ណាតូមានសិទ្ធិដាក់ពង្រាយទ័ពនៅអឺរ៉ុបខាងកើត

អគ្គលេខាធិការរងអង្គការណាតូថា ណាតូមានសិទ្ធិដាក់ពង្រាយទ័ពនៅអឺរ៉ុបខាងកើត


អគ្គលេខាធិការរងនៃសម្ព័ន្ធយោធាអាត្លង់ទិចខាងជើង (NATO) ដែលដឹកនាំដោយសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ ២៩ ឧសភាថា អង្គការណាតូនឹងឈប់បន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពកិច្ចព្រមព្រៀងជាមួយរុស្សីទៀតហើយ ដែលកន្លងមកកិច្ចព្រមព្រៀងនេះគឺហាមឃាត់ការដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅអឺរ៉ុបខាងកើត។ បើតាមអគ្គលេខាធិការរងអង្គការណាតូ បានគូសបញ្ជាក់ថា អង្គការណាតូមានសិទ្ធក្នុងការដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅតំបន់នេះ ដោយមិនត្រូវខ្លាចអំណាចសម្លុតរបស់រុស្ស៊ីនោះទេ។ នេះបើតាមចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
អគ្គលេខាធិការរងអង្គការណាតូថា ណាតូមានសិទ្ធិដាក់ពង្រាយទ័ពនៅអឺរ៉ុបខាងកើត

ការ​អះអាង​របស់​លោក មើ​សៀរ ហ្គ៊ូ​ណា អគ្គលេខាធិការ​រង​នៃ​អង្គការ​ណា​តូ (Mircea Geoana) យ៉ាង​ដូច្នេះ បន្ទាប់​ពី​លោក​មើលឃើញ​ថា ទីក្រុង​មូ​ស្គូ​ខ្លួនឯង ក៏​មិន​បាន​គោរព និង​មិន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​រវាង​អង្គការ​ណា​តូ និង​រុ​ស្ស៊ី​ដែរ ដោយ​រុ​ស្សី​បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​អ៊ុយ​ក្រែ​ន និង​បញ្ឈប់​ការ​សន្ទនា​ផ្លូវ​ទូត​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ​ទាំងអស់​។

គួរ​រំលឹក​ថា នៅ​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៧ រវាង​ណា​តូ​និង​រុ​ស្សី ភាគី​ទាំង​ពី​បាន​កំណត់​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​គ្នា ដោយ​ក្នុង​នោះ បាន​យល់ព្រម​ធ្វើ​កិច្ចការ ដើម្បី​ទប់ស្កាត់​ការ​គម្រាមកំហែង​ណាមួយ ដែល​អាច​កើត​មាន​តាម​រយៈ​ការ​កសាង​កម្លាំងយោធា នៅ​ក្នុង​តំបន់​អឺរ៉ុប រួម​ទាំង​អឺរ៉ុប​កណ្តាល និង​អឺរ៉ុប​ខាងកើត​ផង​ដែរ​។

លោក​បន្ត​ថា កិច្ចព្រមព្រៀង​នេះ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ឈ្លានពាន​ប្រទេស​ជិតខាង​ខ្លួន​នោះ​ដែរ​។ ទោះបីជា​យ៉ាងនេះ​ក្តី ការ​ឈ្លានពាន​របស់​រុ​ស្សី​ទៅ​លើ​អ៊ុយ​យ​ក្រែ​ន សរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ភាគី​រុ​ស្សី​គឺ​មិន​បាន​គោរព​តាម​កិច្ចព្រមព្រៀង​ជាមួយ​ណា​តូ​នោះ​ទេ ស្រប​ពេល​ណា​តូ​គោរព​តាម និង​អនុវត្ត​វារ​ហូត​មក​។

លោក ហ្គ៊ូ​ណា បាន​បន្ថែម​ថា បើ​ទីក្រុង​ម៉ូ​ស្គូ​ដើរ​ហួស​បន្ទាត់​នៃ​កិច្ចព្រមព្រៀង​គ្នា​ទៅ​ហើយ យើង​ក៏​ត្រូវ​មាន​ជំហរ​រឹង​មាំ​ឡើង​វិញ​ក្នុង​ការ​ពង្រឹង​អឺរ៉ុប​ខាងកើត និង​ដើម្បី​ធានា​ថា រាល់​ច​ង្អា​ម​នៃ​ទឹកដី​របស់​ប្រទេស​នៃ​សមាជិក​ណា​តូ​ត្រូវ​បានការ​ពារ ដូចដែល​មាន​ចែង​ក្នុង​មាត្រា​ទី​៥​នៃ​កិច្ចព្រមព្រៀង​ដូច្នោះ​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា មាត្រា​ទី ៥ នៃ​កិច្ចព្រមព្រៀង​របស់​អង្គការ​ណា​តូ គឺ​សំដៅ​ទៅ​លើ​ការ​ការពារ​សន្តិសុខ​រួម ដែល​បាន​ចែង​ថា ការ​វាយប្រហារ​លើ​សមាជិក​ណាមួយ​នៃ​អង្គការ​ណា​តូ គឺជា​ការ​ប្រកាសសង្គ្រាម​លើ​សមាជិក​ទាំងអស់​របស់​ខ្លួន ហើយ​ខ្លួន​នឹង​ធ្វើការ​វាយបក​វិញ​ភ្លាម​ៗ​។

គួ​រេ​ជម្រាប​ថា កាលពី​ឆ្នាំ ២០១៧ ណា​តូ​បាន​ដាក់​ពង្រាយ​ក្រុម​យុទ្ធសាស្ត្រ​ចម្រុះ​រួច​ហើយ ទៅ​កាន់​ប្រទេស​នៅ​តំបន់​បាល់​ទិ​ក និង​ប៉ូ​ឡូញ បន្ទាប់​ពី​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​នៅ​ចុងខែ​កុម្ភៈ​មក អង្គការ​នេះ​បាន​បញ្ជូន​កម្លាំង​នៅ​ទីនោះ​បន្ថែម​ទៀត​។

មួយវិញទៀត រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​អង្គការ​ណា​តូ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ពាក់កណ្តាល​ខែមិថុនា​ខាង​មុខ​នេះ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ និង​បញ្ហា​ចាក់ស្រេះ​ផ្សេង​ទៀត ហើយ​មេដឹកនាំ​នៃ​រដ្ឋ​សមាជិក​ណា​តូ​នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​អនុម័ត​ការ​ផ្លាស់​ប្តូរ​ណាមួយ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ត​នៅ​ចុងខែ​មិថុនា​ខាង​មុខ​នេះ​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​ដែល​មាន​ឥទ្ធិពល​មួយ​នៅ​ទ្វីបអឺរ៉ុប និង​ជា​សមាជិក​មួយ​ដែរ​នៃ​អង្គការ​ណា​តូ គឺ អា​ល្លឺ​ម៉​ង់​។ ក្រសួង​ហិរញ្ញវត្ថុ​អា​ល្លឺ​ម៉​ង់​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​យល់ព្រម​ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដើម្បី​អនុញ្ញាត​បន្ថែម​កញ្ចប់​ថវិកា​ពិសេស​ទៅ​លើ​វិស័យ​ការពារ​ជាតិ ប្រហែល​១០៨ ពាន់​លាន​ដុល្លារ ដែល​បាន​ស្នើ​ឡើង​ដោយ​សភា​អា​ល្លឺ​ម៉​ង់ បន្ទាប់​ពី​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។

ថវិកា​យោធា​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ខាង​មុខ ដើម្បី​បង្កើន​ថវិកា​ការពារ​ជាតិ​ប្រចាំឆ្នាំ​របស់​អា​ល្លឺ​ម៉​ង់ ដែល​ឆ្នាំ​មុន​ៗ​មាន​ត្រឹម​ប្រហែល ៥០ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​ក៏​អាច​ឱ្យ​ប្រទេស​ខ្លួន​សម្រេច​បាន​តាម​គោលដៅ​របស់​អង្គការ​ណា​តូ​ក្នុង​ការ​ចំណាយ ២% នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​លើ​វិស័យ​ការពារ​ជាតិ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​។

បើ​ក្រឡេក​ទៅ​មើល​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​ដែល​សុំ​ចូល​ជា​សមាជិកភាព​ណា​តូ​វិញ ក៏​មិន​ទាន់​មាន​ផ្លែផ្កា​នៅឡើយ ដោយសារ​តែ​លោក​អ៊ែ​រ​ដូ​ហ្កា​ន់ ប្រធានាធិបតី​របស់​តួ​គី​នៅ​តែ​មានការ​ជំទាស់​ជា​ដាច់​ណាត់​ចំពោះ​សំណើ​របស់​ប្រទេស​ទាំង​ពីរ​នេះ​។

លោក​បាន​លើក​ឡើង​ក្នុង​សារព័ត៌មាន​មួយ​ថា ដរាបណា​លោក​នៅ ជា​ប្រមុខរដ្ឋ​នៃ​សាធារណរដ្ឋ​ទួ​រ​គី លោក​មិន​អាច​និយាយ​យល់ព្រម ចំពោះ​ប្រទេស​ដែល​គាំទ្រ​អំពើ​ភេរវកម្ម​ឲ្យ​ចូល​ជា​សមាជិកភាព​របស់ NATO បាន​ទេ​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើស្រកីដូងមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់កែច្នៃប្រើប្រាស់ក្នុងវិស័យកសិកម្ម?

ព័ត៌មាន
ការកែច្នៃស្រកីដូង សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម កំពុងមានតម្រូវការកាន់តែច្រើន ពិសេសសម្រាប់ការដាំដុះ ឬផ្សាំដំណាំផ្សេងៗ។ តួយ៉ាង អ្នកគ្រប…

អាជ្ញាធរទីក្រុងស៊ាងហៃ នឹងលុបចោលវិធានការរឹតបន្តឹងកូវីដ១៩ និងបង្កើតគោលនយោបាយថ្មីៗគាំទ្រសេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
អាជ្ញាធរក្រុងស៊ាងហៃបាននិយាយនៅថ្ងៃទី២៩ឧសភាថា ខ្លួននឹងលុបចោលលក្ខខណ្ឌរឹតបន្ដឹងជាច្រើនសម្រាប់អ្នកធ្វើអាជីវកម្ម ដើម្បីឲ្យពួកគេអាចបើកឲ្យដំណើរការអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ