
អ្នកជំនាញសង្កេតឃើញថា ពលរដ្ឋខ្មែរចាកចេញពីថៃ មួយចំនួន មិនបានខ្វាយខ្វល់ពីការរកការងារធ្វើភ្លាមៗនៅនឹងច្រកទ្វារព្រំដែននោះទេ ដោយពួកគេសម្រុកមកផ្ទះតែម្តង ដើម្បីកុំឱ្យគ្រួសារ និងសាច់ញាតិមានការព្រួយបារម្ភ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យខេមបូណូមីសដឹងថា នៅប៉ុន្មានថ្ងៃចុងក្រោយមានពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសថៃ បានសម្រុកវិលមកមាតុភូមិវិញយ៉ាងគំហុក ក្រោយពួកគេបើកប្រាក់ខែពីថៅកែថៃរួច ហើយមានពលរដ្ឋខ្លះបានត្រឡប់មកស្រុកកំណើតទាំងមិនទាន់បានបើកប្រាក់ខែ ដោយសារពួកគេបារម្ភពីសុវត្ថិភាព ស្របពេលមានការអំពាវនាវពីរដ្ឋាភិបាល។ បើតាមអ្នកនាំពាក្យរួបនេះ គិតត្រឹមយប់ថ្ងៃទី៥ ខែសីហា ពលរដ្ឋខ្មែរជាង៧៥ម៉ឺននាក់ បានវិលត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតវិញ។
ជុំវិញរឿងពលករខ្មែរនេះដែរ លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ កត់សម្គាល់ឃើញថា ពលរដ្ឋខ្មែរដែលចាកចេញពីប្រទេសថៃ មកកម្ពុជាវិញ ភាគច្រើន ហាក់ចង់ទៅជួបជុំក្រុមគ្រួសារនៅលំនៅឋានជាជាងស្វែងរកការងារធ្វើ ដើម្បីចង់ឱ្យសាច់ញាតិដឹងថា ពួកគេបានត្រឡប់មកវិញដោយសុវត្ថិភាព បើទោះបីមានមន្ត្រីជំនាញនៃក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារធ្វើយ៉ាងណាក៏ដោយ។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ប្រសិនពលរដ្ឋដែលត្រឡប់មកពីថៃវិញបន្តអូសបន្លាយពេលមិនអាចរកប្រាក់ចំណូលបាន នោះពួកគេមួយចំនួនអាចនឹងស្វែករកកម្ចីឯកជន ដើម្បីដោះស្រាយការចំណាយ ដែលអាចនឹងប៉ះពាល់សេដ្ឋកិច្ចគ្រួសារ។
បើតាមការលើកឡើងរបស់អង្គការ សង់ត្រាល់ ក្តីបារម្ភរបស់ពលករខ្មែរធ្វើការនៅប្រទេសថៃ មានដូចជា ខ្លាចអាជ្ញាធរថៃ ចាប់ខ្លួន បារម្ភសង្គ្រាមនៅតែបន្ត ភ័យខ្លាចជនជាតិថៃ វាយតប់រើសអើងជាតិសាសន៍ ហើយមានខ្លះទៀតមិនទាន់បានបើកប្រាក់ខែ ក៏បង្ខំចិត្តចាកចេញពីប្រទេសថៃ ផងដែរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ មានពលរដ្ឋខ្មែររាប់ពាន់នាក់បានឈររង់ចាំនៅច្រកទ្វារព្រំដែន ដើម្បីរង់ចាំអាជ្ញាធរព្រំដែនវិលត្រឡប់មកស្រុកកំណើតវិញ។
បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទោះបីប្រាក់បៀវត្សរ៍នៅកម្ពុជា ហាក់នៅក្រោមជាងប្រាក់បៀវត្សរ៍នៅថៃ ក៏ពិតមែន តែពលរដ្ឋទទួលបានការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃ សេវាគាំពារសង្គម ប្រាក់ចូលនិវត្តន៍ ក៏ដូចជាប្រាក់ឧបត្តមពីរដ្ឋាភិបាលនៅពេលកើតមានគ្រោះថ្នាក់អំឡុងបំពេញការងារ និងសេវាផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានមកដល់ស្រុកកំណើតវិញ ខ្លះទទួលបានការងារពីក្រសួងការងារ ខ្លះទៀតទាក់ទងបានកាងារពីសហគ្រាស និងខ្លះទៀតបើកអាជីវកម្មដោយខ្លួនឯង តែយ៉ាងណាក៏មានពលរដ្ឋខ្លះចង់សម្រាកពីការងារមួយរយៈសិន ក្រោយត្រឡប់ពីប្រទេសថៃ វិញ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា