ទំនាក់ទំនងកម្ពុជាវៀតណាម

កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញកិច្ចចរចា ដើម្បីទទួលស្គាល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩


កម្ពុជា និងវៀតណាមបានឯកភាពគ្នាជំរុញកិច្ចចរចា ដើម្បីពន្លឿនការទទួលស្គាល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ទៅវិញទៅមក ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាលើចំណុចមួយចំនួនទៀតផងដែរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ។ នេះបើយោងតាមខ្លឹមសារនៃកិច្ចជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនឹងប្រធានាធិបតីវៀតណាមនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) រូបភាព៖ ហ្វេសប៊ុក នាយករដ្ឋមន្ត្រី

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ង្វៀ​ន សួន​ហ៊ុ​ក ប្រធានាធិបតី​វៀតណាម​មក​កាន់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២១ កម្ពុជា និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន​៧​ផង​ដែរ​។

នា​ជំនួប​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ជាមួយ​ឯកឧត្តម ង្វៀ​ន សួន​ហ្វ៊ុ​ក ប្រធានាធិបតី​វៀតណាម​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២១ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាដើម​។ បន្ថែម​លើ​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន ចេញចូល​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ប្រើប្រាស់​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត អ្នកនាំពាក្យ​ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន​។ 

ជុំវិញ​បញ្ហា​នេះ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​រួច​ហើយ ក្នុង​ការ​ជំរុញ​កិច្ចចរចា ដើម្បី​ព​ន្លឿ​ន​ការ​ទទួលស្គាល់​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចេញចូល​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​អាច​ដំណើរ​ចេញចូល​ទៅ​វិញ​ទៅ​មក​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រ​សិន​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ការ​ទទួលស្គាល់​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នេះ​។

ទន្ទឹម​នឹង​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​លើ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ ដើម្បី​ពង្រឹង និង​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។ ជាមួយ​គ្នា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន រួម​ជាមួយ​ឯកឧត្តម ង្វៀ​ន សួន​ហ្វ៊ុ​ក បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ និង​កិច្ចព្រមព្រៀង​សំខាន់​ៗ​ចំនួន​៧​ទៀត​ផង​។  

ឯកសារ និង​កិច្ចព្រមព្រៀង​ទាំងនោះ​រួម​មាន​ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​២០២២ រវាង​ក្រសួងមហាផ្ទៃ នៃ​កម្ពុជា និង​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​, ផែនការ​សហប្រតិបត្តិការ​ប្រចាំឆ្នាំ​២០២២ រវាង​ក្រសួងការពារជាតិ​កម្ពុជា និង​ក្រសួងការពារជាតិ​វៀតណាម​, កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​១៩ របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។

បន្ថែម​លើ​នេះ គឺ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​រវាង​ប្រធាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា​-​វៀតណាម​, អនុស្សា​រណៈ​នៃ​កិច្ចព្រមព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ​២០២១-២០២៥, អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​កម្ពុជា និង​វៀតណាម ស្ដី​ពី​ការ​បញ្ចប់​ការ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​រាជរដ្ឋាភិបាល​នៃ​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម និង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២២-២០២៣ រវាង​ក្រសួងយុត្តិធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងយុត្តិធម៌​វៀតណាម​។

គួរ​រំលឹក​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​នៅ​១០​ខែ​ក្នុង​ឆ្នាំ​២០២១ មាន​ទំហំ​ជិត​៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​៨៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ បច្ចុប្បន្ន​វៀតណាម​មាន​គម្រោង​វិនិយោគ​នៅ​កម្ពុជា​ចំនួន​១៨៨​គម្រោង ដែល​មាន​ទុន​វិនិយោគ​ជិត​៣​ពាន់​លាក​ដុល្លារ​អា​មេ​រិ​ក​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ចផ្អាកជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ដើម្បីសន្សំថវិកាបន្តប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចផ្អាកជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី និងការដំឡើងប្រាក់បៀវត្សតាមឋានន្តរស័ក្ដិ និងថ្នាក់របស់មន្ត្រីសម្រាប់ឆ្នាំ…

ចិនដាក់បម្រាមមន្ត្រីអាមេរិក៤រូប មិនឲ្យចូលទឹកដីចិន ជាការឆ្លើយតបនឹងទណ្ឌកម្មអាមេរិក

ព័ត៌មាន
ប្រទេសចិនបានហាមឃាត់មន្ត្រីអាមេរិកចំនួន ៤រូបដែលមកពីគណៈកម្មាការសេរីភាពសាសនាសហរដ្ឋអាមេរិក មិនឲ្យចូលក្នុងទឹកដីរបស់ខ្លួនឡើយ។ ការហាមឃាត់នេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ