
ទន្ទឹមនេះក្រសួងនឹងផ្តល់ទិន្នន័យលម្អិតពីវិស័យអចលនទ្រព្យកម្ពុជា ចំនួន៦ខែម្តងទៅដល់សមាគម ដើម្បីងាយស្រួលសិក្សាស្វែងយល់បន្ថែមពីស្ថានភាពក្នុងវិស័យនេះ ដើម្បីយកទៅប្រើប្រាស់អភិវឌ្ឍន៍គម្រោងរបស់ក្រុមហ៊ុននីមួយៗប្រកបដោយប្រសិទ្ធភាព និងចៀសវាងហានិភ័យ និងការខាតបង់ថវិកា។
នាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីពេលថ្មីៗ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ ដ្បិតថា កាលណាពលរដ្ឋមានជីវភាពធូរធារ នោះនឹងជះឥទ្ធពលល្អដល់វិស័យអចលនទ្រព្យ។ បើតាមថ្នាក់ដឹកនាំរូបនេះ ក្រសួងនឹងធ្វើជាដៃគូដ៏ល្អ និងស្មោះត្រង់ និងជាដៃគូដែលអាចពឹងពាក់បានសម្រាប់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យឧស្សាហកម្មអចលនទ្រព្យ លំនៅឋាន និងសំណង់នៅកម្ពុជា អាចដើរទៅមុខជាមួយគ្នាបានប្រកបដោយភាពរីកចម្រើន។ ទន្ទឹមនេះ ក្រសួងនឹងផ្តល់ទិន្នន័យចំនួន៦ខែម្តងពីព័ត៌មានលម្អិតពីវិស័យអចលនទ្រព្យកម្ពុជា ទៅដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីងាយស្រួលរៀបចំយុទ្ធសាស្រ្តទីផ្សារ និងហិរញវត្ថុ និងជួយសម្របសម្រួលដោះស្រាយនូវបញ្ហាប្រឈមនានា ក្នុងវិស័យនេះ។
ដើម្បីជួយសម្រួលឱ្យប្រជាពលរដ្ឋដែលមករស់នៅក្នុងរាជធានីភ្នំពេញ មានលទ្ធភាពអាចទិញផ្ទះសម្រាប់រស់នៅបានគ្រប់ៗគ្នានោះ ឯកឧត្តម សាយ សំអាល់ ផ្តល់ជាយោបល់ដល់សមាជិកនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ គួរគិតគូទៅលើការសាង់សង់ផ្ទះ ដែលមានតម្លៃសមរម្យក្នុងរង្វង់ជាង១ម៉ឺន៥ពាន់ដុល្លារ ទៅ២ម៉ឺនដុល្លារ ខណៈកន្លងមកមុនពេលមានបញ្ហាវិបត្តិកើតមាន អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ភាគច្រើន ផ្តោតតែលើការសាងសង់ផ្ទះដែលមានតម្លៃខ្ពស់ប៉ុណ្ណោះ។ បើតាមថ្នាក់ដឹកនាំក្រសួងដែនដីរូបនេះ បច្ចុប្បន្ននៅទីក្រុងភ្នំពេញ មានផ្ទៃដីទំនេរប្រមាណជាង៤០% ឯណោះ ដូច្នេះមុននឹងសាងសង់គម្រោងអចលនទ្រព្យណាមួយ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋាន គួរគិតគូរឱ្យបានច្បាស់លាស់អំពីចំណែកទីផ្សារ ដើម្បីចៀងវាងការសាងសង់មានច្រើនជាងតម្រូវការប្រើប្រាស់។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលកន្លងទៅបានព្យាករថា វិស័យសំណង់ និងអចលនទ្រព្យនៅក្នុងឆ្នាំ២០២៥ នឹងសម្រេចបានកំណើនទាប ក្នុងនោះវិស័យសំណង់នឹងកើនឡើងក្នុងរង្វង់២,៥% និងអចលនទ្រព្យក្នុងរង្វង់២,៦% ដោយសារសកម្មភាពសាងសង់ និងការទិញ-លក់អចលនវត្ថុមានតម្លៃទាប ខណៈលំហូរទុនវិនិយោគពីបរទេសនៅមានកម្រិតតិចតួច៕