ប្រសិនបើក្រុមហ៊ុនទាំងពីរពិតជាអាចលេចចេញជារូបរាងមែននោះ វានឹងធ្វើឲ្យចំនួនក្រុមហ៊ុនផលិតសំបកកង់រថយន្តនៅកម្ពុជាកើនដល់៥ក្រុមហ៊ុន ហើយតាមរយៈក្រុមហ៊ុនទាំងនេះកម្ពុជារំពឹងអាចស្រូបទាញជ័រកៅស៊ូក្នុងស្រុកប្រមាណ២០ម៉ឺនតោនក្នុង១ឆ្នាំ។ តែយ៉ាងណាមកទល់ពេលនេះមានក្រុមហ៊ុនផលិតសំបកកង់រថយន្តតែមួយប៉ុណ្ណោះ ដែលបានប្រមូលទិញជ័រកៅស៊ូពីកសិករកម្ពុជា ក្រៅពីនេះប្រើប្រាស់ជ័រកៅស៊ូដែលនាំចូលពីប្រទេសជិតខាង។
នាវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងមានក្រុមហ៊ុនផលិតសំបកកង់រថយន្តចំនួនពីរបន្ថែមទៀត ដែលធ្វើឲ្យចំនួនក្រុមហ៊ុនផលិតសំបកកង់រថយន្តនៅកម្ពុជាកើនដល់៥ក្រុមហ៊ុន។
បច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះកំពុងស្វែងរក និងចរចាទីតាំងវិនិយោគជាមួយតំបន់សេដ្ឋកិច្ចពិសេសនានា។ តាមរយៈក្រុមហ៊ុនផលិតសំបកកង់រថយន្តទាំង៥នេះមន្ត្រីជាន់ខ្ពស់រូបនេះរំពឹងថា វានឹងជួយស្រូមទាញជ័រកៅស៊ូក្នុងស្រុកយ៉ាងតិច២០ម៉ឺនតោនក្នុងមួយឆ្នាំសម្រាប់បម្រើឲ្យផលិតកម្ម ដែលនឹងធ្វើឲ្យទីផ្សារជ័រកៅស៊ូនៅកម្ពុជាកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ កម្ពុជាបាននាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិទាំងផ្លូវការ និងក្រៅផ្លូវការប្រមាណ៥០ម៉ឺនតោនក្នុងមួយឆ្នាំ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ជា វុទ្ធី។
យ៉ាងណាក៏ដោយក្រុមហ៊ុនផលិតសំបកកង់រថយន្តនៅកម្ពុជាមិនសូវប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុកនោះទេ។ ជាក់ស្តែងនៅក្នុងចំណោមក្រុមហ៊ុនទាំងបី ដែលកំពុងធ្វើប្រតិបត្តិការផលិតសំបកកង់រថយន្តនៅកម្ពុជាមានក្រុមហ៊ុនតែមួយប៉ុណ្ណោះ ដែលប្រមូលទិញជ័រកៅស៊ូក្នុងស្រុកពីកសិករ ដោយមកទល់ពេលនេះក្រុមហ៊ុននោះបានប្រមូលទិញជ័រកៅស៊ូក្នុងស្រុកបានប្រមាណ១ម៉ឺន៤ពាន់តោនហើយ។ ចំណែកក្រុមហ៊ុនពីរផ្សេងទៀតនាំចូលផលិតផលពាក់កណ្តាលសម្រេចសម្រាប់បម្រើឲ្យផលិតកម្មផលិតសំបកកង់រថយន្តពីប្រទេសជិតខាង ដែលមន្ត្រីជាន់ខ្ពស់របស់ CDC វាយតម្លៃថា ផលិតផលទាំងនោះអាចបើប្រាស់វត្ថុធាតុដើមជ័រកៅស៊ូ ដែលកម្ពុជាបាននាំចេញ។
បើតាមការអះអាងរបស់ ឯកឧត្តម ជា វុទ្ធី កត្តាដែលធ្វើឲ្យក្រុមហ៊ុនផលិតសំបកកង់រថយន្តនៅកម្ពុជាមិនសូវប្រើប្រាស់ជ័រកៅស៊ូនៅក្នុងស្រុក ក៏ដោយសារកម្ពុជាខ្វះលទ្ធភាពក្នុងការផលិតផលិតផលពាក់កណ្តាលសម្រេច ដែលបម្រើឲ្យការផលិតសំបកកង់រថយន្ត ព្រោះថាដើម្បីអាចផលិតសំបកកង់រថយន្តមួយវាត្រូវការវត្ថុធាតុដើមប្រមាណ១០០មុខឯណោះ។ កត្តានេះហើយដែលបង្ខំឲ្យក្រុមហ៊ុនផលិតសំបកកង់រថយន្តទាំងនោះត្រូវនាំចូលផលិតផលពាក់កណ្តាលសម្រេចដែលផលិតចេញពីជ័រកៅស៊ូពីប្រទេសជិតដូចជាថៃ និងវៀតណាមជាដើម ដើម្បីបម្រើឲ្យផលិតកម្មរោងចក្ររបស់ពួកគេ។ ទន្ទឹមនឹងនេះ អគ្គលេខាធិការរងរូបនេះ ជំរុញ និងលើកទឹកចិត្តឲ្យវិនិយោគិនជាតិ និងអន្តរជាតិវិនិយោគលើឧស្សហកម្មគ្រឿងបង្គំផ្សេងៗ ដែលបម្រើឲ្យរោងចក្រផលិតផលិតផលសម្រេចនៅកម្ពុជា។
ពាក់ព័ន្ធនឹងស្ថានភាពវិនិយោគនៅកម្ពុជាឯកឧត្តម ជា វុទ្ធី កត់សម្គាល់ឃើញថា ទោះបីវិបត្តិកូវីដ-១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល ជាពិសេសបញ្ហាសង្គ្រាមនៅអ៊ុយក្រែនបានទាញទម្លាក់ការវិនិយោគនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន និងលើពិភពលោកក៏ដោយ តែរំហូរទុនវិនិយោគចូលមកកម្ពុជានៅស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ ដែលមានទំហំក្នុងរង្វង់ជិត៣,៦ពាន់លានដុល្លារក្នុង១ឆ្នាំ។ ជាក់ស្តែងនៅក្នុងរយៈពេល៦ខែឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន១២៨គម្រោងកើនឡើង១៧គម្រោងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន១១១គម្រោង។ តែយ៉ាងណាទំហំវិនិយោគនៅឆមាសទី១ឆ្នាំនេះ មានការធ្លាក់ចុះបន្តិចបើធៀបនឹងទំហំវិនិយោគក្នុងឆមាសទី១កាលពីឆ្នាំ២០២២ ដោយសារគម្រោងវិនិយោគនៅឆ្នាំ២០២៣ មិនសូវមានគម្រោងធំៗដូចឆ្នាំមុន។ វិនិយោគិនក្នុងស្រុកបានឈរកំពូលតារាង ដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា បន្ទាប់មកវិនិយោគិនចិន ដែលមានចំណែកជាង៤២%៕