ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ចាត់ទុកការប្រៀបធៀបរវាងការរីកចម្រើននៃវិស័យអាកាសចរណ៍កម្ពុជា ជាមួយបណ្ដាប្រទេសជិតខាង និងក្នុងតំបន់អាស៊ី គឺពុំបានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងនោះទេ ព្រោះវាពាក់ព័ន្ធនឹងចំនួនពលរដ្ឋ និងទំហំសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនីមួយៗ។ ជាក់ស្ដែងនៅប្រទេសវៀតណាម និងថៃ គឺប្រទេសទាំងពីរមានប្រជាជនច្រើន និងមានទំហំសេដ្ឋកិច្ចធំ គួបផ្សំនឹងកត្តាភូមិសាស្រ្តល្អ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ក្រាន់តែការហោះហើរក្នុងស្រុកនៅក្នុងប្រទេសទាំងពីរមានចំនួនជើងហោះហើរច្រើនជាងជើងហោះហើរអន្តរជាតិ របស់កម្ពុជាទៅទៀត ខណៈប្រទេសទាំងនេះ ក៏មានការវិនិយោគច្រើនជាងប្រទេសកម្ពុជា ផងដែរ។
បើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការតភ្ជាប់ជើងហោះហើរ និងកញ្ចប់ទេសចរណ៍ពីតំបន់ និងប្រទេសផ្សេងៗមកកាន់ប្រទេសកម្ពុជា តែអ្វីៗបានប្រែប្រួលដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការប្រឈមនូវវិបត្តិដែលកើតមានជាបន្តបន្ទាប់នៅលើពិភពលោក។ ការណ៍នេះ បានធ្វើឱ្យសេដ្ឋកិច្ចទូទាំងពិភពលោកជួបបញ្ហា ហើយពលរដ្ឋជាច្រើនក៏ចាប់ផ្ដើមកាត់បន្ថយការចំណាយរបស់ខ្លួន។
បើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានការកើនឡើងរហូតដល់៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលវាជាសញ្ញាល្អមួយសម្រាប់វិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងបានបង្ហាញឱ្យឃើញពីភាពវិជ្ជមាននៃសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសនានា នៅលើពិភពលោក។
បើតាមការវាយតម្លៃរបស់មន្ត្រីជាន់ខ្ពស់រូបនេះ មកទល់ពេលនេះវិស័យអាកាសចរណ៍កម្ពុជា បានងើបឡើងវិញ បានប្រមាណ៦៧%ហើយ ហើយរំពឹងថា វិស័យនេះនឹងអាចងើបឡើងវិញដូចឆ្នាំ២០១៩ នៅត្រឹមឆ្នាំ២០២៦ ខាងមុខនេះ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ