
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីថៃ មកកាន់ស្រុកកំណើតវិញ នៅតែមានជម្រើសច្រើនក្នុងការប្រកបកិច្ចការងារផ្សេងៗនៅកម្ពុជា ខណៈបច្ចុប្បន្នមានរោងចក្រ សហគ្រាសជាច្រើនកំពុងមានតម្រូវការកម្លាំងពលកម្មសម្រាប់បម្រើក្នុងខ្សែច្រវាក់ផលិតកម្ម។ ក្រៅពីនេះ ពលរដ្ឋខ្មែរ ក៏អាចចូលរៀនចំនាញវិជ្ជាជីវៈដោយមិនមានបង់ប្រាក់ពីកម្មវិធី ដែលរដ្ឋាភិបាលបានដាក់ចេញផងដែរ។ តែយ៉ាងណាអ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា ការប្រកបកិច្ចការណាមួយរបស់ពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់មកពីថៃ វាអាស្រ័យលើសាមីខ្លួន។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា នៅក្នុងស្ថានភាពនេះ ពលរដ្ឋខ្មែរគួរចាកចេញពីប្រទេសថៃ និងត្រលប់មកកម្ពុជាវិញ ដើម្បីស្វែងរកអាជីពច្បាស់លាស់មួយសម្រាប់កសាងអនាគត។ បើតាមអ្នកជំនាញរូបនេះ ការវិលត្រលប់មកវិញរបស់ពលរដ្ឋខ្មែរ គឺជាឱកាសល្អសម្រាប់កម្ពុជា ក្នុងការកៀរគរធនធានមនុស្សមកបង្កើតឱកាសពាណិជ្ជកម្ម និងពង្រីកសេដ្ឋកិច្ច។
ដោយឡែក ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ទី១០ ខែសីហា ពលរដ្ឋខ្មែរបានបន្តវិលចូលមកកម្ពុជាវិញជាបន្តបន្ទាប់។ បើតាមអ្នកនាំពាក្យរូបនេះ ពលរដ្ឋខ្មែរនៅតែមានឱកាសក្នុងការបម្រើការងារនៅក្នុងស្រុក ដែលបច្ចុប្បន្នកំពុងមានតម្រូវការកម្លាំងពលកម្មច្រើន។ បន្ថែមពីលើនេះ ពលរដ្ឋដែលកំពុងបម្រើការងារនានា ក៏អាចឆ្លៀតឱកាសរៀនជំនាញបណ្ដុះបណ្ដាល ដែលរដ្ឋាភិបាលបានរៀបចំចំនួន១,៥លាននាក់ ផងដែរ។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី១០ ខែសីហា មានពលរដ្ឋចាកចេញពីប្រទេសថៃ ចូលមកកម្ពុជា ចំនួនជាង៩០ម៉ឺននាក់ហើយ។ ការវិលត្រលប់របស់ពលរដ្ឋខ្មែរ គឺក្រោយពេលដែលពួកគេបានរងនូវការប្រើអំពើហិង្សា និងមានការរើសអើងពីក្រុមជ្រុលនិយមមួយចំនួនរបស់ថៃ បន្ទាប់ពីកម្ពុជា និងថៃ មានភាពតានតឹងលើខ្សែរបន្ទាត់ព្រំដែនរហូតឈានដល់ផ្ទុះអាវុធដែលបង្កឡើងមុនដោយកងទ័ពថៃ មកលើកងទ័ពកម្ពុជា៕
អត្ថបទ៖ បូ ដូឡា