វិស័យការបរទេស

តើកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានអាចជួយបញ្ឈប់ការប្រយុទ្ធគ្នារវាងកងទ័ពថៃ និងកម្ពុជា ដូចការរំពឹងទុក ឬយ៉ាងណា?


បើគ្មានអ្វីប្រែប្រួលទេ កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពី អរិភាពព្រំដែនកម្ពុជា-ថៃ នឹងធ្វើឡើងនៅថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅប្រទេសម៉ាឡេស៊ី ក្នុងនោះក៏មានវត្តមានសហរដ្ឋអាម៉េរិក និងចិន ផងដែរ បន្ទាប់ពីភាគីថៃ ស្នើសុំពន្យារពេលកិច្ចប្រជុំនេះម្តងកាលពីថ្ងៃទី១៦ ខែធ្នូ កន្លងទៅ។
វិស័យការបរទេស
ដោយ

អ្នកតាមដានស្ថានការណ៍សង្គមរំពឹងថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ នឹងអាចទម្លុះភាពទាល់ច្រកធ្វើឱ្យជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ឈានទៅរកបទឈប់បាញ់យ៉ាងពិតប្រាកដ។ តែយ៉ាងណាអ្នកជំនាញជឿជាក់ថា ថៃនឹងមិនបោះបង់ចោលមហិច្ចតាឈ្លានពានមកលើកម្ពុជានោះទេ ដូច្នេះកម្ពុជា ចាំបាច់ត្រូវអភិវឌ្ឍខ្លួនឱ្យខ្លាំង ដើម្បីការពារបូរណភាពដែនដីមួយនេះឱ្យបានគង់វង្ស។

លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គមជឿជាក់ថា ប្រសិនបើអាម៉េរិក និងចិន ពួតដៃគ្នាដាក់គំនាបលើថៃប្រកបដោយឆន្ទៈខ្ពស់ នោះវានឹងអាចបញ្ឈប់សកម្មភាពឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា បានយ៉ាងមានប្រសិទ្ធភាព ដូចអ្វីដែលអាម៉េរិក និងម៉ាឡេស៊ី រំពឹងទុកនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែធ្នូ។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា ការសម្របសម្រួលឱ្យមានបទឈប់បាញ់គ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយថា យោធាថៃនឹងមិនបោះបង់ចោលមហិច្ចតាឈ្លានពានមកលើកម្ពុជា នោះទេ ព្រោះវាបានចាក់ឬសគល់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់សង្គមថៃ ជំនាន់ក្រោយៗរួចទៅហើយ។ ហើយដើម្បីឱ្យថៃ បញ្ឈប់មហិច្ឆតាចង់ឈ្លានពានកម្ពុជាបាន អ្នកជំនាញរូបនេះយល់ថា លុះត្រាសង្គមថៃ លុបបំបាត់ការបង្រៀនប្រវត្តិសាស្រ្ត ដែលប្រឌិតឡើងដោយថៃ ខ្លួនឯងដល់សិស្សានុសិស្សថៃ។

​ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានបង្ហាញក្ដីរំពឹងថា នៅកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ ភាគីពាក់ព័ន្ធទាំងអស់នឹងលើកឡើងពីបញ្ហាជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ក្នុងនាមជាប្រជាជាតិ អាស៊ាន ដូចគ្នា។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា យោធាថៃនឹងនៅតែចិញ្ចឹមចិត្តចង់រំលោភយកដែនអធិបតេយ្យភាពកម្ពុជា បើទោះបីជាមានសម្ពោធនិងគោលការណ៍ច្បាប់អន្តរជាតិ ក៏ដោយ ដូច្នេះអ្នកជំនាញរូបនេះយល់ថា កម្ពុជា ចាំបាច់ត្រូវតែពង្រឹងសមត្ថភាពឱ្យខ្លាំង តាមរយៈការអភិវឌ្ឍវិស័យការពារជាតិ វិស័យសុខាភិបាល និងសេដ្ឋកិច្ចជាដើម។

​គួរបញ្ជាក់ថា ហ្វីលីពីននឹងចូលកាន់តំណែងជាប្រធានប្តូរវេនអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៦ ខណៈសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលបានអូសបន្លាយពេលកន្លះខែមកនេះ នឹងក្លាយជាមរតកបញ្ហាមួយ និងជាសម្ពាយដ៏ធ្ងន់សម្រាប់ហ្វីលីពីន នៅពេលខ្លួនឡើងធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ ប្រសិនបើបញ្ហានេះមិនអាចទម្លុះទម្លាយភាពទាល់ច្រកក្នុងការឈានទៅរកបទឈប់បាញ់ ឬសន្តិភាពឱ្យបានមុនដំណាច់ឆ្នាំនេះទេនោះ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើការដើរចូលលុកលុយផ្ទះរបស់ពលរដ្ឋខ្មែរពីសំណាក់ក្រុមយោធាថៃ នៅឃុំថ្មដា អាចរំលោភច្បាប់អន្តរជាតិ យ៉ាងណាដែរ?

កាលពីពេលថ្មីៗនេះ យោធាថៃមួយក្រុមប្រដាប់ដោយអាវុធគ្រប់ដៃបានឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីកម្ពុជា និងបានដើរចូលលុកលុយក្នុងលំនៅឋានពលរដ្ឋខ្មែរន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ