ការលើកឡើងរបស់លោក James Hickman គឺស្របគ្នាជាមួយនឹងស្ថាប័នក្រុមប្រឹក្សាមាសពិភពលោកជាអង្គការឃ្លាំមើលការវិវត្តនៃទីផ្សារសម្រាប់ឧស្សាហកម្មមាសដែលមានការិយាល័យកណ្ដាលនៅប្រទេសអង់គ្លេស ដែលបានអះអាងថា ប្លុកប្រទេស BRICS បាននិងកំពុងប្រមូលទិញមាសច្រើនតោនទុកជាទុនបម្រុងអន្តរជាតិរបស់ខ្លួនចាប់តាំងពីចុងឆ្នាំ២០២២ ដោយក្នុងនោះប្រទេសចិន គឺជាអ្នកទិញមាសច្រើនជាងគេបំផុត បន្ទាប់មកគឺរុស្ស៊ី និងឥណ្ឌា។
ការប្រមូលទិញមាសស្តុកទុកយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ នាំឱ្យមានការព្យាករថា ប្លុកប្រទេស BRICS អាចនឹងប្រើប្រាស់មាស ដើម្បីគាំទ្រដល់ការបង្កើតរូបិយប័ណ្ណថ្មីសម្រាប់ប្រើប្រាស់រួមដូចលុយអឺរ៉ូ ក្នុងប្លុកប្រទេស BRICS របស់ខ្លួន ដើម្បីផ្ដួលប្រាក់ដុល្លារអាម៉េរិក។ ទោះជាយ៉ាងណា រូបិយប័ណ្ណរួមរបស់ប្លុកប្រទេស BRICS មិនទាន់បង្កើតបាននៅឡើយទេ ពោលគឺអាចមានពេលវែងទៅមុខទៀត ទម្រាំវាក្លាយជាការពិត។
ហើយមុនពេលរូបិយប័ណ្ណរួមរបស់ប្លុកប្រទេស BRICS លេចចេញជារូបរាង និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្លុកប្រទេស BRICS ចង់លើកកម្ពស់រូបិយប័ណ្ណក្នុងស្រុករបស់បណ្ដាប្រទេសជាសមាជិកជាមុនសិនសម្រាប់ប្រតិបត្តិការទូទាត់ទំនិញឆ្លងដែន។
ងាកមកលោក James Hickman ឯណេះវិញបានវិភាគថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាពិសេសប្លុកប្រទេស BRICS យល់ឃើញថា ការកាន់ប្រាក់ដុល្លារអាម៉េរិក ក្នុងទុនបម្រុងអន្តរជាតិរបស់ខ្លួនមានហានិភ័យខ្ពស់ ដោយសារតែបំណុលរបស់រដ្ឋាភិបាលអាម៉េរិក បានកើនលើសទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះក្នុងឆ្នាំ២០២៤ នេះ។
លោកបានបន្ថែមទៀតថា បំណុល៣៥ទ្រីលានដុល្លារ របស់រដ្ឋាភិបាលសហព័ន្ធអាម៉េរិក ដែលមានទំហំធំជាងសេដ្ឋកិច្ចអាម៉េរិក ទាំងមូលទៅទៀតនោះ គឺជាភាពអាម៉ាស់របស់ជាតិ ហើយបំណុលនេះកាន់តែកើនឡើងជារៀងរាល់ឆ្នាំប្រកបដោយភាពគ្រោះថ្នាក់។
ទន្ទឹមនេះលោកក៏បានលើកឡើងដែរថា ខណៈពេលដែលពលរដ្ឋអាម៉េរិក កំពុងសម្រុកលក់ចេញមូលនិធិជួញដូរដែលផ្ដោតលើហាងឆេងមាស ឬដែលគេហៅថា មាស ETFs (Gold ETFs) បណ្ដាធនាគារកណ្តាលនៃប្លុកប្រទេស BRICS កំពុងប្រមូលទិញវា។ ដូច្នេះប្រសិនបើសេដ្ឋកិច្ចអាម៉េរិក ដាំក្បាលចុះ ការកាន់កាប់មាសក្នុងទុនបម្រុងអន្តរជាតិ អាចជួយឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងនោះមិនសូវរងប៉ះពាល់ខ្លាំង ដោយសារពួកគេមិនពឹងផ្អែកខ្លាំងតែទៅលើប្រាក់ដុល្លារអាម៉េរិក។
អ្នកវិភាគរូបនេះបានទម្លាយឱ្យដឹងថា បណ្ដាវិនិយោគិននៅអាម៉េរិកខាងជើង បានសម្រុកលក់ចេញមាស ETFs (Gold ETFs) ក្នុងទំហំរហូតដល់ទៅជាង៤ពាន់លានដុល្លារអាម៉េរិក ឯណោះគ្រាន់តែក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ នេះ ដែលធ្វើឱ្យការកាន់កាប់មាស ETFs របស់ពួកគេនៅពេលនេះ ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំមកនេះ៕
ដោយ: តែម សុខុម