ករណីឆ្លងរីករាលដាល​កូវីដ-១៩

តើកម្ពុជា និងប្រទេសក្បែរខាងទាំងបី កំពុង​រង​ទុក្ខពីការរាតត្បាតកូវីដ-១៩​​យ៉ាងដូចម្ដេចខ្លះ?


កូវីដ-១៩នៅតែបន្តអុកឡុក និងរាលដាលក្នុងចំនួនដ៏ច្រើនគួរឲ្យព្រួយបារម្ភមែនទែននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសវៀតណាម ឡាវ និងថៃ ដែលសុទ្ធសឹងជាប្រទេសភូមិផងរបងជាមួយគ្នា។ ក្នុងចំណោមនោះ ប្រទេសថៃ និងវៀតណាមថ្មីៗនេះ កំពុងមានសភាពយ៉ាប់យ៉ឺនកាន់តែខ្លាំង ខណៈដែលករណីឆ្លងថ្មីនៅប្រទេសទាំងនេះ បានហក់ឡើងជាបន្ដបន្ទាប់ និងមានការដាក់ចេញវិធានការបិទខ្ទប់ទីក្រុង និងខេត្តមួយចំនួនផងដែរ។
ប្រទេសថៃរកឃើញកូវីដ-១៩បំប្លែងថ្មីពីឥណ្ឌា និងអាហ្វ្រិក ដែលមានកម្រិតចម្លងខ្ពស់
ដោយ

ខេមបូណូមីស សូមធ្វើការលើកយកនូវ​ស្ថានភាព​ទូទៅ​មួយចំនួនទាក់ទង​នឹងការឆ្លង​រីករាលដាល​កូវីដ-១៩ នៅប្រទេសកម្ពុជា រួមទាំង​ប្រទេស​ជិតខាង​ទាំងបី ថាតើ​បច្ចុប្បន្ន​ប្រទេសទាំងអស់នេះ កំពុង​ជួបប្រទះ​បញ្ហាអ្វីខ្លះ?​

ករណីឆ្លងថ្មី​នៅកម្ពុជា​នៅតែមាន​ខ្ពស់​ជិត​១ពាន់នាក់​ក្នុងមួយថ្ងៃ នៅមិនទាន់​ស្រាកស្រាន្ដនៅឡើយ

កម្ពុជាជាប់ឈ្មោះនៅលេខរៀងទី២ បន្ទាប់ពីសិង្ហបុរី ជាប្រទេសសម្រេចបានការចាក់វ៉ាក់សាំងច្រើនជាងគេនៅក្នុងតំបន់អាស៊ាន ដែលមានប្រទេសជាសមាជិកទាំង១០ ពោលបើគេគិតត្រឹមថ្ងៃទី១៧ ខែកក្កដា យុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជាសម្រេចបានជិត ៦០% ហើយ។ នេះបើតាមតួលេខពីក្រសួងសុខាភិបាល។ ដោយឡែក សិង្ហបុរីវិញ មានពលរដ្ឋប្រមាណ ៧១%នៃពលរដ្ឋសរុប ដែលយ៉ាងហោចណាស់ទទួលបានវ៉ាក់សាំងចំនួនមួយដូស។ នេះបើតាមទិន្នន័យដែលតាមដាន និងចងក្រងដោយសារព័ត៌មាន Reuters។

ជាមួយនឹងការចាក់វ៉ាក់សាំងបានក្នុងចំនួនដ៏ច្រើនបែបនេះ សិង្ហបុរីបានមើលឃើញពីការថមថយឥទ្ធិពលរបស់កូវីដ១៩រួចទៅហើយ នៅឡើយតែកម្ពុជាដែលកំពុងផុងខ្លួនងើបមិនទាន់រួចពីរលកឆ្លងដែលចាប់ផ្តើមបោកបក់ចាប់តាំងពីថ្ងៃទី២០ខែកុម្ភៈមកម្ល៉េះ។

កម្ពុជាកត់ត្រាពីចំនួនអ្នកឆ្លងថ្មីៗប្រចាំថ្ងៃក្នុងតួលេខជិត១ពាន់ករណី អស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នាមកហើយ ខណៈដែលអ្នកស្លាប់វិញមានចន្លោះពី២០ ទៅ៣០នាក់ជារៀងរាល់ថ្ងៃដូចគ្នា។ ប្រការនេះបានធ្វើឲ្យ​ចំនួនអ្នកស្លាប់សរុប​ដោយសារកូវីដ១៩នៅកម្ពុជាបានហក់ឡើងមកតួលេខ៤ខ្ទង់ ពោលគឺមានជាង ១ពាន់នាក់ ខណៈដែលអ្នកជំងឺជាច្រើនពាន់នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងមួយចំនួនទៀតសម្រាកព្យាបាលនៅតាមផ្ទះដោយខ្លួនឯង។

តាមរយៈគណនីបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនលោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​រមែងក្រើនរំឭក ព្រមាននិងទាញសញ្ញាអាសន្នជារឿយៗថា ​​កម្ពុជា​កំពុង​​ប្រឈម​​ការ​ឆ្លង​ផុត​បន្ទាត់​ក្រហម​ ដោយ​សោកនាដកម្ម​នៃ​សុខភាព​សាធារណៈ​​នៅ​កម្ពុជា​ក៏អាច​នឹង​កើត​ឡើង​ក្នុង​ពេល​ខាង​មុខផង​ដែរ​។

ការចេញមុខព្រមានរបស់លោកមន្ត្រីជាន់ខ្ពស់​ក្រសួ​ងសុខាភិបាលកម្ពុជា​ ធ្វើឡើងបន្ទាប់ពីមានការ​រកឃើញ​​វីរុសកូវីដ-១៩ បំប្លែងថ្មី «ឌែលតា» កាន់តែច្រើន​ឡើង​ពីពលករកម្ពុជា ដែលត្រលប់ពីប្រទេសថៃ ខណៈវីរុសកូវីដ-១៩ បំប្លែងថ្មី «អាល់ហ្វា» វិញបាននិងកំពុង​ចរាចរយ៉ាងសកម្ម​នៅកម្ពុជា​រួចទៅហើយ។

សូមបញ្ជាក់ថា កម្ពុជាបាន​រក​ឃើញ​វីរុសកូវីដ-១៩ បំប្លែងថ្មី«ឌែលតា» សរុប ៧៥ករណី ដែល​សុទ្ធតែជាករណីនាំចូល គិត​តាំងពីថ្ងៃទី ៣១ខែមីនា ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃទី ១៤ខែកក្កដា ឆ្នាំ ២០២១។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​កាលពីថ្ងៃសុក្រទី​១៦ខែ​កក្កដា​។

ប្រទេសវៀតណាមកំពុងមានការផ្ទុះឆ្លងកើនឡើងខ្ពស់មិនធ្លាប់មាន ខណៈការរឹតត្បិតបន្ដដាក់ចេញជាបន្ដបន្ទាប់

វៀតណាមនៅថ្ងៃអាទិត្យទី ១៨កក្កដាម្សិលមិញនេះ បានកត់ត្រាពីចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃ​ប្រមាណជិត២.៥០០ករណីបន្ថែមទៀត ដែលតួលេខនេះ​ធ្វើឲ្យអ្នកឆ្លងសរុបនៅវៀតណាម​បានកើនឡើងដល់ជាង ៥ម៉ឺននាក់ ខណៈអ្នកស្លាប់មានប្រមាណ២០០នាក់។

កូវីដ-១៩បានរាលដាលទៅក្នុង៥៨ខេត្តក្រុងនៃប្រទេសវៀតណាមរួចទៅហើយ ប៉ុន្តែទីក្រុងហូជីមីញ និងខេត្តភាពខាងត្បូង​នៃប្រទេសវៀតណាម ត្រូវបានសង្កេតឃើញថា ជាតំបន់ក្រហមដែលមានការឆ្លងរីរាលដាល​ច្រើនជាងគេបំផុត។​

ជាក់ស្តែង នៅក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ក្រុងហូជីមិញរកឃើញ​ករណីវិជ្ជមានកូវីដ១៩ដល់ទៅជិត ៧ពាន់ករណីទៅហើយ ដែលភាគត្រូវបានគេរកឃើញនៅក្នុងទីផ្សារលក់បោះដុំ និងតំបន់ឧស្សាហកម្ម ក៏ដូចជាតំបន់លំនៅដ្ឋានដែលមានប្រជាជនរស់នៅច្រើនកកកុះនៃទីក្រុងហូជីមិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។​

ប្រការទាំងនេះ បាននិងកំពុងជំរុញឲ្យ​ក្រុងហូជីមិញជួបប្រទះ​នឹងមហន្តរាយ​សុខាភិបាល ព្រមទាំងសេដ្ឋកិច្ច​​នៅក្នុងទីក្រុងពាណិជ្ជកម្ម​ដ៏ធំរបស់វៀតណាមមួយនេះ។ ជាក់ស្តែង បើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម VN Express បានឲ្យ​ដឹងថា ក្រុងហូជីមិញកំពុង​ជួបកង្វះខាត បន្លែផ្លែឈើ និងស្បៀងអាហារសំខាន់ៗ​ជាច្រើទៀត ដោយសារវិធានការ​ទប់ស្កាត់កូវីដ១៩បានបង្ក​ផលប៉ពាល់យ៉ាងខ្លាំង​ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ​ក្នុងទីក្រុងមួយនេះ។​

បើតាមការព្រមានពីលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក្រុងហូជីមិញ​នឹងបន្តកត់ត្រាពីករណីឆ្លងថ្មីៗ​កាន់ច្រើនបន្ថែមទៀត​នៅថ្ងៃខាងមុខ ដោយលោក​បានប្រកាសឲ្យ​អាជ្ញាធរក្រុង​មួយនេះ ត្រៀមលក្ខណៈឲ្យ​បានរួចស្រេច តាមរយៈការបន្ថែម​ចំនួន​ក្រុមគ្រូពេទ្យ និងបន្តសាងសង់​បន្ថែមនូវមន្ទីរពេទ្យ​ចល័តសម្រាប់​ទទួលអ្នកជំងឺកូវីដ១៩។

ប្រទេសថៃ​កំពុង​រងទុក្ខ​កាន់តែខ្លាំង​ ខណៈឆ្លងប្រចាំថ្ងៃហក់ឡើងដល់ជាង១ម៉ឺននាក់​ក្នុងមួយថ្ងៃ

ថៃក៏ជាប្រទេសក្បែរ​ខាងកម្ពុជាមួយ ដែលរងគ្រោះខ្លាំងណាស់ដែរ​ពីជំងឺកូវីដ១៩ ហើយថែមទាំងរងគ្រោះខ្លាំងជាងគេទៀតផង។

ជាតួលេខមួយគួរឲ្យភ្ញាក់ផ្អើលមែនទែន សម្រាប់ប្រទេសថៃ​ដែលនៅថ្ងៃអាទិត្យទី​១៨កក្កដាម្សិលមិញ ថៃបានរកឃើញ​ករណីឆ្លងថ្មី​ដល់ទៅជាង​​១ម៉ឺន១ពាន់ករណី ខណៈអ្នកស្លាប់​មានដល់ជាង ១០០នាក់។ នេះបើតាមទិន្នន័យ​ពីក្រសួង​សុខាភិបាលថៃ ហើយត្រូវបាន​យកមកចុះផ្សាយ​ដោយសារព័ត៌មានបាងកកបុស្តិ៍។

នៅចំពោះមុខការឆ្លងរាលដាល​កាន់តែខ្លាំងឡើងៗ រដ្ឋាភិបាលថៃបានសម្រេច​ពង្រីកវិសាលភាព​នៃវិធានការ​ទប់ស្កាត់កូវីដ១៩​ទៅកាន់ខេត្តចំនួនបី​បន្ថែម​ទៀតរួមមាន ឈុនបុរី អយុធ្យា និងខេត្ត ចរឆាងសៅ ខណៈដែល​ទីក្រុងបាងកក និងខេត្តទាំង១០ដែលបាននិងកំពុង​អនុវត្តវិធានការរដ្ឋបាល​រួចហើយនោះ ត្រូវបន្ថែមការហាមប្រាមមួយ​ចំនួនទៀតដូចជា ការបិទដំណើរការអាជីវកម្ម​ស្ទើរតែ​គ្រប់ប្រភេទ​ទៅហើយ លើកលែងតែ​កន្លែងលក់ម្ហូបអាហារ ថ្នាំ​សង្កូវ និងការដឹកជញ្ជូន​ទំនិញប៉ុណ្ណោះ។ ជាមួយគ្នានេះ កន្លែងលក់ទំនិញ​ក៏ត្រូវបិទទ្វារ​នៅត្រឹមម៉ោង​ចាប់ពីម៉ោង ៩យប់រហូតដល់ម៉ោង ៤ភ្លឺផងដែរ។​

សូមជម្រាបថា ករណីឆ្លងសរុប​នៅប្រទេសថៃ​កើនឡើង​ដល់ជាង ៤០ម៉ឺន​​ករណីហើយ ស្របពេលដែលអ្នកស្លាប់​សរុបមានជាង ៣.៣០០នាក់។ ភាគច្រើន​នៃករណីឆ្លង​ដ៏ច្រើននិងលឿនរហ័ស​ទាំងនេះ​ គឺដោយសារតែ​វត្តមាន​នៃមេរោគកូវីដ១៩បំប្លែងថ្មី អាល់ហ្វា និងឌែលតា ដែលកំពុងចរាចរយ៉ាងសកម្មក្នុងប្រទេសថៃ។

ប្រទេសឡាវ​កំពុង​ព្រួយបារម្ភ​ពីករណីកូវីដ-១៩​នាំចូលពីប្រទេសជិតខាង

ឡាវកំពុងព្រួយ​បារម្ភពីការកំណើន​ករណីឆ្លងកូវីដ១៩ ដែលភាគច្រើនត្រូវ​បានគេរកឃើញ​លើពលករចំណាកស្រុក ដែលត្រលប់ចូលប្រទេសឡាវវិញ ស្របពេលដែលប្រទេសក្បែរ​ខាងរបស់​ឡាវទាំងអស់កំពុងរងគ្រោះដោយកូវីដ១៩​យ៉ាងខ្លាំក្លា។ បើតាមតួលេខ​ពីអាជ្ញាធរឡាវ មាន១៥%នៃពលករឡាវត្រលប់ពី​ប្រទេសថៃ ត្រូវបានរកឃើញថា​ផ្ទុកជំងឺកូវីដ១៩។

អាជ្ញាធរនៅតាមព្រំដែន មានការព្រួយបារម្ភ​អំពីលទ្ធភាព​នៃការផ្ទុះទ្រង់ទ្រាយធំមួយ​នៅក្នុងប្រទេស​ឡាវ ប្រសិនបើការត្រួតពិនិត្យ និងការល្បាតតាមព្រំដែន​មិនត្រូវបានអនុវត្ត​ឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ ដើម្បី​រារាំង​ការឆ្លងព្រំដែន​ដោយខុស​ច្បាប់ទេនោះ។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អាជ្ញាធរឡាវ​បានកត់ត្រាពីករណីវិជ្ជមាន​ថ្មីចំនួន ១០៨ករណី ដែលជាចំនួនខ្ពស់បំផុត​ចាប់តាំងពីការផ្ទុះរាលដាលឡើង​ក្នុងសហគមន៍កាលពីពាក់កណ្តាលខែមេសាមក។ ក្នុងចំណោម​ករណីថ្មីទាំងនេះ មានតែ៤ករណីប៉ុណ្ណោះ ជាការចម្លងក្នុងសហគមន៍​ រីឯចំនួនក្រៅពីនោះ សុទ្ធសឹងជាករណីនាំចូល។

សូមបញ្ជាក់ថា ប្រទេសឡាវបានរកឃើញកូវីដ១៩ក្នុងចំនួនមួយតិចតួចនៅឡើយបើធៀបនឹងប្រទេសក្បែរខាងជាមួយគ្នា ពោលឡាវមានអ្នកឆ្លងកូវីដ១៩សរុបជាង ៣ពាន់នាក់ ស្លាប់៥នាក់ និងជាង១ពាន់នាក់កំពុងសម្រាកព្យាបាល។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៧ ខែកក្កដា ករណីឆ្លងកូវីដ-១៩​សរុប​នៅក្នុងប្រទេសទាំង១០​នៅអាស៊ាន បានកើនដល់​ប្រមាណជាង​៦លាននាក់ហើយ ដោយក្នុងនោះ ករណីស្លាប់​មានជាង​១១ម៉ឺននាក់។ ក្នុងនោះ ប្រទេស​ដែលមានករណីឆ្លងច្រើនជាងគេ គឺឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសថៃជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ដេចប្រដាល់ ប៉ាគីអៅ ត្រូវបានទម្លាក់​ពីតំណែងប្រធានបក្ស បន្ទាប់ពីរិះគន់ប្រធានាធិបតី ឌុយទែតេ

ព័ត៌មាន
តារាប្រដាល់ដ៏ល្បីល្បាញ​និងជាសមាជិកព្រឹទ្ធសភា​របស់​ប្រទេស​ហ្វ៊ីលីពីន លោក អេម៉ានូអ៊ែល ម៉ានី ប៉ាគីអៅ ត្រូវបានបោះឆ្នោតទម្លាក់ពីតំណែង​ជាប្រធ…

តើការបិទការធ្វើដំណើរចេញចូលព្រំដែនកម្ពុជា-វៀតណាម ១ខែ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសពីរដែរឬទេ?

ព័ត៌មាន
មន្ត្រីប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម និងអ្នកជំនាញវិស័យដឹកជញ្ជូននិងឡូជីស្ទិកអះអាងថា វិធានការបិទការធ្វើដំណើរចេញចូលរវាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ