
អ្នកជំនាញការ និងជាអ្នកដឹកនាំទីភ្នាក់ងារអវកាសអឺរ៉ុប បានអះអាងថា នៅក្នុងរយៈពេល២០ឆ្នាំខាងមុខ មនុស្សនៅលើពិភពលោកនឹងមិនអាចរស់នៅដោយគ្មានការពឹងផ្អែក ឫទំនាក់ទំនងជាមួយនឹងលំហរអាវកាសបានឡើយ។ លោក ចូសេហ្វ អាសបាស័រ (Josef Aschbacher) អគ្គនាយកនៃទីភ្នាក់ងារអវកាសអឺរ៉ុប បានឲ្យដឹងថា កាលពី២០ឆ្នាំមុន គ្មាននរណាម្នាក់ធ្លាប់ស្រមៃពីការកំណើននៃការពឹងផ្អែករបស់មនុស្សលើអ៊ីនធឺណិតនោះទេ ប៉ុន្តែបច្ចុប្បន្នមនុស្សមានការពឹងផ្នែកខ្លាំងលើអ៊ីនធឺណិត ដូច្នេះលោកគិតថា សម្រាប់២០ឆ្នាំទៅមុខទៀតលំហរអវកាសអាចជាច្រក ឬជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ពិភពលោក។
ការអះអាងរបស់អ្នកជំនាញរូបនេះ អាចជាសក្ខីកម្មថ្មីមួយ ដែលមនុស្សគ្រប់គ្នាអាចយកមកបំពេញសេចក្តីសន្និដ្ឋាន ឫការទស្សន៍ទាយអំពីជោគវាសនា និងដំណើរការនៃការរីកចម្រើនរបស់មនុស្សជាតិពាក់ព័ន្ធនឹងពិភពលំហរអវកាស ដែលគេដឹងថា នៅក្នុងមួយឆ្នាំពលរដ្ឋអឺរ៉ុបម្នាក់ត្រូវចំណាយពន្ធប្រមាណ១០ដុល្លារសម្រាប់ទ្រទ្រង់ប្រតិបត្តិការរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ស្របពេលដែលជប៉ុន មានផែនការកសាងជណ្តើរអវកាស ហើយកំពូលសេដ្ឋីៗនៅលើពិភពលោករួមទាំងលោក អេឡិន ម៉ាស់ ក៏ចាប់អារម្មណ៍នឹងគម្រោងនេះដែរ។
នៅក្នុងមួយឆ្នាំៗទីភ្នាក់ងារអវកាសអឺរ៉ុប បានចំណាយថវិកាប្រមាណ៨ពាន់លានអឺរ៉ូ ឬជាង៨ពាន់៣រយលានដុល្លារ ខណៈទីភ្នាក់អវកាសរបស់សហរដ្ឋអាម៉េរិក បានចំណាយរហូតដល់២៦ពាន់លានដុល្លារ រីឯប្រទេសផ្សេងៗដូចជាចិន និងជប៉ុនសុទ្ធតែបានបង្កើនផែនការអភិវឌ្ឈអវកាស ដែលនេះសបញ្ជាក់ឱ្យឃើញថា អវកាសនឹងក្លាយជាចរន្តមួយដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច។
លោក ចូសេហ្វ បានអះអាងថា ទឹកប្រាក់មួយអឺរ៉ូៗ ដែលគេបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអវកាស ឬកម្មវិធីអវកាសត្រូវបានគេរំពឹងថា នឹងអាចផ្តល់ផលយ៉ាងហោចណាស់៥អឺរ៉ូត្រឡប់មកកាន់សេដ្ឋកិច្ចវិញនាពេលខាងមុខ។ ក្រៅពីបច្ចេកវិទ្យា ទីភ្នាក់ងារអវកាសអឺរ៉ុប ក៏កំពុងអភិវឌ្ឈលើវិស័យវេជ្ជសាស្រ ការស្រាវជ្រាវ និងច្រកសម្រាប់ធ្វើពាណិជ្ជកម្មផងដែរ៕
ដោយៈ សរ សុជាតិ