ្សារ​លក់​ផ្ទះល្វែង​តម្លៃ​ទាប និង មធ្យម នៅ​តែ​មាន​តម្រូវការ​ដដែល ប៉ុន្ដែ បើ​មើលទៅ​លើ​ទីផ្សារ​ផ្ទះ​តម្លៃ​ថ្លៃ វីឡា ខុន​ដូ​វិញ គឺ​នៅ​តែ​បន្ដ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ដដែល​។

ដោយឡែក បើ​តាម លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ទីផ្សារ​ផ្ទះល្វែង​នៅ​តែ​មាន​ចរន្ត​ទិញ​លក់​ធម្មតា ទោះបី​ទីផ្សារ​ក្នុង​វិស័យ​អចលនទ្រព្យ​ជា​រួម កំពុង​រង​នូវ​ការ​រំខាន​អុកឡុក​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ក៏​ដោយ​។ ទោះបី​យ៉ាងនេះ​ក្តី បរិមាណ​ទិញ​លក់​ក្នុង​ទីផ្សារ​ផ្ទះល្វែង​ហាក់​មានការ​ថយ​ចុះបើ​ធៀប​នឹង​ការ​លក់​មុន​ពេល​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។  

អ្នកជំនាញ​រូប​នេះ បាន​គូសបញ្ជាក់​ថា កត្តា ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ផ្ទះល្វែង​នៅ​តែ​អាច​រក្សា​បាន​នូវ​ភាពរឹងមាំ ដ្បិត​ផ្ទះល្វែង​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ គួប​ផ្សំ​តម្រូវការ​នៅ​តែ​បន្ដ​មានការ​កើនឡើង​។ ទន្ទឹម​នឹង​ទីផ្សារ​ផ្ទះល្វែង​រក្សា​បាន​នូវ​ភាពរឹងមាំ ទីផ្សារ​ខុន​ដូ​ឯណេះ​វិញ ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា នៅ​តែ​ជា​វិស័យ​មួយ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពី​ឥទ្ធិពល​កូ​វី​ដ​-១៩​។ លោក ច្រឹ​ក សុខ​នី​ម បាន​គូសបញ្ជាក់​ថា មូលហេតុ ដែល​ទីផ្សារ​ខុន​ដូរ​ង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ គឺ​ដោយសារ​អតិថិជន​ខុន​ដូ​ភាគច្រើន​ជា​ជនបរទេស ខណៈ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ត្រូវ​បាន​រឹត​បន្តឹង ដោយសារ​វិធានការ​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឲ្យ​ជនបរទេស​ពិបាកធ្វើ​ដំណើរ​មក​កម្ពុជា​។

ពាក់ព័ន្ធ​បញ្ហា​ទីផ្សារ​ផ្ទះល្វែង​នេះ​ដែរ លោក ងួ​ន ឆាយ​លាង អគ្គនាយក​ក្រុមហ៊ុន Pointer បាន​អះអាង​ថា ក្រោយ​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ចរន្ត​ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា​ហាក់​មានការ​ថយ​ចុះ ពិសេស​ដី​នៅ​តំបន់​ឆ្ងាយ​ៗ និង​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​។ ប៉ុន្តែ​បើ​និយាយ​ពី​ផ្សារ​ផ្ទះល្វែង​វិញ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​រូប​នេះ សង្កេត​ឃើញ​ថា ការ​ទិញ​លក់​ផ្ទះល្វែង​នៅ​មាន​ចរន្ត​ជា​ហូរហែ គ្រាន់តែ​មានការ​ធ្លាក់​ចុះ​នូវ​បរិមាណ​បន្តិចបន្តួច​។ ការ​ធ្លាក់​ចុះ​នេះ ត្រូវ​បាន​លោក ឆាយ​លាង កត់សម្គាល​ឃើញ​ថា គឺ​បន្ទាប់​ពី​កូ​វី​ដ​-១៩ បង្ក​ការ​រំខាន​ដល់​ការ​ជួប​គ្នា​រវាង​លក់ និង​អ្នកទិញ ដ្បិត​ការ​ទិញ​លក់​អចលនទ្រព្យ​ត្រូវការ​មើល​ភាព​ជាក់ស្តែង​របស់​អចលនទ្រព្យ មុន​សម្រេចចិត្ត​ទិញ​។

បើ​តាម​ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាង​កន្លង​មក​ថា វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ​២០២១​ពុំ​មាន​ស​ញ្ហា​ណាមួយ​បង្ហាញ​ថា អាច​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២០ នោះ​ទេ ខណៈ​បច្ចុប្បន្ន​ការ​ទិញ​លក់​ក្នុង​វិស័យ​នេះ​គិត​ជា​រួម​គឺ​នៅ​មាន​សភាព​ស្ងាត់​នៅឡើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន Sinovac នឹងធ្វើតេស្តវ៉ាក់សាំងមួយប្រភេទទៀត ដែលមានប្រសិទ្ធភាពទប់ទល់មេរោគបំប្លែងថ្មី ឌែលតា

ព័ត៌មាន
ក្រុមហ៊ុនចិន Sinovac នឹងធ្វើតេស្តវ៉ាក់សាំងមួយប្រភេទទៀត ដើម្បីយកមកប្រើប្រាស់ប្រឆាំងនឹងកូវីដ១៩ ឌែលតា។ ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ ដែលបន្ត…

ក្រុមម្ចាស់អាជីវកម្មហាងកាហ្វេធំៗនៅកម្ពុជា៖ ទោះចំណូលធ្លាក់ចុះ តែអាជីវកម្មនេះនៅតែឈរជើងរឹងមាំ

ព័ត៌មាន
អាជីវកម្មហាងកាហ្វេកាលពីមុនពេលកូវីដ-១៩ ផ្ទុះរីករាលដាលឆ្លងចូលក្នុងសហគមន៍ បានរីកដុះដាលយ៉ាងខ្លាំង។ ប៉ុន្ដែ ចាប់តាំងពីមានកូវី-១៩ រាតត្បាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ