
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះ វិស័យដឹកជញ្ជូនរបស់កម្ពុជា ពុំទាន់មានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ និងបង្កជាក្ដីបារម្ភនៅឡើយទេ ខណៈការកើនឡើងនៃតម្លៃប្រេងលើទីផ្សារ ក៏ពុំទាន់បង្កផលជាប៉ះពាល់ដល់វិស័យដឹកជញ្ជូនខ្លាំងនៅឡើយដែរ។ ទោះយ៉ាងណា អ្នកជំនាញរូបនេះអះអាងថា ផលប៉ះពាល់នៅក្នុងវិស័យដឹកជញ្ជូន អាចនឹងជួបបញ្ហាប្រឈមមួយចំនួនប្រសិនបើតម្លៃប្រេងនៅលើទីផ្សារពិភពលោកមានការកើនឡើងថែមទៀត នាពេលខាងមុខ ចំពេលដែលស្ថានការណ៍ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបន្ដឆាបឆេះមិនរលត់។
បើទោះបីជា មកទល់ពេលនេះ ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា នៅពុំទាន់មានផលប៉ះពាល់ដល់វិស័យដឹកជញ្ជូនរបស់កម្ពុជា ទៅទីផ្សារអន្តរជាតិ នៅឡើយក្ដី ប៉ុន្តែ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា បានអះអាងថា ប្រសិនបើភាពតានតឹងនេះនៅបន្តអូសបន្លាយទៀតនោះ នឹងធ្វើឱ្យបាត់បង់ការបញ្ជាទិញមួយចំនួន ហើយការដឹកជញ្ជូនអាចមានការឡើងថ្លៃខ្ពស់។
សូមបញ្ជាក់ថា ទីផ្សារតម្លៃប្រេងឆៅអន្តរជាតិ កំពុងមានការប្រែប្រួលខ្លាំង ដោយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា បានហក់ឡើងថ្លៃបន្ថែមទៀត ដល់តម្លៃប្រមាណជិត ៨០ដុល្លារក្នុងមួយធុងបារ៉ែល ស្របពេលជម្លោះប្រដាប់អាវុធរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែកើនឡើងកម្ដៅគួរឱ្យព្រួយបារម្ភ ហើយបណ្ដាវិនិយោគិនកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ថាតើសហរដ្ឋអាម៉េរិក នឹងបង្កើនការលូកដៃក្នុងជម្លោះប្រដាប់អាវុធនេះដែរ ឬយ៉ាងណា៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ