
ជាមួយគ្នានេះអ្នកជំនាញក្នុងវិស័យអប់រំ បានចាត់ទុកការចាត់ចំណាត់អប់រំនៅកម្ពុជា របស់គេហទំព័រនេះ ហាក់មិនបានឆ្លុះបញ្ចាំងពីភាពពិតជាក់ស្តែងនៃវិស័យអប់រំនៅកម្ពុជា ដែលមានការកំណែទម្រង់ និងវិវត្តរីកចម្រើនខ្លាំងនៅ១៥ឆ្នាំចុងក្រោយ។ យ៉ាងណាមិញអ្នកជំនាញនៅអង្គការសង្គមស៊ីវិលយល់ឃើញថា ក្រសួងអប់រំ យុវជន និងកីឡា គួរតែទទួលស្គាល់ និងកែប្រែចំណុចខ្សោយរបស់ខ្លួន ដើម្បីធ្វើឱ្យវិស័យអប់រំនៅកម្ពុជា កាន់តែប្រសើរឡើងថែមទៀត។
នៅប៉ុន្មានថ្ងៃកន្លងមកនេះ គេហទំព័រអន្តរជាតិមួយ World Population Review 2025 បានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវមួយ ស្តីពីការចាត់ចំណាត់ថ្នាក់អប់រំរបស់ប្រទេសផ្សេង២នៅលើពិភពលោក ក្នុងនោះគេហទំព័រនេះ បានចាត់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជា នៅលេខរៀងទី១២០ នៅលើពិភពលោក និងឈរនៅក្រោមគេនៅក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យមានការជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្តាញសង្គម។ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលចំពោះការចាត់ចំណាត់ថ្នាក់នេះ ដោយក្រសួងអះអាងថា ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងមិនអាចទទួលយកបាននៅឡើយក្នុងការប្រៀបធៀប និងចាត់ចំណាត់ថ្នាក់នៃការអប់រំ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកនៃបណ្ដាញសាលារៀនវេសឡាញ អេឌ្យូខេសិនគ្រុប បានចាត់ទុកការចាត់ចំណាត់ថ្នាក់វិស័យអប់រំរបស់កម្ពុជា នៅលេខរៀងទី១២០ របស់គេហទំព័រ World Population Review 2025 ហាក់មិនទាន់មានភាពប្រាកដនិយមនៅឡើយ ដោយមិនទាន់បានគ្របដណ្ដប់ទូទាំងប្រទេសនៅឡើយទេ។ អ្នកជំនាញរូបនេះ បានអះអាងថា នៅក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ កំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា មានការវិវត្តយ៉ាងខ្លាំង ហើយតាមរយៈការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេសជាលទ្ធផលឃើញថា ការប្រកួតប្រជែងរវាងសិស្សខ្មែរ និងសិស្សបរទេស គឺសិស្សខ្មែរហាក់ទទួលបានល្អប្រសើរជាង។
ជាមួយគ្នានេះ លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ការវាយតម្លៃចាត់ចំណាត់ថ្នាក់ពីគុណភាពអប់រំរបស់គេហទំព័រ World Population Review 2025 គឺបានឆ្លើយតបទៅតាមស្ថានភាពជាក់ស្ដែង នៃវិស័យអប់រំ ក្នុងប្រទេសនីមួយ ដែលបានប្រើវិធីសាស្រ្តប្រមូលទិន្នន័យដូចៗគ្នា។ បើតាមអ្នកជំនាញរូបនេះ ក្រសួងអប់រំ និងយុវជនកីឡា គួរតែទទួលស្គាល់ចំណុចខ្សោយ ដើម្បីអាចស្វែងរកមធ្យោបាយថ្មីៗជួយលើកកម្ពស់វិស័យអប់រំបានប្រសើរថែមទៀត ដោយបច្ចុប្បន្នការរីកចម្រើនភាគច្រើនមាននៅតែតាមទីក្រុង និងទីប្រជុំជនមួយចំនួនតែប៉ុណ្ណោះ ដោយឡែកនៅតាមទីដាច់ស្រយាលហាក់នៅខ្វះបន្ទប់សិក្សា និងខ្វះគ្រូបង្រៀនមានជំនាញជាដើម។
បើយោងតាមសេចក្តីថ្លែងការណ៍ឆ្លើយតប និងបំភ្លឺរបស់ក្រសួងអប់រំ យុវជន និងកីឡា របាយការណ៍ចាត់ចំណាត់ថ្នាក់របស់ World Population Review 2025 ធ្វើឡើងតាមរយៈការស្ទង់មតិមនុស្សរាប់ពាន់នាក់ នៅទូទាំង៧៨ប្រទេស បន្ទាប់មកដាក់ចំណាត់ថ្នាក់ប្រទេសទាំងនោះដោយផ្អែកលើការឆ្លើយតបនៃការស្ទង់មតិនោះ ដែលការវាយតម្លៃអប់រំតាមរបៀបស្ទង់មតិជាសាធារណៈនេះត្រូវបានក្រុមអ្នកជំនាញនៅតាមប្រទេសមួយចំនួនច្រានចោលផងដែរ។ ជាទូទៅប្រទេសកំពុងអភិវឌ្ឍន៍មានទំនោរផ្តល់ឱ្យប្រពលរដ្ឋរបស់ពួកគេនូវគុណភាពនៃការអប់រំខ្ពស់ជាងប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ហើយសម្រាប់ប្រទេសដែលមានការអភិវឌ្ឍន៍ពេញលេញផ្តល់នូវគុណភាពនៃការអប់រំបានល្អដល់ប្រជាពលរដ្ឋរបស់ខ្លួន៕
អត្ថបទដោយ៖ ជា ម៉ារ៉ា