លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការបញ្ចេញមូលនិធិ៤០លានដុល្លារអាម៉េរិករបស់រដ្ឋាភិបាលជាការរួមចំណែកដ៏សំខាន់មួយក្នុងការជួយរក្សាលំនឹងថ្លៃស្រូវជូនដល់កសិករកុំឱ្យមានការខាតបង់។ តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញរូបនេះស្នើឱ្យរដ្ឋាភិបាលកម្ពុជា គួរមានគោលនយោបាយកំណត់តម្លៃកសិផលច្បាស់លាស់ជាងនេះ ដើម្បីផ្ដល់ទំនុកចិត្តជូនកសិករ ហើយកសិករ ក៏មិនបារម្ភពីបញ្ហាខាតបង់នោះដែរ។
ពាក់ព័ន្ធការប្រើប្រាស់មូលនិធិខាងលើ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងផ្តល់ជាហិរញ្ញប្បទានដល់រោងម៉ាស៊ីនកិនស្រូវ ដែលជាដៃគូ ដើម្បីជួយប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ។ បើតាមអ្នកនាំពាក្យរូបនេះ នេះជាកិច្ចអន្តរាគមន៍លើកទី៣ហើយនៅក្នុងឆ្នាំ២០២៥ ដែលកន្លងមករដ្ឋាភិបាល ក៏ធ្លាប់បញ្ចេញថវិកាចំនួន៥០លានដុល្លាររួចមកហើយដែរ ដើម្បីបង្កើនកម្លាំងស្រូបទាញពីទីផ្សារ និងបញ្ចៀសការកកស្ទះការលក់ស្រូវរបស់កសិករនៅតាមទីវាល។
បើតាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ការបញ្ចេញមូលនិធិចំនួន៤០លានដុល្លារបន្ថែមទៀតក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលនេះ គឺដើម្បីជួយលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីប្រជាកសិករ ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ៕
អត្ថបទ៖ បូ ដូឡា