
ឆ្លើយតបនឹងការគំរាមនេះ អភិបាលរង និងជាអ្នកនាំពាក្យខេត្តបន្ទាយមានជ័យ បានអះអាងថា រដ្ឋបាលខេត្តបានដាក់លិខិតតវ៉ាចំពោះបញ្ហានេះរួចរាល់ហើយ ហើយពលរដ្ឋក៏បានត្រៀមការពារផ្ទះសម្បែងក្រោមការជួយការពារសុវត្ថិភាពពីកងកម្លាំងរបស់កម្ពុជា។ តើថៃ អាចប្រឈមបញ្ហាអ្វីខ្លះ ប្រសិនពួកគេហ៊ានបណ្ដេញពលរដ្ឋខ្មែរចេញពីផ្ទះសម្បែងលើទឹកដីខ្មែរ?
លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យខេត្តបន្ទាយមានជ័យ បានអះអាងថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់លិខិតតវ៉ាទៅកាន់ភាគីថៃ ដើម្បីប្រឆាំងនឹងផែនការបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរួចហើយ។ ជាមួយគ្នានេះពលរដ្ឋខ្មែរ ដែលរស់នៅតំបន់នោះ ក៏បានត្រៀមខ្លួនការពារដី និងផ្ទះសម្បែងពីការរំលោភបំពានមិនស្គាល់ច្បាប់ទម្លាប់របស់កម្លាំងថៃ ហើយកងទ័ពខ្មែរ ក៏កំពុងតៀមឈរជើងចាំការពារសុវត្ថិភាពជូនប្រជាជនខ្មែរ និងដែនអធិបតេយ្យភាពរបស់កម្ពុជា រួចរាល់ផងដែរ។ ការត្រៀមខ្លួននេះធ្វើឡើងក្រោយមេបញ្ជាការយោធភូមិ១ថ្មីរបស់ថៃ បានគំរាមប្រើកម្លាំងបាយបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ខាងលើ។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការចេញមុខមកព្រមានចំៗដោយផ្ទាល់របស់មេបញ្ជាការយោធភូមិភាគ១របស់ថៃ ចំពោះការអនុវត្តវិធានការដេញប្រជាពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់នេះ បានបញ្ជាក់យ៉ាងច្បាស់ពីចេតនារបស់ថៃ ក្នុងការចង់រំលោភបំពានលើបូរណភាពទឹកដីរបស់កម្ពុជា។ តែយ៉ាងណាអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ថៃគ្មានសិទ្ធិដេញពលរដ្ឋខ្មែរចេញពីលំនៅឋានដែលពួកគេបានរស់នៅជាច្រើនទស្សវត្សមកហើយនោះទេ ហើយប្រសិនថៃ នៅតែរឹងទទឹងបណ្ដេញពលរដ្ឋខ្មែរចេញពីទឹកដីខ្មែរ នោះថៃត្រូវប្រឈមនឹងបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ រំលោភលើសន្ធិសញ្ញាអន្តរជាតិ និងដែនអធិបតេយ្យភាពកម្ពុជា ពិសេសថៃនឹងត្រូវសហគមន៍អន្តរជាតិ ថ្កោលទោស និងមើលក្នុងផ្លូវអវិជ្ជមាន។
ដោយឡែក លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ យល់ឃើញថា ការប្រើប្រាស់ពាក្យសម្ដីរបស់ភាគីថៃ រាប់ចាប់តាំងពីមេភូមិភាគ រហូតដល់នាយករដ្ឋមន្ត្រី ដែលជំរុញឱ្យក្រុមយោធាបណ្ដេញពលរដ្ឋខ្មែរចេញពីទឹកដីខ្មែរនេះ វាបានង្ហាញពីមហិច្ចតាចង់ឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យកម្ពុជា យ៉ាងច្បាស់ក្រឡែត និងធ្វើឱ្យសហគមន៍អន្តរជាតិ ស្គាល់ចរិតរបស់ថៃ កាន់តែច្បាស់។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើថៃ ពិតជាហ៊ានបណ្ដេញពលរដ្ឋខ្មែរចេញពីភូមិ ដែលពួកគេបានរស់នៅជាយូរយារណាស់មកហើយមែន នោះវានឹងលាតត្រដាងឱ្យឃើញថា ជាជាតិសាសន៍ដែលមិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហាជម្លោះជាមួយកម្ពុជា ដោយសន្តិវិធី មិនគោរពច្បាប់អន្តរជាតិ និងធ្វើឱ្យថៃ បាក់មុខលើឆាកអន្តជាតិ។
គួរបញ្ជាក់ថា កាលពីកន្លងទៅអភិបាលខេត្តបន្ទាយមានជ័យ បានដាក់លិខិតតវ៉ាទៅកាន់ខេត្តស្រះកែវ ប្រឆាំងយ៉ាងដាច់អហង្ការចំពោះការប្រកាសអនុវត្តច្បាប់ព្រៃរបស់ថៃ មកលើពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ និងចាត់ទុកទង្វើបែបនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរបស់ពលរដ្ឋកម្ពុជា។ មួយវិញទៀត រដ្ឋបាលខេត្តស្រះកែវ ក៏មិនមានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់ថៃ លើសហគមន៍កម្ពុជា ដែលកំពុងរស់នៅតាមតំបន់ព្រំដែន និងអាស្រ័យផលក្នុងតំបន់ដែលមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ នោះដែរ៕
អត្ថបទ៖ ជា ម៉ារ៉ា