៥៥០លានដុល្លារជាការចំណាយលើដំណើរកម្សាន្ដបុណ្យចូលឆ្នាំ

ចំណូល៥៥០លានដុល្លារហូរចូលសេដ្ឋកិច្ច តាមរយៈការចំណាយរបស់ពលរដ្ឋលើដំណើរកម្សាន្ដបុណ្យចូលឆ្នាំ


ក្រសួងទេសចរណ៍បានអះអាងថា អំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានប្រជាជនធ្វើដំណើរកម្សាន្ដជាង ៥លាននាក់ នៅទូទាំងប្រទេសនោះ ឃើញថាពលរដ្ឋបានចំណាយសរុបលើការធ្វើដំណើរមានជាង២៧៥លានដុល្លារ ហើយការចំណាយនេះ បានផ្ដល់នូវលំហូរប្រាក់ចំណូលដល់ចរន្ដសេដ្ឋកិច្ចដល់ទៅជាង៥៥០លានដុល្លារអាមេរិកឯណោះ។
ភ្ញៀវទេសចរណ៍ដើរកម្សាន្នអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រូបភាព៖ ក្រសួងទេសចរណ៍

បើតាមក្រសួងទេសចរណ៍ ទេសចរចំណាយច្រើនជាងគេ គឺខេត្តកំពង់ចាម មានរហូតប្រមាណ ៥៤លានដុល្លារ ខណៈខេត្តព្រះសីហនុ ជាប់លំដាប់ទី២ មាន៤៨លានដុល្លារ និងខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ៣ មាន៣១លានដុល្លារ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ ទី១៤-១៧ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរសរុបរហូតជាង ៥លាននាក់ បានដើរកម្សាន្ត នៅតាមតំបន់ទេសចរណ៍ និងរមណីដ្ឋាននានា ទូទាំងប្រទេស ខណៈបាត់ដំបង មានទេសចរទៅកម្សាន្តច្រើនជាងគេ រហូតប្រមាណ៦៥ម៉ឺននាក់។ ដ្បិតថា តួលេខបង្ហាញថា ខេត្តបាត់ដំបង ជាខេត្តដែលមានទេសចរទៅកម្សាន្តច្រើនជាងគេ ក៏ពិតមែន តែខេត្តដែលភ្ញៀវទេសចរបានចំណាយថវិកាច្រើនជាងគេ លើដំណើរកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ គឺខេត្តកំពង់ចាម ដែលទេសចរបានចាយថវិការហូតប្រមាណ ៥៤លានដុល្លារ និងមានភ្ញៀវទេសចរប្រមាណ ៥៤ម៉ឺននាក់ ទៅកម្សាន្តនៅទីនោះ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា សន្ទុះនៃភ្ញៀវទេសចរអំឡុងពិធីបុណ្យចូលឆ្នាំ គឺជាសញ្ញាណវិជ្ជមាន សម្រាប់វិស័យទេសចរណ៍និងធ្វើឲ្យវិស័យនេះ អាចងើបឡើងវិញ បន្ទាប់ពីបានរងគ្រោះរយៈពេលជាង ២ឆ្នាំមកហើយនោះ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ បានកត់សម្គាល់ទៀតថា សកម្មភាពនៃភ្ញៀវទេសចរដើរហើរ រយៈពេល ៤ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ពិតជារួមចំណែកសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន ក៏ដូចជា សេដ្ឋកិច្ចជាតិ ផងដែរ។ តាមរយៈសន្ទុះនៃទេសចរជាតិ និងទេសចរអន្តរជាតិផ្ទៃក្នុងនេះ លោកជំទាវ ឆាយ ស៊ីវលីន ក៏មានសុទិដ្ឋិនិយមដែរថា នឹងអាចទាក់ទាញ ក៏ដូចជា បង្កើននូវទំនុកចិត្តដល់ទេសចរបរទេស ដែលមានបំណងចូលមកកម្សាន្តនៅកម្ពុជា ផងដែរ។

យ៉ាងណាមិញ បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរ សរុបជាង ៥លាននាក់ ដែលបានដើរកម្សាន្ត និងចំណាយថវិកាផ្ទាល់ប្រមាណ ២៧៥លានដុល្លារ នោះ ការចំណាយរបស់ទេសចរជាតិមានប្រមាណ ២៦៤លានដុល្លារ និងចំណាយទេសចរបរទេសផ្ទៃក្នុងមានប្រមាណ ១១លានដុល្លារ។ តាមការវាយតម្លៃរបស់រដ្ឋមន្រ្តីទេសចរណ៍ ភាគច្រើនទេសចរបានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ និងទេសចរណ៍ជាក្រុម ហើយជាមធ្យមការធ្វើដំណើរជាគ្រួសារត្រូវចំណាយអស់ប្រមាណ ១៦១ដុល្លារ/ថ្ងៃ ខណៈទេសចរជាក្រុមចំណាយជាមធ្យមប្រមាណ ២៩៤ដុល្លារ/ថ្ងៃ។ ដោយឡែក សម្រាប់ទេសចរបុគ្គលចំណាយជាមធ្យមប្រមាណ ៤៥ដុល្លារ/ថ្ងៃ។ រីឯទេសចរកម្សាន្តវិលល្ងាច  ចំណាយម្នាក់ជាមធ្យមប្រមាណ ២៤ដុល្លារ/ថ្ងៃ។

ជាមួយគ្នានោះ ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ទៀតថា ខេត្តដែលមានទេសចរចំណាយច្រើនជាងគេ គឺខេត្តកំពង់ចាម មាន៥៤លានដុល្លារ, ខេត្តព្រះសីហនុ មាន៤៨លានដុល្លារ, ខេត្តបាត់ដំបង មាន៣១លានដុល្លារ, និងខេត្តសៀមរាប មាន៣០លានដុល្លារ។ បើតាមរដ្ឋមន្រ្តីទេសចរណ៍ បើគិតពីមេគុណសេដ្ឋកិច្ច ការចំណាយរបស់ទេសចរផ្ទៃក្នុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះអាចបង្កើតនូវចំណូលហូរចូលចរន្តសេដ្ឋកិច្ចជាតិ ប្រមាណ ៥៥០លានដុល្លារ។ ក្រុមអ្នកជំនាញជឿជាក់ថា តាមរយៈសកម្មភាពទេសចរដើរកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំខ្មែរ ជាសញ្ញាណវិជ្ជមាននិងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ABA ចូលរួមគាំទ្រដល់គម្រោងមនុស្សធម៌ និងការអប់រំរបស់ TYDA និង AMT

ព័ត៌មាន
ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​ សម្តេចតេជោ (TYDA…

ទីផ្សារជួលអគារពាណិជ្ជកម្ម និងផ្សារទំនើប ប្រែប្រួលកម្រិតណា នៅត្រីមាសទី១ឆ្នាំ២០២២?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានគូសបញ្ជាក់ថា ទីផ្សារជួលអគារពាណិជ្ជកម្ម និងផ្សារទំនើបនៅត្រីមាសទី១ឆ្នាំ២០២២ ហាក់មានភាពល្អប្រសើរឡើងវិញបន្តិចហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ