វិស័យពាណិជ្ជកម្ម

កម្ពុជា ចំណាយថវិកាអស់ជាង៣២២លានដុល្លារ លើការនាំចូលជីកសិកម្មកើនឡើងជាង២២%


អ្នកជំនាញក្នុងវិស័យកសិកម្ម កត់សម្គាល់ឃើញថា ការប្រើប្រាស់ជីកសិកម្មរបស់ប្រជាកសិករនៅឆ្នាំ២០២៤នេះ ហាក់មានកំណើនខ្ពស់បើធៀបនឹងឆ្នាំមុន ដែលកត្តានេះបានជំរុញឱ្យការនាំចូលជីកសិកម្មពីទីផ្សារខាងក្រៅ ក៏មានការកើនឡើងផងដែរ។ ជាក់ស្ដែងនៅក្នុងរយៈពេល១០ខែកន្លងមកនេះ ការនាំចូលជីកសិកម្មរបស់កម្ពុជា មានកំណើនរហូតដល់ជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តើកំណើននាំចូលជីកសិកម្មនេះ វាបានឆ្លុះបញ្ចាំងយ៉ាងណាពីវិស័យកសិកម្មរបស់កម្ពុជា?
វិស័យពាណិជ្ជកម្ម
ដោយ

វិស័យកសិកម្មជាវិស័យសសរស្ដម្ភមួយក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងស្បៀងអាហាររបស់កម្ពុជា តែវិស័យនេះហាក់នៅមានកម្រិតនៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់ ដោយសារវត្ថុធាតុដើមមួយចំនួនដូចជាជី និងថ្នាំជាដើម ត្រូវបាននាំចូលពីក្រៅប្រទេស។ ជាក់ស្តែងបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅក្នុង១០ខែកន្លងមកនេះ កម្ពុជាបានចំណាយថវិការហូតដល់ជាង៣២២លានដុល្លារ លើការនាំចូលជីកសិកម្មមានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង២៦៣លានដុល្លារប៉ុណ្ណោះ។

លោក ហួរ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្មនៃក្រុមហ៊ុនអង្គរហ្គ្រីន កត់សម្គល់ឃើញថា តម្រូវការប្រើប្រាស់ជីកសិកម្មរបស់ប្រជាកសិករនៅឆ្នាំ២០២៤នេះ ហាក់មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ដោយសារនៅឆ្នាំនេះតម្លៃផលិតផលកសិកម្មមួយចំនួនហាក់មានតម្លៃល្អប្រសើរ ពិសេសឥទ្ធិពលនៃការកើនឡើងតម្លៃស្រូវកាលពីឆ្នាំមុន បានជំរុញឱ្យកសិករបង្កើនការធ្វើកសិកម្មរបស់ខ្លួននៅឆ្នាំនេះ ជាពិសេសទៅលើដំណាំស្រូវតែម្ដង។ កត្តានេះបានជំរុញឱ្យការនាំចូលជីកសិកម្មរបស់ក្រុមហ៊ុនលោកនៅឆ្នាំនេះ មានការកើនឡើងប្រមាណពី១៥% ទៅ ២០% បើធៀបនឹងឆ្នាំមុន។

បើតាមការអះអាងរបស់លោក ហួរ ធីនាង បើទោះបីជាតម្រូវការមានការកើនឡើង តែតម្លៃជីកសិកម្មនៅឆ្នាំនេះមិនមានការប្រែប្រួលនោះទេ បើធៀបនឹងឆ្នាំមុន និងមិនបានបង្កជាក្ដីបារម្ភដល់កសិករនោះទេ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់កសិករនោះ គឺការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្រុមហ៊ុនអង្គរហ្គ្រីនមានគម្រោងបង្កើនការនាំចូលជីកសិកម្មប្រមាណ២០% បន្ថែមទៀត ក្រោយរំពឹងថា ការធ្វើកសិកម្មរបស់ប្រជាកសិករនៅឆ្នាំក្រោយ នឹងមិនមានការថយចុះនោះទេ និងទំនងជាមានកំណើនជាងមុនផងដែរ។

​គួរជម្រាបថា នៅពេញមួយឆ្នាំ២០២៣ កន្លងទៅ កម្ពុជាបាននាំចូលជីកសិកម្ម គិតជាទឹកប្រាក់មានប្រមាណជាង៣២៥លានដុល្លារ មានការកើនឡើងជាង១៧% បើធៀបឆ្នាំ២០២២ ដែលមានចំនួនជាង ២៧៦លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីទទួលទានអាហារពេលល្ងាចនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកគ្មានមីន

សៀមរាប៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ព…

កម្ពុជា និងវៀតណាម មិនទាន់ឯកភាពគ្នាលើចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ នៅឡើយទេ

មកទល់ពេលនេះកម្ពុជា និងវៀតណាម នៅមិនទាន់បានឯកភាពគ្នាលើការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ នៅឡើយទេ ខណៈគម្រោងផ្លូវល្បឿ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ