អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគម និងអង្គការចំនួន៣ លើគម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព”


នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនឲ្យរស់រវើកនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមអ្នកផលិតអាហារកម្ពុជា (CFMA) សមាគមសហគ្រិនស្ដ្រីកម្ពុជាខេត្តកោះកុង (CWEA) និងអង្គការ iDE Cambodia។
សហគ្រិនខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគម និងអង្គការចំនួន៣ លើគម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព”
ដោយ
អំពី Khmer Enterprise

កិច្ច​សហការ​នេះ​បង្ហាញ​ពីការចាប់ផ្តើមនៃគម្រោង "ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព" ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយឆ្ពោះទៅរកការកែលម្អជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់ឆ្នេរ។

គម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព” ត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពធន់នឹង អាកាសធាតុ និងនិរន្តរភាពនៃធនធានជលផលសមុទ្រនៅតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា។ គម្រោង​នេះ​ផ្តោត​លើ​ខេត្តជាប់មាត់សមុទ្រចំនួនបួននៃប្រទេសកម្ពុជាគឺ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង និង​ខេត្តព្រះសីហនុ ក្នុងគោលបំណងកែប្រែការធ្លាក់ចុះយ៉ាង​គំហុក​នៃ​ធន​ធាន​ជល​ផល​សមុទ្រដែលនេសាទបាន​ ជំរុញ​ការ​ធ្វើ​វារីវប្បកម្មសមុទ្រប្រកបដោយនិរន្តរភាព និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផែ​សហគមន៍​ឬទីតាំងសម្រាប់​ប្រមូល​ជល​ផលសមុទ្រ ដើម្បីកែលម្អគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ។ គម្រោង​នេះ​រំពឹងថាប្រមាណ ៤០% នៃការនេសាទនៅតំបន់ឆ្នេរសមុទ្រនឹងត្រូវបានកែលម្អឲ្យបានប្រសើរឡើងវិញ ប្រែ​ក្លាយ​ទៅជា​ការ​នេសាទ​ដែល​មានផលិតភាព និងនិរន្តរភាពជាងមុន រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​បន្សាំទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

លើសពីនេះ គម្រោងនឹងជំរុញការអភិវឌ្ឍវិស័យឯកជន ដោយផ្តល់លើកកម្ពស់សហគមន៍ និង​អាជីវកម្ម​ខ្នាត​តូច​នៅតំបន់ឆ្នេរ ដើម្បីធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគេ ទទួល​យក​ការ​អនុវត្ត​ប្រកប​ដោយ​និរន្តរភាព និងវិវត្តទៅជាសហគ្រាស។ គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​នេសាទ (CFis) ចំនួន ២៥ និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs) ចំនួន ១៥ ដែល​ជួយ​ដល់​គ្រួសារ​ប្រជានេសាទប្រមាណ ២០.០០០ គ្រួសារ និងសមាជិកសហគមន៍ផ្ទាល់ប្រមាណ ២០០.០០០នាក់។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “ក្នុងរយៈពេលប្រាំឆ្នាំនៃប្រតិបត្តិការ សហគ្រិនខ្មែរ​បាន​វិវត្ត​ទៅ​ជា​ថ្នាល​ជាតិ​ក្នុង​ការ​ជំរុញ​សហគ្រិនភាពនៅទូទាំងប្រទេសកម្ពុជា។ សហគ្រិនខ្មែរបាន​និង​កំពុង​សហការ​យ៉ាង​សកម្ម​ជា​មួយ​ដៃ​គូរ​អភិវឌ្ឍនៅក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រសហគ្រិនរបស់យើងនៅគ្រប់កម្រិត រួម​ទាំង​សហគ្រិន​នៅ​ក្នុង​សហគមន៍ផងដែរ។ សហគ្រិនខ្មែរមានសេចក្តីរំភើបរីករាយក្នុងការចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីនេះ ក្រោម​កិច្ច​សហការជាមួយស្ថាប័នដៃគូ និងសង្ឃឹមថាគម្រោងនេះនឹងជំរុញការបង្កើតសកម្មភាពអាជីវកម្ម និង​សហគ្រាស​​ឲ្យកាន់តែច្រើននៅក្នុងសហគមន៍នេសាទ (CFis) និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs)។

ចំពោះគម្រោងនេះ សហគ្រិនខ្មែរនឹងផ្តោតលើការជួយដល់កំណើននៃធុរកិច្ចថ្មី សហគ្រាសធុនតូចនិងមធ្យម (SMEs) សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់ឆ្នេរនៃប្រទេសកម្ពុជា។ កិច្ចការងារ​នេះនឹងសម្រេចបានតាមរយៈកម្មវិធីស្នូលចំនួនបួនរួមមាន ការលើកកម្ពស់វប្បធម៌សហគ្រិន ការអភិវឌ្ឍសមត្ថភាពសហគ្រិន ការកសាងបណ្តាញធុរកិច្ច ព្រមទាំង ការ​ចូលក្នុងទីផ្សារ​និងការទទួល​បាន​មូលនិធិ។ ការគាំទ្រនឹងត្រូវធ្វើឡើងក្រោមទម្រង់ផ្សេងៗរួមទាំង សកម្មភាពផ្សព្វផ្សាយ សិក្ខាសាលា​ស្តី​ពី​និរន្តរភាពធនធានជលផល ការបណ្ដុះបណ្ដាលផ្នែកអាជីវកម្ម ការអភិវឌ្ឍអាជីវកម្មសហគមន៍ ការផ្សារភ្ជាប់ទីផ្សារ ការបណ្តុះបណ្តាលអំពីសុវត្ថិភាពចំណីអាហារ មូលនិធិសម្រាប់ការចាប់ផ្ដើមអាជីវកម្ម និងការស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងសហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ។

ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានមានប្រសាសន៍ថា “សមាគមមាន សេចក្តីរំភើបរីករាយក្នុងការសហការជាមួយសហគ្រិនខ្មែរ និងចូលរួមជាមួយគម្រោង “ជលផលសមុទ្រ និង​តំបន់ឆ្នេរប្រកបដោយចីរភាព”។ កិច្ចសហការ​នេះ​មាន​គោល​បំណង​ជំរុញ​ការរីក​ចម្រើន​របស់​សហគមន៍​នេសាទ (CFis) និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs)។ សមាគមប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ ការកែច្នៃចំណី​អាហារគ្មានកាកសំណល់ (zero-waste) ការរួមបញ្ចូលបច្ចេកទេសតម្លៃបន្ថែម និងការពង្រឹងវិធាន​ការ​ធានា​គុណភាព ដើម្បីសម្រេចបានស្ដង់ដារនៃនិរន្តរភាព។”

លោកជំទាវ ថុង ណាត់ស្យា ប្រធានសមាគមសហគ្រិនស្រី្តកម្ពុជា សាខាខេត្តកោះកុង បានមានប្រសាសន៍ថា សមាគមមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមជាដៃគូសហការជាមួយ សហគ្រិនខ្មែរ ក្នុងការ​ជួយ​ជំរុញដល់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់អាជីវកម្មជាស្រ្តីនៅក្នុង​ខេត្តកោះកុង។ សមាគមសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូនេះនឹងអាចជួយពង្រឹងលើស្តង់ដាក្នុង​សង្វាក់​ផលិតកម្ម សិប្បកម្មនានា ជាពិសេស វិស័យម្ហូបអាហារ។ ក្នុងនោះដែរ សមាគមយើងក៏មានផែនការ ចូល​រួម​ពង្រឹងទៅលើវិស័យទេសចរណ៍ក្នុងខេត្ត ឲ្យកាន់តែមានសក្តានុពល ស្របជាមួយនឹងគោលការណ៍របស់ សហគ្រិនខ្មែរ ដែលផ្តល់អាទិភាពដល់ដៃគូដែលមានទីតាំងនៅជាប់តំបន់ឆ្នេរសមុទ្រ។

នាយកប្រចាំប្រទេសអង្គការ iDE Cambodia លោក Kevin Robbins បានលើកឡើងដោយមោទនភាពថា “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសហគ្រិនខ្មែរ គឺជាព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់ អង្គការ iDE។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រួសត្រាយផ្លូវ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ដ៏គួរឲ្យរំភើបរវាងអង្គភាពទាំងពីរជាមួយនឹងបេសកកម្ម និងចក្ខុវិស័យរួម ឆ្ពោះ​ទៅ​កាន់​ការ​គាំទ្រ​ដល់​សហគ្រិនក្នុងស្រុក និងប្រព័ន្ធអេកូឡូស៊ីសហគ្រិន។ ជាពិសេស នេះគឺជាឱកាសដ៏ល្អមួយសម្រាប់កម្មវិធី SHE របស់យើង ដែលជាកម្មវិធីមួយផ្តោត​លើ​ការ​ផ្តល់​ការ​គាំទ្រ​ដល់​សហគ្រិន​ប្រកប​ដោយ​ភាព​វៃឆ្លាត​ផ្នែក​យេនឌ័រ តាមរយៈការបណ្តុះបណ្តាលអាជីវកម្ម និងការពន្លឿនអាជីវកម្ម និងគំនិតផ្តួចផ្តើមផ្សេងៗទៀត ក្នុងការសហការជាមួយសហគ្រិនខ្មែរ សំដៅគាំទ្រដល់សហគមន៍តំបន់ឆ្នេរនៃប្រទេសកម្ពុជា។ យើងពិតជា កោតសរសើរចំពោះឱកាសសហការជាមួយ សហគ្រិនខ្មែរ ហើយ​យើង​នឹង​ធ្វើការ​រួម​គ្នា​ដើម្បី​លើក​កម្ពស់​ការអភិវឌ្ឍ​ប្រកបដោយបរិយាបន្ន និងធន់នៅក្នុងតំបន់ឆ្នេរនៃប្រទេសកម្ពុជា តាម​រយៈ​ការ​ពង្រឹង​សហគ្រិនភាព​នៅក្នុងសហគមន៍ទាំងនោះ។”

None



អត្ថបទបន្ទាប់


ស្ថាបនិកក្រុមហ៊ុនយក្ស BYD តស៊ូពីជីវិតក្មេងកំព្រា រហូតក្លាយមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ

នៅពេលដែលនិយាយដល់ឈ្មោះក្រុមហ៊ុន BYD គឺមានមនុស្សជាច្រើនបានស្គាល់ច្បាស់ថា ជាម៉ាករថយន្ដអគ្គិសនីដ៏ល្បីល្បាញមួយរបស់ចិន ដែលកំពុងមានភាពជោគជ័យខ្…

ការធ្វើតេស្តពិនិត្យសុខហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលអាម៉េរិក បង្ហាញថា ធនាគារអាម៉េរិកធំៗនៅឆ្នាំនេះ ប្រឈមការខាតបង់ធ្ងន់ធ្ងរជាងឆ្នាំមុន

លទ្ធផលនៃការធ្វើតេស្តពិនិត្យសុខភាពហិរញ្ញវត្ថុក្នុងវិស័យធនាគារដោយធនាគារកណ្ដាលអាម៉េរិក បានបង្ហាញថា ធនាគារធំៗបំផុតរបស់សហរដ្ឋអាម៉េរិក បានឆ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ