ហេដ្ឋារចនាសម្ព័ន្ធតំបន់​ ពហុកីឡដ្ឋាន​ជាតិ មរតកតេជោ

សម្ដេច ហ៊ុន សែន ស្នើអ្នកឧកញ៉ា លី យ៉ុងផាត់ «ឲ្យផ្ដល់ដី ធ្វើផ្លូវបន្ថែម ក្នុង​តំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ»


សម្តេច ហ៊ុន សែន បានស្នើដល់អ្នកកឧកញ៉ា លី យ៉ុងផាត់ ដែលជាអ្នកអភិវឌ្ឍនៅតំបន់ទីក្រុងរណបលី យ៉ុងផាត់ ត្រូវផ្ដល់ដី សម្រាប់រាជរដ្ឋាភិបាលយកមកអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់បន្ថែម នៅក្នុង​តំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈដែលពហុកីឡដ្ឋានដ៏ធំតម្លៃប្រមាណ ១៧០ លានដុល្លារអាមេរិកមួយនេះ នឹងត្រៀម​ទទួលរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ។
សម្ដេច ហ៊ុន សែន ស្នើអ្នកឧកញ៉ា លី យ៉ុងផាត់ ឲ្យផ្ដល់ដី ធ្វើផ្លូវក្នុងតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ

ថ្លែង​ក្នុង​ ពិធី​ពិនិត្យការដ្ឋាន​សាងសង់​ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅក្នុង​តំបន់​ពហុកីឡដ្ឋានជាតិ មរតកតេជោនេះ គឺនៅមិនទាន់​គ្រប់គ្រាន់​នៅឡើយទេ សម្រាប់​ការ​បម្រើ​ដល់​ការប្រកួត​កីឡាស៊ីហ្គេម​នៅឆ្នាំ​២០២៣ ខាងមុខនោះ។

នៅចំពោះ មុខអ្នកឧកញ៉ា លី យ៉ុងផាត់ និង​អ្នកមុខអ្នកការ រួមទាំងភ្ញៀវ​ចូលរួម​ពិធី​ជាច្រើននាក់ផងនោះ សម្ដេច ហ៊ុន សែន​ក៏បាន​ស្នើ​ដល់​អ្នកកឧកញ៉ា លី យ៉ុងផាត់ ឲ្យ​ផ្ដល់ដី​ដែលជា​កម្មសិទ្ធិ​របស់ខ្លួន ទៅឲ្យ​រដ្ឋ​ដើម្បី​យកមកអភិវឌ្ឍ​សាងសង់ផ្លូវ ហើយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រូវ​ចាត់ចែង​ចំពោះ​ថវិកាចំណាយ​សម្រាប់​ការ​សាងសង់​ផ្លូវនេះ។ 

សម្ដេច ហ៊ុន សែន​ បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ ឧកញ៉ាលី យ៉ុងផាត់ មកទីនេះស្រាប់ហើយ អញ្ចឹង​បញ្ហា​ច្បាស់ណាស់​គឺត្រូវ​ធ្វើផ្លូវឆ្លងកាត់​តំបន់នេះ មួយចំនួនទៀត ដែលក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវតែផ្ដល់ចេញ​នូវថវិកា។ ឥឡូវ​ផ្លូវ​ត្រូវភ្ជាប់ពីខាងណា ទៅខាងណាទៀត ទៅម្ខាងទន្លេ​វាច្បាស់ជា​ទៅមិនរួចទេ ប៉ុន្ដែ គេអាច​បំបែកផ្លូវ ដែលមិនអាច​ឲ្យទៅស្ទះ​តែម្ដុំមាត់ច្រក​តែមួយកន្លែង។ ប៉ុន្ដែ ចេញទៅផ្លូវ​ជាតិលេខ ៦អា គឺច្បាស់ជា​ត្រូវធ្វើឲ្យ​បាន​មាំទាំ ព្រោះផ្លូវ​ប៉ុណ្ណេះ​នៅពេលនោះ [អំឡុងកម្ពុជា​ធ្វើជាម្ចាស់​ផ្ទះ​ប្រារព្ធកីឡា​ស៊ីហ្គេម] ​មិនទាន់គ្រប់គ្រាន់ទេ»។

បើតាម​សម្តេច ហ៊ុន សែន ការសាងសង់​ផ្លូវនេះ គឺ​នឹង​មិនធ្វើប្រវែងវែងនោះទេ ប៉ុន្ដែ ត្រូវធ្វើ​ក្នុងទំហំ​ធំ ដើម្បី​បញ្ជៀស​បញ្ហាកកស្ទះ​នាអំឡុងពេល​ការ​ប្រារព្ធកីឡា​ ស៊ីហ្គេម។ បន្ថែមពីនេះ ផ្លូវនេះ មិនត្រឹមតែ​ផ្ដល់​ប្រយោជន៍​សម្រាប់​ការប្រារព្ធ​កីឡាស៊ី​ហ្គេម​តែមួយមុខនោះទេ តែវា​ក៏មានប្រយោជន៍​ដល់ក្រុមហ៊ុន អ្នក​កឧកញ៉ា លី យ៉ុងផាត់ និងប្រជាពលរដ្ឋ​ផងដែរ។ 

«ហេដ្ឋារចនាសម្ព័ន្ធនេះ ចាំបាច់​បម្រើឲ្យនូវ​សេចក្ដីត្រូវការ​នៃភ្ញៀវ​ចេញចូល ប្រជាពលរដ្ឋ​មកទស្សនា​នៅក្នុង​ពេលនោះ [អំឡុង​ការបារព្ធ​កីឡា​ស៊ីហ្គេម ២០២៣]។ ត្រូវមើលឲ្យ​បាន​ច្បាស់​អំពី​បញ្ហានេះ! ភ្ជាប់ពីចំណុចណា ទៅ​ចំណុច​ណា ត្រូវរៀបចំឲ្យ​បានច្បាស់ ហើយផ្លូវនេះ ​មិនវែងទេ គ្រាន់តែ​ត្រូវការ​ឲ្យមានទំហំ​ធំបន្តិច។ អញ្ចឹង​លោកឧកញ៉ា លី យ៉ុងផាត់ ត្រូវផ្ដល់ដី ហើយផ្ដល់​ដីគឺថា អាហ្នឹង​ជាផលប្រយោជន៍​របស់ក្រុមហ៊ុន​ដែរទេ។ ប៉ុន្ដែ វាក្លាយជាផ្លូវសាធារណៈ ដែលនឹង​បម្រើទៅឲ្យ​តំបន់នេះ សម្រាប់​ការប្រកួតផង និងក្រោយការ​ប្រកួត​ក៏នឹងប្រើប្រាស់​សម្រាប់​ការដឹកជញ្ជូន ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ»។ សម្ដេច ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ។ 

ពហុកីឡដ្ឋានជាតិមរតកតេជោ កំពុង​ស្ថិតក្នុងការ​សាងសង់ (រូបភាព៖ ហ្វេសប៊ុក សម្ដេច ហ៊ុន សែន)

តាម​ទំព័រ​ហ្វេសប៊ុកផ្លូវការរបស់ នាយករដ្ឋមន្ត្រី​កម្ពុជា បានឲ្យដឹងថា ពហុកីឡដ្ឋានជាតិ​មរតកតេជោ​នេះ ត្រូវបាន​សាងសង់លើ​ផ្ទៃដី ទំហំជាង ៨៥ ហិកតា ក្នុងតំបន់​អភិវឌ្ឍន៍​របស់ អ្នក​ឧកញ៉ា លី យ៉ុងផាត់។ ពហុកីឡដ្ឋានជាតិ​ដ៏សម្បើម​មួយនេះ​ត្រូវចំណាយ​ថវិកា​នៃការសាងសង់​ប្រមាណ១,០៥០ លានយ័ន ឬ ប្រមាណជា​១៦០ ទៅ១៧០ លានដុល្លារ​អាមេរិក ដែលជា​ជំនួយ​ឥតសំណង​ពីប្រទេសចិន។

សំណង់​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ត្រូវបាន​សាងសង់ជា ៣ ដំណាក់កាល ដោយមាន​រចនា​សម្ព័ន្ធ​កីឡាសំខាន់ៗ ដូចជា មណ្ឌល​កីឡា​ក្នុងសាលមណ្ឌល​កីឡា​ហែលទឹក, សាលហាត់​កីឡា​ប្រយុទ្ធ, អគារស្នាក់នៅ ,អាហារដ្ឋាន ,ទីលានហ្វឹកហាត់​ក្រៅអគារ , សាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា ,សាលហាត់​សាច់ដុំ ,សាលកាយសម្ព័ន្ធ, សាលកីឡា​បាញ់កាំភ្លើង,មជ្ឈមណ្ឌល​កីឡាហុកគី និងសាលកីឡា​ប្រពៃណី​ទៀតផង។ ពហុកីឡដ្ឋានជាតិនេះ​នឹងទទួលរៀប​ចំកីឡា​ស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ ដែលកម្ពុជា​នឹងធ្វើជាម្ចាស់​ផ្ទះលើកដំបូង។

ពហុកីឡដ្ឋានជាតិមរតកតេជោ កំពុង​សាងសង់ រូបភាពថតពីខាងលើ (រូបភាព៖ ហ្វេសប៊ុក សម្ដេច ហ៊ុន សែន)

នាឱកាសនោះដែរ សម្ដេច ហ៊ុន សែន ក៏បាន​ថ្លែង​អំណរគុណជាខ្លាំង​ពោះរដ្ឋាភិបាល​ចិន ដែលជាមិត្ត​ដែកថែប ដោយ​កន្លងមក​តែងតែ​បានចូល​រួមផ្តល់​ជាជំនួយ​ក្នុងការ​កសាងនូវ​សមិទ្ធផល​ជាតិសំខាន់ៗ​ដល់កម្ពុជា រួមទាំងពហុកីឡ ដ្ឋានជាតិ​នេះផងដែរ។ បើតាមការគូសបញ្ជាក់​របស់​​សម្តេច ហ៊ុន សែន បើគ្មានមិត្ត​ចិនទេ កម្ពុជា​មិនអាច​ទទួលបាន​សមិទ្ធផល​ជាតិសំខាន់ៗ​ដែលកំពុង​បម្រើ​ផលប្រយោជន៍​ដល់ប្រជាពលរដ្ឋ​​ដូចបាន​ឃើញ​សព្វថ្ងៃនេះទេ។

គួរបញ្ជាក់ថា នៅតំបន់​ពហុកីឡដ្ឋានជាតិ មរតក​តេជោនេះ បច្ចុប្បន្ន ក៏មានសំណង់​​វិមានឈ្នះឈ្នះ នៅទល់មុខនោះផងដែរ ខណៈដែល​ក្បែរនោះ ក៏មាន​សណ្ឋាគារ​ផ្ដាយប្រាំ កន្លែង​វាយកូនហ្គោល Garden City, សួនសត្វភ្នំពេញសាហ្វារី ព្រមជាមួយនឹង​សួនទឹកកម្សាន្ដ​ដ៏ធំជាងគេ​នៅអាស៊ាន Garden City Water Park ក៏កំពុង​សាងសង់​នៅតំបន់នោះដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​កាសែត​ទៅ​មើល​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម, ស្វាគមន៍​ដោយ​ឡាន​ស៊ីរ៉ែន​បើក​ផ្លូវ, ក្រុម​តន្រ្តី​កម្សាន្ត​និង​ម្ហូប​គ្រឿង​សមុទ្រ​ស្រស់ៗ

ព័ត៌មាន
បើក​ផ្លូវ​ដោយ​ឡាន​ស៊ីរ៉ែន​និង​ស្វាគមន៍​ដោយ​ក្រុម​តន្រ្តី​និង​ម្ហូប​គ្រឿង​សមុទ្រ​ស្រស់ៗ ក្រសួង​ការពារ​ជាតិ​បាន​នាំ​អ្នក​សារព័ត៌មាន​ទៅ​មើ…

នាយក​រដ្ឋមន្រ្តី៖ ចាប់​ពី​ថ្ងៃ​នេះ​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ចុះ​ចាប់​ត្រង់ៗ​ក្នុង​ការ​វះកាត់​មន្រ្តី​អាក្រក់

ព័ត៌មាន
នាយក​រដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ ទី២៩ ខែ​កក្កដា ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​​នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ