របាយការណ៍ដដែល បានឲ្យដឹងទៀតថា នៅ៥ខែ ដំបូងឆ្នាំ ២០១៩នេះ ពោលគឺ ចាប់ពីខែ មករា ដល់ខែឧសភា កន្លងទៅ កម្ពុជាបាននាំចេញទៅវៀតណាមសម្រេចបានជាង ៥៦០ លានដុល្លារអាមេរិក ពោលគឺបានកើនឡើងជាង ៦០ លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។
ជាមួយគ្នានេះ នៅ៥ខែដូចគ្នានេះដែរ វៀតណាម ក៏បាននាំចូលមកកម្ពុជាវិញ មានជាង ១.៧០០ លានដុល្លារអាមេរិកឯណោះ ដែលបានកើនឡើងខ្ពស់ជាង ៥ខែដំបូង កាលពីឆ្នាំ២០១៨ ប្រមាណជាង ២៨០ លានដុល្លាអាមេរិក។
ក្នុងនោះ ផលិតផលសំខាន់ៗដែលវៀតណាម នាំចូលកម្ពុជា មានដូចជា ដែក និងដែកថែប ប្រេងសាំង ផលិតផលវាយនភណ្ឌនិងសម្លៀកបំពាក់ និងផលិតផលកសិកម្មជាច្រើនទៀត ដូចជាត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនទៀត។
រីឯ ផលិតផល ដែលកម្ពុជានាំចេញទៅវៀតណាម វិញ មានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ បន្លែផ្លែឈើ និងផលិតផលជាច្រើនមុខទៀត។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងវៀតណាម សម្រេចបានដល់ ជាង ៤.៦០០ លានដុល្លារអាមេរិក កើនឡើងជាង ២៣% ធៀបនឹងឆ្នាំ ២០១៧។ ក្នុងនោះ វៀតណាមនាំចូលមកកម្ពុជា មានប្រមាណ ៣.៧០០ លានដុល្លារអាមេរិក ខណៈកម្ពុជានាំទៅវៀតណាមមានតែប្រមាណ ១.០០០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ បន្ថែមពីនេះ រដ្ឋាភិបាលប្រទេសទាំងពីរ ក៏ធ្លាប់បានប្តេជ្ញារួមគ្នាផងដែរថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ៥ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២០ ខាងមុខ។
តាមកាសែតវៀតណាម សៃហ្គន ជីអៃ ផុង បានឲ្យដឹងថា គិតត្រឹមខែ មេសាឆ្នាំ២០១៩ កន្លងទៅ វៀតណាមបានវិនិយោគនៅកម្ពុជាចំនួន ១៩០ គម្រោង ដែលមានតម្លៃទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារអាមេរិក ខណៈដែលកម្ពុជាបានវិនិយោគក្នុងប្រទេសវៀតណាមវិញ មាន១៩ គម្រោង ជាមួយទុនវិនិយោប្រមាណ ៦៥ លានដុល្លារអាមេរិក។
ជាមួយគ្នានេះ វៀតណាម ត្រូវបានគេចាត់ទុកថា ជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតទី៣ របស់កម្ពុជា ដែលទំហំពាណិជ្ជកម្មទ្វេភាគី មានកំណើនប្រមាណជិត ១០ %ក្នុងមួយឆ្នាំៗ៕