CDC ថា វិនិយោគិន ៦០% បានវិនិយោគនៅក្រៅរាជធានីភ្នំពេញ

CDC ថា វិនិយោគិន ៦០% បានវិនិយោគនៅក្រៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ


នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លំហូរនៃការស្នើសុំគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្ម នៅតាមបណ្ដាខេត្តនានា មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសនៅខេត្តកំពង់ស្ពឺ ដែលតែងតែទទួលបានគម្រោងវិនិយោគ ជាបន្តបន្ទាប់។ ជាក់ស្ដែង នៅអំឡុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ប្រមាណ ៦០% ឯណោះ នៃគម្រោងដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទីតាំងនៅតាមបណ្ដាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
CDC ថា វិនិយោគិន ៦០% បានវិនិយោគនៅក្រៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តមួយ នៅក្នុងខេត្តកំពង់ស្ពឺ នាពេលថ្មីៗនេះ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីវឌ្ឍនៈភាពនិងភាពរីកចម្រើនក្នុងវិស័យវិនិយោគនៅកម្ពុជា ជាពិសេសការសម្លឹងឃើញឱកាសវិនិយោគរបស់វិនិយោគិន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា នារយៈពេល ៣ឆ្នាំចុងក្រោយនេះ។ ឯកឧត្តម សុខ ចិន្ដាសោភា បានគូសបញ្ជាក់ថា រោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឲ្យមានការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ចរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន។

ជាមួយគ្នានេះ ឯកឧត្តមបានកត់សម្គាល់ឃើញថា នៅរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ក្រុមវិនិយោគិនទាំងក្នុងស្រុក និងវិនិយោគិនបរទេស កាន់តែបង្ហាញការចាប់អារម្មណ៍ខ្លាំង លើការវិនិយោគនៅតាមបណ្ដាខេត្តផ្សេងៗដែលជាកន្លែងប្រមូលផ្ដុំដោយមនុស្សម្នា ដូចនៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ជាដើម។

បើតាមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅអំឡុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ប្រមាណ ៦០% ឯណោះ នៃគម្រោងដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទីតាំងនៅតាមបណ្ដាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ក៏បានកត់សម្គាល់ឃើញដែរថា បច្ចុប្បន្ន ក្រុមវិនិយោគិនហាក់កាន់តែសម្លឹងឃើញឱកាសវិនិយោគនៅតាមបណ្ដាខេត្តនានាច្រើនជាងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ពិតប្រាកដមែន។ កត្តាដែលធ្វើឲ្យក្រុមវិនិយោគិនងាកទៅរកការវិនិយោគនៅតាមបណ្ដាខេត្តនានាវិញ គឺដោយសារតែ បច្ចុប្បន្ននេះ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្ដាខេត្ត កាន់តែមានលក្ខណៈល្អប្រសើរ មិនចាញ់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នោះទេ។ ម្យ៉ាងវិញទៀត ការដឹកជញ្ជូនទំនិញពីទីតាំងនៅតាមបណ្ដាខេត្ត ទៅកាន់កំពង់ផែ ហាក់មិនមានលក្ខណៈស្មុគស្មាញច្រើន មានតម្លៃដឹកជញ្ជូនទាប ថែមទាំងគ្មានការកកស្ទះចរាចរណ៍ ដែលធ្វើឲ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញទៀតផ។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ ក៏បានកត់សម្គាល់ទៀតថា ស្ថានភាពវិនិយោគនៅកម្ពុជា កាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន និងមានសក្ដានុពលកាន់តែខ្លាំង ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពការខិតខំប្រឹងប្រែងកំណែទម្រង់បរិយាកាសវិនិយោគ និងធុរកិច្ចរបស់រដ្ឋាភិបាល ទោះបីប្រទេសប្រឈមនឹងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចសកល ក៏ដោយចុះ។

សូមបញ្ជាក់ថា នៅរយៈពេលពេញមួយឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិកម្ម សរុបចំនួន ១៨៦គម្រោង ជាមួយទុនវិនិយោគសរុបជាង ៤ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាមកើនឡើង ១៤៨% នៅត្រឹម២ខែដំបូងឆ្នាំនេះ

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា ទិន្នផល និងទីផ្សារគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំនេះ ហាក់មានភាពល្អប្រសើរឡើងវិញ ពោលគឺ ទាំងតម្លៃ គុណភាពគ្រា…

ស្ករត្នោតកំពង់ស្ពឺធ្លាក់ចុះការបញ្ជាទិញពីខាងក្រៅ ប៉ុន្ដែតម្លៃមានការកើនឡើងនៅឆ្នាំនេះ

ព័ត៌មាន
មន្ត្រីជំនួយការម្នាក់ នៃសមាគមន៍ស្ករត្នោតកំពង់ស្ពឺ បានគូសបញ្ជាក់ថា ការបញ្ជាទិញផលិតផលស្ករត្នោតកំពង់ស្ពឺ ដែលម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI) …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ