ទិវាសម្អាតពិភពលោក ១៥ កញ្ញា ត្រូវបានគេឲ្យដឹងថា មានប្រទេសជាង ១៥០ប្រទេស ប្រារព្ធទិវានេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសំរាម និងបរិស្ថាន នៅជុំវិញពិភពលោក។ នៅកម្ពុជា ព្រឹត្តិការណ៍នេះប្រារព្ធធ្វើនៅមុខទីស្ដីការក្រសួងបរិស្ថាន។
លោក អ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានចូលរួមជាតំណាងរបស់ក្រុមហ៊ុន នៅក្នុងយុទ្ធនាការទិវាសម្អាតពិភពលោកនេះ បានថ្លែងថា ជានិច្ចកាល ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងយកចិត្តទុកដាក់ខ្ពស់ ទៅលើបរិស្ថាន នៅក្នុងការអភិវឌ្ឍគម្រោងបុរីលំនៅដ្ឋានរបស់ខ្លួន។
លោក អ៊ុក វីឡា ថ្លែងថា ៖ «បុរី ប៉េង ហួត តាំងពីគម្រោងមួយ រហូតដល់គម្រោងជាង ២០ នៅរាជធានីភ្នំពេញ ជាចក្ខុវិស័យរបស់យើង គឺគុណភាពនិងបរិស្ថានជាចម្បង។ អ៊ីចឹង គ្រប់គម្រោងដែលយើងបានបង្កើតឡើង រយៈពេលជាង ១០ឆ្នាំមកនេះ គឺយើងយកចិត្តទុកដាក់ទៅលើបរិស្ថានស្អាត លំហបៃតង ដើម្បីផ្ដល់ការរស់នៅដល់ប្រជាជន ប្រកបដោយផាសុកភាព»។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដម អៀង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា សំរាមគឺជាសត្រូវលាក់មុខ ដែលឥឡូវត្រូវបានបើកមុខហើយ ដូច្នេះ យើងទាំងអស់គ្នាត្រូវរួមគ្នាកម្ចាត់សត្រូវសំរាមនេះ ពីពេលនេះតទៅ។
នៅក្នុងយុទ្ធនាការសម្អាតពិភពលោក គេសង្កេតឃើញអ្នកចូលរួមបានប្រើប្រាស់ថង់ម្យ៉ាងដែលអាចរលាយបាននិងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ដើម្បីប្រមូលសំរាម។
គួរកត់សម្គាល់ថា នៅរាជធានីភ្នំពេញ របាយការណ៍បង្ហាញថា សំរាមនិងសំណល់ពីគេហដ្ឋានមានប្រមាណ ២៧០០តោនក្នុងមួយថ្ងៃៗ។ ហើយក្នុងនោះ ១៨% គឺជាសំណល់ផ្លាស្ទិក។ កន្លងមក ក្រសួងបរិស្ថានបានចាត់វិធានការមួយចំនួន ដើម្បីកាត់បន្ថយបរិមាណសំរាមដែលរាយប៉ាយនៅតាមដងផ្លូវ។ ផ្សារទំនើបធំៗ ក្នុងរាជធានី ត្រូវបានតម្រូវឲ្យគិតប្រាក់ពីអតិថិជនសម្រាប់ការប្រើថង់ផ្លាស្ទិក ក្នុងបំណងកាត់បន្ថយសំណល់ផ្លាស្ទិក៕