ទីផ្សារមាស

តើមាសអាចនឹងក្លាយជារូបិយប័ណ្ណថ្មីរបស់ពិភពលោកឬយ៉ាងណា ខណៈដែលប្រាក់ដុល្លារអាម៉េរិកបាត់បង់អានុភាពរបស់ខ្លួនជាបន្តបន្ទាប់?


ពេលនេះពិភពលោករង់ចាំមើលថា តើនៅថ្ងៃអនាគតមាសអាចនឹងក្លាយជារូបិយប័ណ្ណថ្មីរបស់ពិភពលោកឬយ៉ាងណា ខណៈដែលប្រាក់ដុល្លារអាម៉េរិក បាត់បង់អានុភាពរបស់ខ្លួនជាបន្តបន្ទាប់? ជាការពិតណាស់ថា ភាពវឹកវរក្នុងពិភពលោក និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីបានបង្ខំឱ្យប្រទេសជាច្រើនងាកមកទូទាត់ជារូបិយប័ណ្ណក្នុងស្រុក ដែលធ្វើឱ្យប្រាក់ដុល្លារអាម៉េរិក លែងជាជម្រើសតែមួយគត់សម្រាប់ប្រតិបត្តិការទូទាត់ជាសកល។
ទីផ្សារមាស
ដោយ

ម្យ៉ាងវិញទៀត តម្រូវការមាសក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ក៏បានកើនឡើងយ៉ាងខ្លាំងមិនធ្លាប់មានផងដែរ ខណៈដែលមហាយក្សចិន បាននិងកំពុងសម្រុកទិញមាសទុកយ៉ាងច្រើនសន្ធឹកសន្ធាប់ឥតឈប់ឈរ ព្រមទាំងបានអំពាវនាវឱ្យប្លុកប្រទេស BRICS សម្រុកទិញមាសទុកទៀតផង។

ចាប់តាំងពីសង្គ្រាមលោកលើកទី១ ប្រាក់ដុល្លារអាម៉េរិកមានសារៈសំខាន់កាន់តែខ្លាំងឡើងនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ពិភពលោក។ នៅពេលដែលបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ចាប់ផ្តើមផ្ដល់មាសជាថ្នូរនឹងទំនិញនាំចូលរបស់ពួកគេ សហរដ្ឋអាម៉េរិក ក៏បានក្លាយជាប្រទេសដែលមានមាសបម្រុងដ៏ធំបំផុតរបស់ពិភពលោកជាផ្លូវការ។ បន្ទាប់ពីសង្រ្គាមបានបញ្ចប់ ប្រទេសជាច្រើនបានភ្ជាប់រូបិយប័ណ្ណរបស់ពួកគេទៅនឹងប្រាក់ដុល្លារអាម៉េរិក ហើយក្រោយស្តង់ដារមាសបានបញ្ចប់ ប្រាក់ដុល្លារអាម៉េរិក ក៏បានក្លាយជារូបិយប័ណ្ណដ៏ពេញនិយមបំផុតនៅលើពិភពលោក។

ប្រទេសទាំងអស់បានចាប់ផ្តើមរក្សាទុកទុនបម្រុងអន្តរជាតិ ក្នុងទម្រង់ជាប្រាក់ដុល្លារអាម៉េរិក ដូច្នេះហើយនៅឆ្នាំ១៩៩៩ ចំណែកនៃប្រាក់ដុល្លារអាម៉េរិកនៅក្នុងទុនបម្រុងអន្តរជាតិសរុបរបស់ពិភពលោកបានកើនឡើងរហូតដល់៧១%។ ក្នុងពេលជាមួយគ្នានោះដែរ ប្រទេសជាច្រើននៅអឺរ៉ុប ក៏បានសម្រេចចិត្តទទួលយករូបិយប័ណ្ណរួមមួយឱ្យឈ្មោះថា ប្រាក់អឺរ៉ូ។

ដោយសារតែបែបនេះ ចំណែកនៃប្រាក់ដុល្លារអាម៉េរិក ក្នុងនាមរូបិយប័ណ្ណបម្រុងពិភពលោកបានចាប់ផ្តើមធ្លាក់ចុះ។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា ចំណែកនៃប្រាក់ដុល្លារអាម៉េរិក ជាទុនបម្រុងអន្តរជាតិពិភពលោកបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយបានធ្លាក់ចុះពី៦២%ក្នុងឆ្នាំ២០១០ មកនៅត្រឹម៥៩%ក្នុងឆ្នាំ២០២០ និងមកនៅត្រឹម៥៨,៤១%ក្នុងឆ្នាំ២០២៣។ ទោះជាសារៈសំខាន់នៃប្រាក់ដុល្លារអាម៉េរិក កំពុងថយចុះក៏ដោយ ក៏វានៅតែជារូបិយប័ណ្ណដែលពេញនិយមបំផុតរបស់ពិភពលោកដដែល។

ជាការកត់សម្គាល់ ប្រាក់អឺរ៉ូ ស្ថិតនៅលំដាប់ទី២ ដែលមានគម្លាតខុសគ្នាឆ្ងាយ ដោយមានចំណែកត្រឹមតែ២០%ប៉ុណ្ណោះនៃទុនបម្រុងអន្តរជាតិ។ ទាក់ទិននឹងប្រាក់រូពី របស់ឥណ្ឌា ១ដុល្លារអាម៉េរិកស្មើនឹង៤,៦៦រូពី ប៉ុណ្ណោះនៅក្នុងឆ្នាំ១៩៦៤ ប៉ុន្តែពេលនេះវាបានឈានដល់៨៣,៤រូពី ក្នុងមួយដុល្លារ ខណៈដែលដុល្លារអាម៉េរិកហក់ឡើងថ្លៃខ្លាំង។

ហើយមួយរយៈពេលចុងក្រោយនេះ ចលនាធ្វើបដិដុល្លារនីយកម្ម ឬការឈប់ប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិបាននិងកំពុងផុសផុលខ្លាំងនៅលើពិភពលោក។ ដោយសារការឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិកជាបន្តបន្ទាប់ ស្ទើរតែគ្រប់ប្រទេស ជាពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

រដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងធនាគារកណ្ដាលឥណ្ឌា បានព្យាយាមឥតឈប់ឈរដើម្បីបង្កើនតួនាទីរបស់ប្រាក់រូពី នៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ។ ជាលទ្ធផល ឥណ្ឌា បានចុះកិច្ចព្រមព្រៀងជាមួយនឹងប្រទេសប្រមាណ២០។

ម៉្យាងវិញទៀត ដោយសារភាពលំបាកនៅក្នុងប្រតិបត្តិការទូទាត់ពាណិជ្ជកម្មអន្តរជាតិដែលបង្កឡើងដោយភាពចលាចល និងជាពិសេសទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអឺរ៉ុប មកលើប្រទេសរុស្ស៊ី កិច្ចខិតខំប្រឹងប្រែងទូទាត់ជារូបិយប័ណ្ណក្នុងស្រុកក៏បានកើនឡើងនៅក្នុងប្រទេសផ្សេងទៀតផងដែរ។

ការមិនពេញចិត្តរបស់ពិភពលោកចំពោះប្រាក់ដុល្លារអាម៉េរិក មានរឹតតែខ្លាំងឡើងដោយសារតែសហរដ្ឋអាម៉េរិក បានរឹបអូសទុនបម្រុងជាប្រាក់ដុល្លារទាំងអស់របស់រុស្ស៊ី ក្រោយរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន។ ប្រទេសផ្សេងៗទៀតបានដឹងខ្លួនថា ពួកគេអាចប្រឈមនឹងបញ្ហាទូទាត់ប្រាក់ដូចប្រទេសរុស្ស៊ី ដែរនៅថ្ងៃខាងមុខ។ ដូច្នេះហើយ ពួកគេកំពុងខិតខំយ៉ាងខ្លាំង ដោយទី១ ប្រឹងទូទាត់ជារូបិយប័ណ្ណក្នុងស្រុក និងទី២ ប្រឹងបង្កើនទុនបម្រុងជាមាសជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក។

ជាការពិតណាស់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មហាយក្សចិន ដែលជាសមាជិកស្ថាបនិកនៃប្លុកប្រទេស BRICS បាននិងកំពុងសម្រុកទិញមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ឥតឈប់ឈរ ហើយក៏បានអំពាវនាវឱ្យប្លុកប្រទេស BRICS បង្កើនការទិញមាសទុកជាទុនបម្រុងជំនួសឱ្យប្រាក់ដុល្លារអាម៉េរិកផងដែរ ជាហេតុធ្វើឱ្យហាងឆេងមាសហក់ឡើងកាន់តែខ្ពស់ទៅៗ។ ដោយសារតែកត្តាទាំងប៉ុន្មានខាងលើ ក្រុមអ្នកជំនាញមើលឃើញថា នៅថ្ងៃអនាគត មាសអាចនឹងក្លាយជារូបិយប័ណ្ណថ្មីរបស់ពិភពលោកជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យធនាគារ និងហិរញ្ញវត្ថុរបស់មហាយក្សចិន មានស្ថានភាពយ៉ាងណាហើយនៅពេលនេះ?

ព័ត៌មាន
វិស័យធនាគារ និងហិរញ្ញវត្ថុនៅប្រទេសចិន កំពុងស្ថិតក្នុងស្ថានភាពមួយមានលក្ខណៈអាចទប់ទល់បាន។ សារព័ត៌មានធំៗបានរាយការណ៍ថា ប្រាក់កម្ចីថ្មីៗនៅក្ន…

រុស្ស៊ីទិញសព្វាវុធផលិតដោយឥណ្ឌា ក្នុងទំហំទឹកប្រាក់៤ពាន់លានដុល្លារ ដោយទូទាត់ជាប្រាក់រូពីរបស់ឥណ្ឌា

ព័ត៌មាន
ក្រុមអ្នកនាំចេញនៅក្នុងប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមធ្វើពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា ដោយប្រើប្រាក់រូពីរបស់ឥណ្ឌា កាលពីពេលថ្មីៗនេះបានចំណាយរហូតដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ