
បើតាមការគូសបញ្ជាក់របស់នាយិកាអង្គការអុកស្វាម កត្តាដែលជំរុញឱ្យស្ត្រី និងកុមារីចំណាយពេលវេលាច្រើនលើសលប់លើកិច្ចការផ្ទះ និងមើលថែទាំគ្រួសារ ក៏ដោយសារពួកគេគិតថា កិច្ចការទាំងនោះជាកាតព្វកិច្ចរបស់ពួកគេ។ តើការចំណាយពេលច្រើនរបស់ស្ត្រីលើកិច្ចការផ្ទះ និងមើលថែទាំគ្រួសារអាចជះផលប៉ះពាល់យ៉ាងណាដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចជាតិ? តើក្រសួងកិច្ចការនារីមានវិធានការយ៉ាងណាខ្លះ ដើម្បីដោះស្រាយលើបញ្ហានេះ?
លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានថ្លែងនៅក្នុងវេទិកាផ្សព្វផ្សាយស្ដីពី ការសិក្សាស្រាវជ្រាវ ការថែទាំ និងការងារផ្ទះរបស់អង្គការអុកស្វាមកាលពីថ្ងៃទី២៥ កុម្ភៈ ថា បច្ចុប្បន្នក្រសួងកិច្ចការនារីកំពុងសហការជាមួយបណ្ដាស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអង្គការអុកស្វាម ដើម្បីឱ្យការអនុវត្តប្រកបដោយរលូននូវកម្មវិធីស្តីពីសេដ្ឋកិច្ច និងសុខុមាលភាព។ ជាមួយគ្នានេះ ក្រសួងកិច្ចការនារីនឹងបញ្ជ្រាបការយល់ដឹងពីអត្ថប្រយោជន៍នៃសេដ្ឋកិច្ចថែទាំ ឬការគិតគូរពីសុខុមាលភាព ដើម្បីលើកកម្ពស់សមធម៌យេនឌ័រ។
ជាមួយគ្នានេះលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ការងារថែទាំមិនទទួលបានប្រាក់កម្រៃនេះ ជារណាំងធំមួយដែលអាចធ្វើឱ្យរាំងស្ទះដល់ស្រ្តី និងក្មេងស្រីក្នុងការទទួលបានការអប់រំ និងអនុភាពផ្នែកសេដ្ឋកិច្ច ពោលគឺអាចធ្វើឱ្យស្ត្រី និងក្មេងស្រីបាត់ឱកាសទៅធ្វើការ ដែលខ្លួនស្រលាញ់នៅខាងក្រៅ ខណៈរាជរដ្ឋាភិបាលកំពុងស្វែងរកដំណោះស្រាយលើបញ្ហានេះ។ បើតាមការអះអាងរបស់នាយិកាអង្គការអុកស្វាមរូបនេះ ការបាត់បង់ឱកាសរបស់ស្ត្រីភាគច្រើនក្នុងការចូលរួមធ្វើការនៅខាងក្រៅនេះ គឺជាផ្នែកមួយរួមចំណែកធ្វើឱ្យប៉ះពាល់ការអភិវឌ្ឍន៍ប្រទេសជាតិ។
បើយោងតាមរបាយការណ៍ស្រាវជ្រាវស្តីពីការងារថែទាំ និងការងារផ្ទះរបស់អង្គការអុកស្វាម ដែលរបាយការណ៍នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលទទួលមូលនិធិដោយស្ថានទូតអៀរឡង់ បានបង្ហាញថា ពេលវេលាដែលចំណាយដោយស្ត្រីលើកិច្ចការថែទាំផ្ទះ និងគ្រួសារមានការកើនឡើង ប៉ុន្តែគម្លាតនៃការបែងចែកការងាររវាងស្ត្រី និងបុរសមានការថយចុះខ្លាំង។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០ កន្លងទៅអង្គការអុកស្វាមបានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍មួយឈ្មោះ "Time to Care" ថា ស្ត្រីនៅលើពិភពលោករួមទាំងក្មេងស្រី ដែលមានអាយុលើស១៥ឆ្នាំ ដែលបានធ្វើការងារថែទាំមិនទទួលបានប្រាក់កម្រៃ បើគិតជាទឹកប្រាក់មានទំហំ១០,៨ទ្រីលានដុល្លារក្នុងមួយឆ្នាំ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា