ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការរឹតត្បិតរបស់ថៃ មិនឱ្យកម្ពុជា ដឹកទំនិញកសិផលឆ្លងកាត់ប្រទេសខ្លួនទៅកាន់ប្រទេសទី៣ កំពុងក្លាយជាបញ្ហាប្រឈមរបស់វិស័យឯកជនក្នុងការធ្វើកិច្ចពាណិជ្ជកម្ម។ ពាក់ព័ន្ធបញ្ហានេះ មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ ខែតុលា បានបើកកិច្ចប្រជុំពិភាក្សាលើកទី២ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលើសំណើរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ជាពិសេសពិនិត្យលើនីតិវិធី ឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នារួចរាល់កាលពីពេលកន្លងទៅលើការដឹកជញ្ជូនទំនិញឆ្លងកាត់ និងមុខទំនិញហាមឃាត់ ឬទំនិញកម្រិតកំណត់ណាមួយ ដើម្បីចរចាដោះស្រាយធ្វើយ៉ាងណាឱ្យកម្ពុជា អាចមានលទ្ធភាពនាំចេញកសិផលឆ្លងកាត់ប្រទេសថៃបាន។ តែយ៉ាងណាមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា បញ្ហានេះអាចត្រូវការចំណាយពេលច្រើនក្នុងការដោះស្រាយ។
បើតាមអះអាងរបស់ឯកឧត្តម វ៉ា រុតសាន ប្រសិនបើកម្ពុជា អាចដឹកទំនិញកសិផលឆ្លងកាត់តាមកំពង់ផែរបស់ថៃ ទៅកាន់ប្រទេសទី៣ នោះវានឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ទាំងពេលវេលា និងថវិកា។ បើតាមការតម្លៃរបស់មន្ត្រីជាន់ខ្ពស់រូបនេះ កម្ពុជាអាចចំណេញថ្លៃដឹកជញ្ជូនចន្លោះពី៥រយដុល្លារទៅ១ពាន់ដុល្លារក្នុង១ទូកុងតឺន័រ បើអាចដឹកទំនិញឆ្លងកាត់ប្រទេសថៃ។ អ្វីដែលកាន់តែពិសេសទៀតនោះ កំពង់ផែរបស់ថៃ សម្បូរទូកុងតឺន័រត្រជាក់ ដែលផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនកសិផលស្រស់របស់កម្ពុជា។
ឯកឧត្តម វ៉ា រុតសាន បានឱ្យដឹងដែរថា ដើម្បីដោះស្រាយបញ្ហា និងសម្រួលដល់វិស័យដឹកជញ្ជូនកម្ពុជាក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានាជាបន្តបន្ទាប់ តួយ៉ាងដូចជាកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ និងព្រែកជីកហ្វូណនតេជោជាដើម ដើម្បីជួយធ្វើឱ្យវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាន់តែមានភាពប្រកួតប្រជែងនាថ្ងៃអនាគត។
បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា កន្លងមកការដឹកជញ្ជូនកសិផលរបស់កម្ពុជា ត្រូវធ្វើឡើងឆ្លងកាត់តាមប្រទេសវៀតណាម ដើម្បីនាំចេញទៅកាន់ប្រទេសគោលដៅ ប៉ុន្តែសម្រាប់ការនាំចេញកសិផលពីបណ្តាខេត្តជាប់ព្រំប្រទល់ថៃ តាមច្រកប្រទេសវៀតណាមនេះ តម្រូវឱ្យកម្ពុជា ចំណាយថ្លៃដឹកជញ្ជូនខ្ពស់ និងពេលវេលាយូរ ដែលធ្វើឱ្យការនាំចេញកសិផលរបស់កម្ពុជា បាត់បង់ភាពប្រកួតប្រជែង៕