ក្នុងចំណោមផលិតផលឧស្សាហកម្ម ដែលផលិតចេញពីរោងចក្រក្នុងរយៈពេល ៥ឆ្នាំមកនេះ បានបង្ហាញឲ្យដឹងថា ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងមានទឹកប្រាក់ជាង ៣១ ពាន់លានដុល្លារ ខណៈការនាំចេញផលិតផលផ្សេងៗទៀតមានតម្លៃទឹកប្រាក់ជាង ២ពាន់លានដុល្លារ និង ការលក់ចេញក្នុងស្រុកជិត ៩ពាន់លានដុល្លារអាមេរិក។
របាយការណ៍ក្រសួងឧស្សាហកម្មបញ្ជាក់ថា រយៈពេល៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧ ចំនួនរោងចក្រសរុបមាន ជិត៧ពាន់រោងចក្រ រោងចក្រកើតថ្មីជាង ៨០០រោងចក្រ និង រោងចក្រលុបចេញពីបញ្ជីជាង ២០០រោងចក្រ។ រីឯ រោងចក្រ ដែលក្នុងនោះឧស្សាហកម្ម តម្បាញ កាត់ដេរ ស្បែកជើង និងកាបូបបានបង្ហាញចំនួនរោងចក្រច្រើនជាងគេ ដែលមានរហូតដល់ជិត ៥ពាន់ រោងចក្រ ខណៈដែលរោងចក្រ អាហារ ភេសជ្ជៈ បារីជាង ៥០០ រោងចក្រផលិតផលពីក្រដាស ជិត២០០ ឧស្សាហកម្មគីមី កៅស៊ូ ប្លាស្ទិកជិត៥០០ ឧស្សាហកម្មពីរ៉ែ មិនមែនលោហៈជាង ១០០ ឧស្សាហកម្មកែច្នៃលោហៈ ជាង ៤០០ ឧស្សាហកម្មអំពីឈើ និងគ្រឿងសង្ហារឹមជាង ១០០ និងឧស្សាហកម្មផ្សេងៗទៀត១៦៨ រោងចក្រ។
បើនិយាយដោយឡែក មួយឆ្នាំពេញ ២០១៧ តម្លៃលក់ចេញផលិតផលក្នុងវិស័យឧស្សាហកម្មកម្ពុជា សម្រេចបាន ១០ ៧៩៤ លានដុល្លារ ២០១៧ ធៀបនឹងឆ្នាំ ២០១៦ មានតម្លៃ ៩ ៥៦៨ លានដុល្លារ។
គិតតែមួយផ្នែកឆ្នាំ ២០១៧ ការនាំចេញសម្លៀកបំពាក់ និង ស្បែកជើងមាន ៧ ០១៩ លានដុល្លារ ខណៈ ឆ្នាំ ២០១៦ មាន ៦ ៧៨៩ លានដុល្លារ។
ជុំវិញនឹងវិស័យឧស្សាហកម្មនេះដែរ
ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា លោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ធ្លាប់បានគូសបញ្ជាក់ដែរថា
នៅពាក់កណ្ដាលដើមឆ្នាំ២០១៨នេះ ការបញ្ជាទិញក្នុងវិស័យកាត់ដេរ គឺមានច្រើនគួរឲ្យកត់សម្គាល់
ខណៈដែលម្ចាស់រោងចក្រដែលមានការបញ្ជាទិញ គឺបាននិងកំពុងមានប្រតិបត្តិការ
ផលិតដើម្បីឆ្លើយការបញ្ជាទិញនេះ យ៉ាងមមាញឹកបំផុត។